ភ្នំពេញ៖ អតីត​កីឡាការិនី​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា ​ហែម​ ថុនវិទីនី​ ត្រូវ​បាន​គណៈ​កម្មាធិការ​ជាតិប៉ារ៉ាឡាំពិក​កម្ពុជា ​ឬ​កីឡាជន​ពិការ​កម្ពុជា​ សម្រេច​​ផ្តល់​ឱ្យ​ជាប់​​ជា​គ្រូ​ជម្រើស​ជាតិ​ក្នុង​ឆ្នាំ ​២០២១ ​ហើយ​តួ​នា​ទី​ដ៏​មាន​សារ​សំខាន់​នេះ​ វា​ស័ក្តិ​សមទៅនឹង​ចំណេះ និងជំនាញរបស់ ​វិទីនី​ ដែល​មាន​បទ​ពិសោធជាមួយ​ក្រុមជម្រើសជាតិ​ចំនួន ​១៥ ​ឆ្នាំ និង​ក្រោយ​មក​ទៀត​ ​បាន​ក្លាយ​ជា​មន្ត្រី​​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ តាំង​ពី​ឆ្នាំ​ ២០១៨​។​​

នៅ​ក្នុង​រយៈ​ពេល​ដែល​ ហែម ​ថុនវិទីនី ​បាន​ឈប់​សម្រាក​ពី​​ក្រុមជម្រើសជាតិ​កីឡា​ហែល​ទឹកកម្ពុជា ​រួច​មក ​កញ្ញា ​តែង​តែ​ស្ម័គ្រ​ចិត្ត ចូល​រួម​ធ្វើ​​ជា​គ្រូ​បង្វឹក​ឱ្យ​​វិស័យ​ឯក​ជន ​និង​អង្គការ​កីឡាជន​ពិការ ​នៅ​​ក្រៅ​ម៉ោង​ការងារ ​ជា​ប្រចាំ​ រហូត​ទទួល​បាន​ជា​គ្រូ​បង្វឹក ​នៅ​ឆ្នាំ​ ២០២១ ​នេះ​។​

លោក ​ម៉ៅ ​សុខជា ​នាយក​រដ្ឋបាល​ នៃ​អង្គការ​ជន​ពិការ ​បាន​​ប្រាប់​ថា​៖ «​អតីត​កីឡាការិនី​ហែល​ទឹក​ជម្រើស​ជាតិ​ ហែម ​ថុនវិទីនី ​ត្រូវ​បាន​គណៈ​កម្មាធិការ​ជាតិ​ប៉ារ៉ា​ឡាំ​ពិកកម្ពុជា ​ដែល​មាន​ឯក​ឧត្តម ​យី ​វាសនា ជា​អគ្គ​លេខាធិការ​ បាន​សម្រេច​ផ្តល់​ជូននូវ​​តួនាទី​ ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ ​សម្រាប់​ឆ្នាំ​ ២០២១ ​នេះ​ ដើម្បី​បង្វឹក​ដល់​អត្តពលិក​ជន​ពិការ​កម្ពុជា ​ដែល​ត្រៀម​ទៅ​ចូល​រួម​ការ​ប្រកួត​អាស៊ានប៉ារ៉ាហ្គេម ​នៅ​ប្រ​ទេស​វៀត​ណាម ចុងឆ្នាំ ​២០២១​ នេះ»​។​

លោក ​ម៉ៅ​ សុខជា​ បាន​បន្ថែម​ថា​៖ «​សមត្ថភាព​របស់​អតីត​កីឡាការិនី​ ហែម​ ថុនវិទីនី ​ គឺ​មិន​ត្រឹមតែ​មាន​ទេព្យ​កោសល្យ​ល្អ​ ក្នុង​ការ​បង្វឹក​ប៉ុណ្ណោះ​​ទេ ប៉ុន្តែ​កញ្ញា ថែមទាំង​​មាន​ចំណេះ​ដឹង​ទូទៅ ​ទាក់​ទង​ទៅ​នឹង​ការងារ​រៀប​ចំ​ខ្លួន​របស់​កីឡាករ កីឡាការិនី ​ក្នុង​ការ​ត្រៀម​ ទៅ​ចូល​រួម​ការ​ព្រឹត្តិការណ៍​ប្រ​កួត​ថ្នាក់​ជាតិ ​និង​អន្តរជាតិ ​នានា ផងដែរ»​។​

ហែម ថុនវិទីនី ពេល​ធ្វើជា​ពិធីការិនី នៅ​ក្នុង​ការ​ប្រកួតកីឡាហែល​ទឹក ដែល​បាន​ធ្វើ​ឡើង កាល​ពី​ដើម​ឆ្នាំ​ ២០២១។ រូប​ថត សហការី

