ភ្នំពេញ៖ កីឡាករ វៀត ប៊ុនឌឿន នៅតែមិនអស់ចិត្ត និងចង់សុំឡើងប្រកួតសងសឹកជាមួយអ្នកប្រដាល់ជើងចាស់ ម៉ន សាម៉ត ជាថ្មីម្តងទៀត ខណៈការជួបគ្នាជាលើកទី៦ រូបគេនៅតែមិនអាចរកឃើញការឈ្នះលើ សាម៉េត បាននោះ គឺអ្នកទាំង ២ នេះ បានត្រឹមស្មើពិន្ទុគ្នា តាមច្បាប់របស់ Mas Fight របស់សង្វៀនថោន គឺបើគ្មានអ្នកសន្លប់ ក្រោយប្រកួត ៩ នាទីពេញ ត្រូវកំណត់ឱ្យស្មើគ្នា។
យ៉ាងណាក៏ដោយ នៅក្រោយការប្រកាសលទ្ធផលក្នុងការប្រកួតយ៉ាងស្វិតស្វាញ កាលពីថ្ងៃអាទិត្យនោះ វៀត ប៊ុនឌឿន នៅតែប្រតិកម្មចំពោះលទ្ធផលរបស់ខ្លួន ដែលមិនទាន់ស្គាល់ឈ្នះបានម្តងសោះ ព្រោះនៅក្នុងជំនួប ៦ លើក ជាមួយ ម៉ន សាម៉ត គេបានចាញ់ ៥ និងស្មើ ១ ដង លើកនេះ ហេតុនេះ ប៊ុនឌឿន នៅតែមិនអស់ចិត្ត ចំពោះលទ្ធផលស្មើនេះ ដោយរូបគេបានស្នើសុំសងសឹក ម៉ន សាម៉េត ជាថ្មីម្តងទៀត ខណៈការជួបគ្នាលើកនេះ ក៏កើតចេញពីការស្នើសុំរបស់ វៀត ប៊ុនឌឿន ផងដែរ ក្រោយពេលរូបគេឡាំប៉ា មិនសុខចិត្តចំពោះការសម្រេចឱ្យចាញ់ ម៉ន សាម៉េត នៅសង្វៀនបាយ័ននោះ។
វៀត ប៊ុនឌឿន បានប្រាប់ក្រោយការប្រកួតថា៖ «ខ្ញុំនៅតែចង់សងសឹកជាមួយ ម៉ន សាម៉េត លើកក្រោយទៀត ព្រោះខ្ញុំចាញ់នៅតែមិនអស់ចិត្តទេ»។ ប៊ុនឌឿន បន្ថែមថា៖ «អ្នកគាំទ្រខ្ញុំភាគច្រើន នៅតែមិនអស់ចិត្តទេ ហើយពួកគាត់បានលើកទឹកចិត្តខ្ញុំឱ្យសុំសងសឹក ជាមួយ ម៉ន សាម៉េត ម្តងទៀត»។
ចំណែក ម៉ន សាម៉េត បាននិយាយថា៖ «វៀត ប៊ុនឌឿន ធ្លាប់ប្រកួតចាញ់ខ្ញុំចំនួន ៥ លើក តែគាត់មិនព្រមអស់ចិត្ត ព្រោះសមត្ថភាពវាប្រហាក់ប្រហែលគ្នា។ ខ្ញុំនៅតែផ្តល់ឱកាសឱ្យគាត់មកសងសឹក គឺមិនញញើតទេ ប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយ គឺត្រូវសម្រកទម្ងន់ឱ្យស្មើគ្នាមក កុំឱ្យលើសទម្ងន់គ្នា ហើយបើធ្វើបាន ខ្ញុំធានាវ៉ៃជូនតាមសំណើ»។
ម៉ន សាម៉េត បានចំអកទៅឱ្យអ្នកគាំទ្ររបស់ ប៊ុនឌឿន ថា៖ «ប៊ុនឌឿន មិនសូវប៉ុន្មានទេ ប៉ុន្តែអ្នកគាំទ្រគាត់មួយចំនួននិយាយមិនសមរម្យ គឺពេលចាញ់ក៏ជេរ ពេលស្មើ ក៏ជេរ តែខ្ញុំជាអ្នកប្រកួតមិនមែនខ្ញុំដាក់ពិន្ទុខ្លួនឯងទេ! គាត់មានជំនាញកែង និងទាត់ល្អ អាចធ្វើឱ្យគេចុះចាញ់ និងសន្លប់បានសម្រាប់តែអ្នកទន់ជ្រាយប៉ុណ្ណោះ ប៉ុន្តែសម្រាប់ខ្ញុំគឺ បើធ្វើទម្ងន់ស្មើគ្នាវិញ វ៉ៃប៉ុន្មានដងទៀត ក៏មិនអាចឈ្នះខ្ញុំបានដែរ»។
ដោយឡែក សម្រាប់ការប្រកួតដណ្តើមប្រាក់លាន កាលពីថ្ងៃអាទិត្យ នោះដែរកីឡាករ អេលីត មករា ដែលរំពឹងឈ្នះដៃគូនោះ បានត្រឹមលេខ ២ ដោយសារជ័យជម្នះបានទៅលើជើងថ្មីខ្ចីវស្សាជាងគេ ឯម ដារ៉ូ ដោយការសម្រេចឱ្យឈ្នះមិនឯកច្ឆន្ទ ៣-២ ខណៈជើងខ្លាំងថ្មី ស៊ឹម ប៊ុន និងជើងចាស់ ផាន រះ បានដោយសន្លប់ក្នុងទឹក ២ វគ្គជម្រុះដូចគ្នា។
តែទោះយ៉ាងណា អេលីត មករា ហាក់មិនពេញចិត្តជាមួយការសម្រេចនេះទេ ដោយរូបគេបាននិយាយក្រោយប្រកួតថា៖ «ខ្ញុំចាញ់មិនអស់ចិត្ត ព្រោះពិន្ទុនេះ គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែចៅក្រមបានផ្តល់ឱ្យអ៊ីចឹង តែខ្ញុំមិនតវ៉ាអ្វីទេ។ មុនប្រកាសលទ្ធផល ខ្ញុំមានជំនឿចិត្តឈ្នះ ប៉ុន្តែពេលប្រកាសខ្ញុំខកចិត្ត»។
ចំណែកកីឡាករ ឯម ដារ៉ូ និយាយថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ព្រោះមុនប្រកាសលទ្ធផល ខ្ញុំនៅមិនទាន់ប្រាកដថា ឈ្នះនៅឡើយ ដ្បិតអីការប្រកួតវ៉ៃទៅវ៉ៃមក ដូចជាប្រហាក់ប្រហែលគ្នា។ ខ្ញុំប៉ះគាត់ជាលើកទី១ បានឈ្នះ ចំណែក ផាន រះ និង ស៊ឹម ប៊ុន ខ្ញុំធ្លាប់ឈ្នះអស់ហើយ»៕