ភ្នំពេញ៖ ​លោក​​រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ ថោង​ ខុន ដែល​​ជាប្រធាន​គណៈកម្មការ​អន្ដរ​ក្រសួង​ត្រួត​ពិនិត្យ​បច្ចេកទេស​នៃ​ការ​សាងសង់​ពហុកីឡដ្ឋាន​ជាតិ​មរតកតេជោ​ កាល​ពី​ចុង​សប្តាហ៍ ​​បាន​ដឹកនាំ​ប្រតិភូ​ ១ ​ក្រុម ​ចុះ​ផ្ទាល់ ​និង​ជួប​ប្រជុំ​ជាមួយ ​លោក ​វ៉ូ គួឈ័ន​ ទីប្រឹក្សា​សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​នៃ​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា ​ដើម្បី​ស្ដាប់​សេចក្ដី​រាយការណ៍​អំពី​វឌ្ឍនភាព​នៃ​ការ​សាងសង់​ពហុកីឡដ្ឋាន​ថ្មី​នេះ ​ដែល​គ្រោង​បញ្ចប់​ការ​សាងសង់​ក្នុង​ខែ​សីហា ​ឆ្នាំ​ ២០២១​ ហើយ​តាម​ការ​​បូក​សរុប ​គឺ​ការ​សាងសង់​ទាំង​អស់​​បាន​សម្រេច​ ៩៥ ​ភាគរយ​ហើយ។

ពហុកីឡដ្ឋាន​ថ្មី​នេះ ​បាន​បើក​ការដ្ឋាន​សាងសង់​ដំណាក់​កាល​ទី១​ កាល​ពី​ថ្ងៃទី​ ១២​ ខែ​ មេសា ​ឆ្នាំ​ ២០១៣ ដោយ​គ្រោង​ចំណាយ​ថវិកា​សាងសង់​ចន្លោះ​ពី​​ ១០០ ​លាន​ ទៅ​ ២០០ ​​លាន​ដុល្លារ​អាមេរិក ដែល​ថវិកា​មួយ​ភាគ​ធំ ​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ប្រជាមានិត​ចិន​។ ​ពហុកីឡដ្ឋាន​នេះ​ ស្ថិត​នៅ​សង្កាត់​ព្រែកតា​សេក ​ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​ មាន​ចម្ងាយ ១២​ គីឡូម៉ែត្រ ពី​វត្តភ្នំ​ គឺ​សាងសង់​លើ​ផ្ទៃ​ដី​ទំហំ​ជាង​ ៨៥ ​ហិកតា​មាន​លក្ខណៈ​ទំនើប​ជាង​គេ​ក្នុង​ទ្វីប​អាស៊ី​។

ទិដ្ឋភាព​រួម​នៃ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ឈរ​លើ​ទស្សនទាន​បៃតង​ «Green Sport» ​ដោយ​មាន​សំណង់​អគារ​តែ​ ៣០ ​ភាគរយ​ប៉ុណ្ណោះ​ ហើយ ៧០ ភាគរយ​ទៀត ​ជា​តំបន់​បៃតង​ មាន​ដូច​ជាដើម​ឈើ ​ស្មៅ​ និង​ទឹក​ កាត់​បន្ថយ​បាន​ការ​ប្រើប្រាស់​ថាពល​អគ្គិសនី​ ដោយ​​ប្រើប្រាស់​បច្ចេកទេស​រចនា​ប្លង់ ដែល​មាន​ខ្យល់​ចេញ​ចូល​ និង​ពន្លឺ​ព្រះ​អាទិត្យ ​ចេញ​ចូល​គ្រប់​កន្លែង​។

ជាមួយ​នេះ ពហុកីឡដ្ឋាន​ធំ​​នេះ ក៏​មាន​សណ្ឋាគារ​ចំនួន​​ ៣៤ ​បន្ទប់, ហាង​លក់​ទំនិញ​សម្លៀក​បំពាក់​កីឡា​ឧបករណ៍ ​សម្ភារ​កីឡា​គ្រប់​ប្រភេទ​ និង​ផលិតផល​ផ្សេង​ៗ មាន​បំពាក់​កន្លែង​កម្សាន្ត​របស់​កុមារ​ មាន​សាល​ហាត់​កីឡាមួយ​ ពិសេស​កីឡដ្ឋាន​ធំ​នេះ គឺ​មាន​ច្រក​សុវត្ថិភាព​ច្រើន​ដែល​អាច​រំដោះ​មនុស្ស​ ៧ ម៉ឺន​នាក់​ ក្នុង​រយៈពេល​តែ​ ៧ នាទី​ប៉ុណ្ណោះ​។

