ភ្នំពេញ៖ ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ លោក តែម ម៉ឺន បាន​បង្ហាញ​ការ​សោកស្តាយ ខណៈ​កីឡាករ​ជើង​ខ្លាំង​​របស់​កម្ពុជា​មួយ​ចំនួន ពិសេស​ម្ចាស់​មេដាយ​សំរឹទ្ធ​ជា​បងប្អូន​​បង្កើត ឡៅ ចិត្ត្រា និង ឡៅ ចន្ទ្រា សុទ្ធ​តែ​គ្មាន​ឈ្មោះ​នៅ​ក្នុងការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣១ នៅ​ចុង​ឆ្នាំ​ ២០២១ ​នេះ ព្រោះ​ប្រភេទ​ទម្ងន់​របស់​អ្នក​ទាំង​ ២ នេះ មិន​ត្រូវ​បាន​ម្ចាស់​ផ្ទះ​វៀតណាម ដាក់​បញ្ចូល​នោះ​ទេ។

សម្រាប់​​ប្រភេទ​កីឡា​គុន​ខ្មែរ ឬ​ហៅ​ថា Muay នេះ ម្ចាស់​ផ្ទះ​វៀតណាម​បាន​ដាក់​ ៩ ​ប្រភេទ​ទម្ងន់ ប៉ុន្តែ​កម្ពុជា​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដាក់តែ​ ៥ ប្រភេទ​ទម្ងន់​ទេ មាន​ទម្ងន់​​ ៨១ ​គីឡូក្រាម​ ៦៣,៥ ​គ.ក្រ ៦០ ​គ.ក្រ ៥៧​ គ.ក្រ និង​ទម្ងន់​​​ ៥៤ ​គ.ក្រ គឺ​គ្មាន​ប្រភេទ​ទម្ងន់​ ៦៧​ គីឡូ​ក្រាម​របស់ ឡៅ ចិត្ត្រា និង លន បញ្ញា ទម្ងន់​ ៧១ ​គីឡូក្រាម​របស់ ឡៅ ចន្ទ្រា និង ទម្ងន់​ ៥១ ​គីឡូក្រាម​របស់​ជើង​ខ្លាំង ខាំ ខ្លានាង នោះ​ទេ។

តែ​ទោះបី​ជា​យ៉ាង​ណា លោក តែម ម៉ឺន នៅ​តែ​មាន​ការ​ជឿជាក់​ថា ក្រុម​ប្រដាល់​គុន​ខ្មែរ​នៅ​តែ​អាច​ដណ្តើម​បាន​មេដាយ​ពី​ការ​ប្រកួត​ស៊ីហ្គេម លើក​នេះ។ «កីឡា​គុន​ខ្មែរ​របស់​យើង ​នៅ​តែ​ជា​ប្រភេទ​កីឡា​ ដែល​រំពឹង​​ខ្ពស់​ក្នុង​ការ​ដណ្តើម​បាន​មេដាយ​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម ​ហើយ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ ​សហព័ន្ធ​មាន​កំណែ​ទម្រង់​ឱ្យ​កាន់​តែ​ប្រសើរ​ដែល​ជ្រើសរើស​គ្រូ​បង្វឹក​ល្អៗ ​ពិសេស​បញ្ហា​វិន័យ​ ដោយ​យើង​បង្កើត​នូវ​សមាសភាព​ជា​គណៈកម្មការ​មួយ​ឈ្មោះ​ថា​ គណៈកម្មការ​ចំពោះ​កិច្ច ​ដើម្បី​ត្រួត​​ពិនិត្យ ​តាមដាន ​វាយ​តម្លៃ​ការ​ហ្វឹកហាត់ ​ត្រៀម​ឱ្យ​​បាន​ល្អ​»។