​ហែម ​ថុនវិទីនី​ ​ជា​ចៅ​បង្កើត​របស់​លោក​ព្រឹទ្ធាចារ្យ​ ហែម​ ថុន​ ដែល​ជា​កូន​ទោ​ល ​កំព្រា​ឪពុក​ និង​មាន​ម្តាយ​ពិការ ​ផង​ដែរ ​ប៉ុន្តែ​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ពី​លោក​តា ​ហែម ​ថុន ​គឺ​បាន​ជំរុញ​ឱ្យ​ក្មេង​ស្រី​ដ៏ស្រស់សោភា​ម្នាក់នេះ មាន​ការ​ហ្វឹក​ហាត់​តាំង​ពី​កុមារភាព ​និង​បាន​ជាប់​ជា​កីឡាការិនី​ហែល​ទឹក​ជម្រើស​ជាតិ​ ​តាំង​ពី​ឆ្នាំ​ ២០០៣ ​ដល់​ឆ្នាំ​២០១៨​ និង​មាន​បទពិសោធ​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍​អន្តរជាតិ​ធំៗ​ជា​ច្រើន ហើយ​ការ​ប្រកួត​កីឡា​អូឡាំពិក ​នៅ​ប្រទេស​ប្រេស៊ីល​ ឆ្នាំ ​២០១៦ ជាការ​ចូល​រួមចុងក្រោយ​របស់ វិទីនី មុនពេល​កញ្ញា​ ចូលនិវត្តន៍។​

​ហែម ​ថុនវិទីនី​ ដែល​​កំពុងចាប់យក​ជំនាញជាពិធីការិនីកីឡា​ទៀត​នោះ បាន​និយាយ​ថា៖​ «សម្រាប់​ការ​ប្រ​កួត​ជើង​ឯក​ជាតិ​ប្រចាំ​ឆ្នាំ​ ក្នុង​ប្រទេស​ ឬ​ព្រឹត្តិការណ៍​ប្រ​កួត​ផ្សេងៗ​ នៅ​ក្នុង​ស្រុក ​ខ្ញុំ​តែង​ដណ្តើម​បាន​ចំណាត់​ថ្នាក់​លេខ​ ១​ សឹង​គ្រប់​កម្ម​វិធី​។​ ​ចំណែក​​លទ្ធផល​ការ​ប្រកួត​នៅ​លើ​ឆាក​​អន្តរជាតិ ​វិញ​ ពិត​ជា​លំបាក​ស្វែង​រក​ណាស់​ ពោល​គឺ​លទ្ធផល​ មិន​បាន​ល្អ​ទេ​ ​ព្រោះ​កីឡា​ប្រភេទ​នេះ​ នៅ​អន្តរជាតិ ​គេ​ល្អ​ជាង​យើង​ដាច់​តែ​ម្តង»​។​

នៅ​ក្នុង​ទស្សនៈ​ជា​គ្រូ​បង្វឹក​ ហែម​ ថុនវិទីនី​ បាន​អះអាង​ថា​៖ «​ជំនាន់​ខ្ញុំ ​មិន​ទាន់​អាច​ដណ្តើម​បាន​ជយ​លាភី​ល្អ ​លំដាប់​អន្តរជាតិ​ធំៗ ​ជូន​ជាតិ​មាតុ​ភូមិ​នៅ​ឡើយ ​ប៉ុន្តែ​ដោយ​​ខ្ញុំ​បាន​ជាប់​ជា​គ្រូ​បង្វឹក ​ខ្ញុំ​មាន​ទឹក​ចិត្ត​ ព្រម​ទាំង​មាន​គោល​បំណង ​ចង់​បង្វឹក​អត្តពលិក​ជំនាន់​ក្រោយ​ ទោះ​ជា​កីឡាករ​ជន​ពិការ ​ឬ​​អត្តពលិក​ធម្មតា ឱ្យ​​​ដណ្តើម​បាន​លទ្ធផល​ល្អ ​ជាង​ជំនាន់​ខ្ញុំ កាល​​នៅ​ជា​អត្តពលិក​»។

​​គ្រូ​បង្វឹក​វ័យក្មេង ដែល​មាន​ឈាមជ័រ ជាអ្នក​ហែល​ទឹក ហែម​ ថុនវិទីនី​ ​បាន​​បន្ថែម​ថា​៖ «​ខ្ញុំ​ទទួល​បាន​ការ​លើក​ទឹក​ចិត្ត​ពី​ឯក​ឧត្តម ​យី ​វាសនា ​អគ្គ​លេខាធិការ​កីឡាជន​ពិការ ឱ្យ​ធ្វើ​​ជា​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិកីឡាហែល​ទឹក​ជនពិការ​​ ឆ្នាំ​ ២០២១​ នេះ ​ហើយ​ឯក​ឧត្តម​ទេស​រដ្ឋ​មន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន ស៊ុន​ ចាន់ថុល ដែលជា​ប្រធានសហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក ក៏​​បាន​ឯក​ភាព ​និង​ជំរុញ​​លើក​ទឹក​ចិត្ត​​ដល់​ខ្ញុំ ផង​ដែរ»៕​​