ភ្នំពេញ៖ ​ប្រទេស​វៀតណាម ដែល​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី៣១ ឆ្នាំ​ ២០២១ ​នេះ ​បាន​​ផ្ញើ​លិខិត​ផ្លូវ​ការ​ទៅ​កាន់​គណៈកម្មាធិការ​ជាតិ​អូឡាំពិក របស់​ប្រទេស​ទាំង​អស់​នៅ​ក្នុង​តំបន់​អាស៊ាន ដើម្បី​ប្រាប់​ពី​បំណង​របស់​ខ្លួន​ដែល​ចង់​ពន្យារពេល ឬ​លើក​ពេល​ការ​ប្រកួត​នេះ ទៅ​ធ្វើ​នៅ​ឆ្នាំ​ ២០២២ ​វិញ។ នេះ​បើ​តាម​មន្រ្តី​ជំនាញ​របស់ NOCC បាន​ប្រាប់​កាល​ពី​​ថ្ងៃ​អង្គារ​។

លោក វ៉ាត់ ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ​បាន​ប្រាប់​ថា​៖ «​លោក ​Nguyen Ngoc Thien ​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌​កីឡា​ និង​​ទេសចរណ៍​ប្រទេស​វៀតណាម​ បាន​ប្រកាស​មិន​ដក​ថយ​នៃ​ការ​រៀបចំ ​ប៉ុន្តែ​បាន​ផ្ញើ​លិខិត​ជា​ផ្លូវ​ការ​ទៅ​បណ្ដា​ប្រទេស​សមាជិក​នៅ​អាស៊ាន​ស្ដីពី​ការ​ត្រៀម​ពន្យារពេល​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី៣១ នៅ​ក្នុង​​រដ្ឋធានី​ហាណូយ​ ចុង​ឆ្នាំ ២០២១ ​ទៅ​ធ្វើ​នៅ​ពេល​ក្រោយ​តាម​លទ្ធភាព​ជាក់​ស្តែង​នៅ​ពេល​​ស្ថានភាព​ជំងឺ​​កូវីដ​ ១៩ បាន​​ធូរស្រាល»​។

គួររំឭក​ថា កាល​ពី​ចុង​ខែ​ឧសភា ឆ្នាំ​ ២០២១ ម្ចាស់​ផ្ទះ​វៀតណាម​បាន​បញ្ជាក់​ពី​ជំហរ​​របស់​​ខ្លួន​ និង​ប្តេជ្ញា​ចិត្ត​ខ្ពស់​ថា នឹង​ព្យាយាម​រៀបចំ​ការ​ប្រកួត​​ស៊ីហ្គេម​លើក​ទី​៣១ ​ឆ្នាំ​ ២០២១ ទៅ​តាម​កាល​បរិច្ឆេទ ដែល​គ្រោង​ធ្វើ​ឡើង​ពី​ថ្ងៃទី ២១ ខែ​វិច្ឆិកា ដល់​ថ្ងៃទី ២ ខែ ធ្នូ ឆ្នាំ ២០២១ ប៉ុន្តែ​​ពេល​នេះ អ្វីៗ​អាច​នឹង​​ប្រែប្រួល។

លោក ​វ៉ាត់ ​ចំរើន ​ដែល​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​ ២០២៣ ផង​នោះ បាន​​បន្ថែម​ថា​៖ «​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​វៀតណាម​បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ថា​ នឹង​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​លើក​ទី៣១ ​នៅ​ទីក្រុង​ហាណូយ​ ឱ្យ​បាន​ដាច់​ខាត ប៉ុន្តែ​ពេល​នេះ​អ្វីៗ ​ទំនង​ត្រូវ​​ផ្លាស់​ប្ដូរ ​និង​​ពន្យារពេល​ដោយ​​បញ្ហា​កូវីដ ១៩ ​ឆ្លង​ផ្ទុះ​ឡើង​យ៉ាង​គំហុក»​។