នៅ​ពេល​សួរ​ថា តើ​ការ​​បាត់​ប្រភេទ​ទម្ងន់​​​របស់ ​ឡៅ ​ចិត្ត្រា ​និង​ ​ឡៅ ​ចន្ទ្រា​ ធ្វើ​ឱ្យ​​កម្ពុជា​​បាត់បង់​ធនធាន​ឈ្នះ​មេដាយ​ឬ​ទេ​? ​លោក ​តែម ​ម៉ឺន​ ​បញ្ជាក់​ថា​៖ «យើង​មាន​ការ​សោកស្តាយ ដែល​ស៊ីហ្គេម​លើក​នេះ មិន​មាន​​ប្រភេទ​ទម្ងន់​របស់ ​ឡៅ ​ចន្ទ្រា និង ឡៅ​ ចិត្ក្រា​ ​ប៉ុន្តែ​នៅ​ក្នុង​ប្រភេទ​ទម្ងន់​ណា​ ក៏​យើង​ត្រូវ​តែ​ត្រៀម​ឱ្យ​​ល្អ ​ដើម្បី​ប្រកួត​ប្រជែង​ឱ្យ​​បាន​មេដាយ​ពី​​ស៊ីហ្គេម​ ហើយ​សម្រាប់​ប្រភេទ​ទម្ងន់​ ៥៤​, ៥៧​, ៦០, ៦៣,៥​ និង​ ៨១ ​គីឡូក្រាម​ គឺ​យើង​រំពឹង​​ឈ្នះ​បាន​មេដាយ​ត្រឡប់​មក​វិញ​»។

ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​រូប​នេះ បាន​បញ្ជាក់​ថា​៖​ «ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា​ គុន​ខ្មែរ​នឹង​រក​បាន​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​បន្ត​ទៀត​ជា​មិន​ខាន ​ហេតុ​នេះ​គណៈកម្មការ​ចំពោះកិច្ច​ដែល​នឹង​បង្កើត​ឡើង​នឹង​ជួយ​ក្នុង​កិច្ច​ការ​ហ្វឹកហាត់​ឱ្យ​​បាន​ល្អ​ទើប​ប្រកួត​ល្អ»​។​

ទាក់ទង​ទៅ​នឹង​គណៈ​កម្មការ​ចំពោះកិច្ច​នេះ ​លោក​ រាជ ​សុផែន​ អគ្គលេខាធិការ​រង និង​ប្រធាន​គណៈកម្មការ​ផែនការ ​និង​ឃោសនា​ព័ត៌មាន របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​ប្រាប់​បន្ថែម​​ថា គណៈ​កម្មការ​ចំពោះ​កិច្ច​នេះ ​មាន​ភារកិច្ច​តាមដាន​ការ​ហ្វឹកហាត់​ ដើម្បី​ពង្រឹង​សមត្ថភាព​​អ្នក​ប្រដាល់​ជម្រើស​ជាតិ ​សម្រួច​សម្រាប់​ ស៊ីហ្គេម​ ឆ្នាំ ២០២១​ និង​សម្រាប់​ឆ្នាំ​ ២០២៣​ ដែល​កម្ពុជា​ ធ្វើ​​ជា​ម្ចាស់​ផ្ទះ​។

ចំពោះ​ប្រភេទ​ទម្ងន់​ទាំង​ ៥ ​ដែល​កម្ពុជា​ត្រូវ​ដាក់​ទៅ​ប្រកួត​នៅ​ស៊ីហ្គេម​លើក​នេះ ក៏​ត្រូវ​ធ្វើ​ការ​ប្រកួត​នៅ​ក្នុង​ក្រុម​ផង​ដែរ ព្រោះ​ប្រភេទ​ទម្ងន់​ខ្លះ មាន​កីឡាករ​ ២ ទៅ ៣ នាក់​។ ជាក់​ស្តែង​ទម្ងន់​ ៦៣,៥ ​គ.ក្រ មាន​កីឡាករ ប៉ោ ភារិទ្ធ (យ៉េន ឌីណា) និង សោម ពិសិដ្ឋ រីឯ​ទម្ងន់​ ៥៤ ​គីឡូក្រាម​​ មាន ​រិន ​ដេវីដ​, កាន់ ​ម៉េងហុង ​និង ​ហ៊ឹម ​គឹមរៀង ហើយ​ទម្ងន់​ ៥៧ ​គីឡូក្រាម​ ​មាន​​កីឡាករ ​ប៊ុន​ គន្ធា​ (ប៊ុន ​សុធា)​ និង ​លី ​សុជាតិ​ ប៉ុន្តែ​ទម្ងន់​ ៦០ ​គីឡូក្រាម​​មាន​តែ​​ជើង​ខ្លាំង ឃុន បូរ៉ា (ឃីម បូរ៉ា) ម្នាក់​ទេ ចំណែក​ប្រភេទ​​ទម្ងន់​ ៨១ ​គីឡូក្រាម​​ក៏​មាន​តែ​បេក្ខភាព​ម្នាក់​ដែរ គឺ ព្រំ សំណាង៕