ភ្នំពេញ៖ គណៈកម្មាធិការជាតិ​រៀប​ចំការប្រកួត​កីឡាអាស៊ីអាគ្នេយ៍​ លើកទី៣២ ឆ្នាំ ២០២៣​ (CAMSOC) កាលពី​ចុងសប្តាហ៍​កន្លង​មកនេះ ​បាន​បើក​កិច្ចប្រជុំ​ពិសេសមួយ​ ដើម្បី​ប្រកាស​ពី​ការ​តែងតាំង​លោក​ព្រឹទ្ធ​បុរស​វេជ្ជបណ្ឌិត ​សុខ ​សារឿន ឱ្យ​ធ្វើ​​ជាប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ និង​ដូពីងនៃ​ CAMSOC​ ជំនួស​លោក​វេជ្ជ​បណ្ឌិត ​ស្តើង ​ជា ​ដែល​បានទទួល​មរណភាព ​ដោយ​កូវីដ ​១៩​ ហើយជាមួយគ្នា​នេះ លោក សុខ សារឿន បានប្តេជ្ញា​ថា ​នឹង​ប្រើ​ចំណេះ និង​ជំនាញ​របស់លោក ចូល​រួម​ជួយ​ដល់​វិស័យ​កីឡា នៅកម្ពុជា។ ​

លោក ​វ៉ាត់ ​ចំរើន ​អគ្គលេខាធិ​ការ​ CAMSOC ​​បាន​​ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​ថា​៖​ «នេះ​ជាកិច្ច​ប្រជុំ​របស់គណៈ​អចិន្ត្រៃយ៍​ ដឹកនាំដោយ​ឯកឧត្តមបណ្ឌិត ​ថោង ​ខុន ​ដើម្បី​ប្រកាស​តែង​តាំង ប្រធាន​គណៈកម្មការ​វេជ្ជសាស្ត្រ និង​ដូពីង ​អមគណៈកម្មាធិការ​ជាតិ ​CAMSOC ​បន្ទាប់​ពី​ទទួល​បាន​សេចក្តី​​សម្រេច​ពីសម្តេចពិ​ជ័យសេនា​ ទៀ បាញ់​ ប្រធាន​ CAMSOC ​កាល​ពី​ពេល​ថ្មីៗនេះ​»។

លោកបញ្ជាក់​ថា​៖​ «គណៈ​កម្មករ​មួយ​នេះ ​សំខាន់​ណាស់​ គឺ​ត្រូវ​តែ​បំបេញ​បន្ថែម​នូវ​វត្តមាន​អ្នក​មាន​ជំនាញ ​ដើម្បី​ប្រតិបត្តិការ​ ព្រោះ​ជា​លក្ខណៈ​ទាំង​ជាតិ ​និង​អន្តរជាតិ​ ហើយ​​លោក​ព្រឹទ្ធ​បុរស​​វេជ្ជបណ្ឌិត ​សុខ​ សារឿន នេះ គាត់​ធ្លាប់​មានបទពិសោធ និង​ជំនាញ​ច្បាស់​លាស់ ក្នុង​ការងារ​វេជ្ជសាស្ត្រ​កីឡា​»។

ជាមួយ​គ្នា​នេះ គណៈ​កម្មការ​វេជ្ជសាស្ត្រ និង​ដូពីង ​នឹង​បន្ត​ជួយដល់​ការថែរក្សា​សុខ​មាល​ភាព​​អត្តពលិក​ មន្ត្រី ​និង​ថ្នាក់​ដឹក​នាំ​កីឡា ​ព្រម​ទាំង​សហការ​ជាមួយ​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា​នៃ​ក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ​ដើម្បី​ថែទាំសុខភាព​ក្រុម​អត្តពលិក ​ក្នុង​ការ​ហ្វឹកហាត់ និង​ត្រៀមចេញ​ទៅប្រកួត​នៅ​ក្រៅ​ប្រទេស​ទៀត​ផង​។

អង្គ​ប្រជុំ ក្រោមការ​ដឹកនាំ​របស់​លោក​បណ្ឌិត ថោង ខុន ក្នុងពេល​តែងតាំង​លោក​​ព្រឹទ្ធ​បុរស​វេជ្ជបណ្ឌិត ​សុខ ​សារឿន។ រូប​ថត សហការី​

តាម​ប្រវត្តិ​រូប​ផ្លូវ​ការ​ពី​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា បាន​ឱ្យ​ដឹង​ថា លោក​ព្រឹទ្ធបុរស​វេជ្ជបណ្ឌិត​ សុខ​ សារឿន​ គឺ​ក្រោយ​ឆ្នាំ ​១៩៧៩​ លោក​បាន​ទៅ​រស់​នៅ​ជំ​រំ​កម្ពុជា​ថៃ​ និង​បាន​សិក្សា​ផ្នែក​ពេទ្យ ​នៅ​សហរដ្ឋ​អាមេរិក ​ហើយ​បច្ចុប្បន្ន​លោក​ជា​ព្រឹទ្ធ​បុរស ​នៃ​សាលា​ពេទ្យ​ និង​មាន​វិជ្ជា​ជីវៈ​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​កីឡា ​យល់​ដឹង​ពី​របប​អាហារ​របស់​កីឡាករ ​គឺ​ជា​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​។​

លោក ​សុខ ​សារឿន បាន​ថ្លែង បន្ទាប់ពី​ទទួល​បាន​តំណែង​ដ៏​សំខាន់​នេះ​​ថា​៖ «​ខ្ញុំ​ពេញ​ចិត្ត​នឹង​ចូល​រួម​ ក្នុង​សកម្មភាព​កីឡា ​ដោយ​​មាន​ឆន្ទៈ​ និង​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់ ​ដើម្បី​បន្ត​បំពេញ​បេសកកម្មថ្មីៗ​ សម្រាប់​វិស័យ​កីឡា​កម្ពុជា ​និង​ប្តេជ្ញា​​ ជួយបណ្តុះ​បណ្តាល ដល់​គ្រូបង្វឹក​ជម្រើសជាតិ​ផ្នែក​ វេជ្ជសាស្ត្រកីឡា ​កម្រិត​បឋម​ ​ដល់​វិទ្យាសាស្ត្រ​កីឡា ​និង​​វេជ្ជសាស្ត្រ​កីឡា ដើម្បី​បង្កើន​គុណផល​កីឡា ជាពិសេស​ជួយដល់​ការយល់​ដឹង ពី​របបអាហា​រូបត្ថម្ភ​របស់កីឡាករ កីឡាការិ​នី​ ដែលត្រូវ​ស្តា​ថាមពល កម្លាំង​ ឡើងវិញ ​មុន​ពេល​ហាត់​ មុន​ពេល​ប្រ​កួត ​និង​ក្រោយ​ពេល​ប្រ​កួត»​៕​