យ៉ាង​ណា​ក៏​ដោយ ​ប្រធាន​បទ​នៃ​ការ​សុំ​ពន្យារពេល​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ ​២០២១ ​នេះ នឹង​ត្រូវ​លើក​យក​មក​ពិភាក្សា​នៅ​ថ្ងៃ​ពុធ​នេះ។ លោក វ៉ាត់ ចំរើន​ បាន​បញ្ជាក់​ថា៖​ «គណៈកម្មាធិការ​អូឡាំពិក​​វៀតណាម មាន​បំណង​ចង់​ពន្យារពេល​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ ​២០២៣ ​នេះ រហូត​ដល់​ខែ​កក្កដា ឆ្នាំ​ ២០២២ ប៉ុន្តែ​ត្រូវ​ដាក់​បញ្ហា​នេះ ​ទៅ​ក្នុង​អង្គ​ប្រជុំ​គណៈអចិន្ត្រៃយ៍​សហព័ន្ធ​កីឡា​អាស៊ី​អាគ្នេយ៍ ដើម្បី​សួរ​យោបល់​សិន មុន​នឹង​សម្រេច ហើយ​ការ​ប្រជុំ​បន្ទាន់​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​រសៀល​ម៉ោង​ ១ ថ្ងៃ​ពុធ​នេះ តាម​ប្រព័ន្ធ Zoom»។

គួរ​បញ្ជាក់​ថា តាម​គម្រោង​ចាស់ ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣១ ​ចុង​ឆ្នាំ​ ២០២១ ​នេះ ​​នឹង​ត្រូវ​​ធ្វើ​នៅ​ពហុកីឡដ្ឋាន​​ MY DINH ​National ​Stadium ដោយ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ​និង​បិទ​ការ​ប្រកួត​នៅ​ថ្ងៃទី​ ២ ខែ ធ្នូ​ ឆ្នាំ​ ២០២១ ហើយ​ព្រឹត្តិការណ៍​នេះ​ម្ចាស់​ផ្ទះ​វៀតណាម​បាន​​ដាក់​ប្រភេទ​កីឡា​ចំនួន​ ​៤០​ សរុប​​មាន​​ ៥២៦ ​វិញ្ញាសា ដើម្បី​ឱ្យ​ប្រតិភូ​កីឡា​ទាំង​ ១១ ​ប្រទេស នៅ​ក្នុង​តំបន់​​អាស៊ីអាគ្នេយ៍​ធ្វើ​ការ​ប្រកួត​​ប្រជែង​គ្នា។

ជាមួយគ្នា​នេះ កម្ពុជា​គ្រោង​បញ្ជូន​ប្រភេទ​កីឡា​រហូត​ដល់​ ៣២ ដើម្បី​ទៅ​ចូលរួម​ប្រកួត​នៅ​ស៊ីហ្គេម​លើកទី​៣១ នេះ ហើយ​ប្រភេទ​កីឡា​ទាំង​ ៣២ រួម​មាន​កីឡា​ប៉េតង់ តេក្វាន់ដូ (WT) ប្រដាល់​គុន​ខ្មែរ (Muay) ជឺជិតស៊ូ កីឡា​ចំបាប់ វ៉ូវីណាម ប្រដាល់​សកល ប្រដាល់​ឃីកប៊ុកស៊ីង កាយ​វប្បកម្ម វាយ​កូនបាល់ អត្តពលកម្ម ហែល​ទឹក កីឡា Finswimming បាល់​ទាត់ (លេង​ ១១ នាក់ និង​ហ្វុតសាល) បាល់​ទះ បាល់​បោះ ទូកកានូ-កាយ៉ាក វ៉ូស៊ូ​ ទោចក្រយាន​ កីឡារាំ គុនដាវ វាយ​កូនគោល កាយ​សម្ព័ន្ធ យូដូ ការ៉ាតេ សីប៉ាក់តាក្រ កីឡា​លើក​ទម្ងន់ បាញ់​កាំភ្លើង វាយ​កូន​ឃ្លី​លើតុ ទ្រីយ៉ាត្លុង កីឡា​អេឡិចត្រូនិក និង​ប្រភេទ​កីឡា​អុកចត្រង្គ៕