នៅ​ពេល​ចុះ​ទៅ​ត្រួត​ពិនិត្យ​នោះ លោក ថោង ខុន​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ស្ថានទូត​ចិន ក៏​ដូច​ជា​ក្រុមហ៊ុន​សាងសង់​ ដែល​ធ្វើ​ឱ្យ​​វឌ្ឍនភាព​នៃ​ការ​សាងសង់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ​ក្លាយជា​និមិត្ត​រូប​នៃ​មិត្តភាព និង​សាមគ្គីភាព​ដ៏​យូរ​អង្វែង​នេះ បាន​លេច​ចេញ​ជា​រូបរាង​ឡើង​យ៉ាង​ល្អ​ប្រណីត​ ហើយ​សំណង់​ជា​ប្រវត្តិសាស្ដ្រ​ដ៏​អស្ចារ្យ​នេះ​ នឹង​ត្រូវ​ដាក់​ឱ្យ​​ប្រើប្រាស់​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣២ ​ឆ្នាំ​ ២០២៣​។

លោក វ៉ូ គួឈ័ន ​បាន​ធ្វើ​ការ​វាយ​តម្លៃ​ខ្ពស់ ចំពោះ​កិច្ចសហប្រតិបត្តិការ និង​ការ​យក​ចិត្ក​ទុក​ដាក់​របស់​ភាគី​កម្ពុជា ដែល​បាន​​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កម្មករ​ វិស្វករ​អ្នក​ជំនាញ​ទាំង​ចិន ​និង​កម្ពុជា ​ក្នុង​ការ​សាងសង់​នេះ ​មាន​សុវត្ថិភាព​ល្អ​។

លោក វ៉ូ គួឈ័ន ​បាន​​បញ្ជាក់​ក្នុង​របាយការណ៍​ថា៖ ​«សំណង់​កីឡដ្ឋាន​ធំ​ទាំង​អស់​នៃ​ពហុកីឡដ្ឋានជាតិ​មរតកតេ​ជោ​ បាន​រួច​រាល់​ជិត​អស់​ហើយ​ គឺ​ ៩៥ ​ភាគរយ​។ ​ចំណែក​ការ​បំពាក់​កៅអី​អង្គុយ​សរុប ៦ ​ម៉ឺន​កៅអី ក៏​សម្រេច​បាន​ ៨០ ភាគរយ​​ផង​ដែរ​ ហើយ​នៅ​សល់​ ២០ ភាគរយ​​ទៀត នឹង​ត្រូវ​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ។​ រី​ឯ​ស្មៅ​វិញ​ បាន​លូតលាស់​ល្អ និង​មាន​គុណភាព​ខ្ពស់​តាម​ការ​ចង់​បាន ពោល​គឺ​ជាទី​លាន​បាល់​ទាត់​ស្មៅ​ធម្មជាតិ​ស្ដង់ដា​អន្ដរជាតិ ត្រៀម​ស្វាគមន៍​ការ​ប្រកួត​ស៊ីហ្គេម ​ឆ្នាំ ២០២៣ ​នៅ​កម្ពុជា»​។

ចំណែក​លោក ​វ៉ាត់ ​ចំរើន ​អគ្គលេខាធិការ​ CAMSOC បាន​ប្រាប់​បន្ថែម​​​ថា​​៖​ «ការងារ​សេសសល់​ផ្សេង​ទៀត​នៃ​ការ​សាងសង់ ត្រូវ​បាន​ភាគី​ទាំង ២ លើក​មក​ជជែក​ក្នុង​កិច្ចប្រជុំ​នេះ ពិសេស​ការ​សាងសង់​ផ្ទាំង​និមិត្ត​រូប​សំណង់​នៃ​កីឡដ្ឋាន​ធំ ដែល​ជា​ជំនួយ​ឥត​សំណង​របស់​ចិន ដូច​ជា​ការ​​ធ្វើ​ស្លាក​សញ្ញា​នៃ​ការ​ថ្លែង​អំណរគុណ​ស្លាកសញ្ញា​ចំណង​មិត្តភាព​ ស្លាកសញ្ញា​នៃ​ប្រវត្តិ ​និង​ដំណើរការ​សាងសង់ ​ក៏ដូច​ជា​ស្លាកសញ្ញា និង​ជា​និមិត្តរូប​ផ្សេង​ទៀត ​ដែល​ភាគី​ទាំង ​២ បាន​ឯកភាព​គ្នា​នឹង​ធ្វើ​ក្នុង​ពេល​ឆាប់ៗ។​​ ​នៅ​សល់​ការ​តុបតែង ​និង​សម្អាត​ឱ្យ​​ស្អាត ​និង​ធ្វើ​របាយការណ៍​​បញ្ជប់​ការ​សាងសង់​នៅ​ខែ​សីហា​ ឆ្នាំ​ ២០២១ ខាង​មុខ​នេះ​»៕​