ភ្នំពេញ៖ ​ចំណាត់​ការ​ថ្មី​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​តម្រូវ​ឱ្យ​គ្រប់​សហព័ន្ធ​កីឡា​ជាតិ ​រួម​ទាំង​​ការិយាល័យ​​ នាយកដ្ឋាន​ អគ្គនាយកដ្ឋាន​ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ និង​ទីតាំង​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​រើ​ចេញ​ទាំង​អស់​ ដើម្បី​រើ​ទៅ​ស្តាត​ថ្មី ឬ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ​នៅ​ឯ​សង្កាត់​ព្រែក​តាសេក ​ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​។

ចំណាត់​ការ​នេះ​ ត្រូវ​បាន​អនុវត្ត​ឱ្យ​អស់​ក្នុង​សប្តាហ៍​នេះ​ ដើម្បី​រៀបចំ​ដាក់​គ្រែ​សម្រាប់​ព្យាបាល​អ្នក​មាន​ផ្ទុក​ជំងឺ​កូវីដ​ ១៩​ ខណៈ​ដែល​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ បាន​ផ្តល់​ពហុកីឡដ្ឋាន​ជាតិ​នេះ ជូន​ទៅ​​ក្រសួង​សុខាភិបាល​។ ​កាល​ពី​មុន​ផ្ទុះ​ជំងឺ​កូវីដ ​១៩ នៃ​ព្រឹត្តិការណ៍​ ២០ ​កុម្ភៈ គឺ​​មាន​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​អាច​នៅ​​ប្រើប្រាស់​បាន​ជាមួយ​ការិយាល័យ​ និង​នាយកដ្ឋាន​ខ្លះ ​ប៉ុន្តែ​លើក​នេះ ​ប្រកាស​ឱ្យ​​គ្រប់​ស្ថាប័ន និង​​ភាគី​ពាក់ព័ន្ធ​ក្នុង​សកម្មភាព​កីឡា នៅ​​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​ទាំង​មូល ​ត្រូវ​រើ​ចេញ​ទៅ​ស្តាត​ថ្មី​ទាំង​អស់​។​

លោក ​ហ៊ុន ​សាមុត ​ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ ​និង​កិឡា ​ដែល​ជា​អង្គភាព​គ្រប់គ្រង​ពហុកីឡដ្ឋាន​ជាតិ​បាន​ប្រាប់​ថា​៖ «​កាល​ពី​លើក​មុន​ នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​នេះ ​ត្រូវ​បាន​ក្រសួង​សុខាភិបាល​យក​សម្រាប់​ប្រើប្រាស់​ ​​ដើម្បី​ព្យាបាល​អ្នក​ផ្ទុក​ជំងឺ​កូវីដ​ ១៩ ​មិន​ទាំង​ស្រុង​ទេ ​គឺ​នៅ​មាន​ការិយាល័យ​, នាយកដ្ឋាន​ និង​ទីតាំង​សហព័ន្ធ​កីឡា​ជាតិ​ខ្លះ ​នៅ​ធ្វើ​សកម្មភាព​បាន»​។

លោក​បាន​បន្ថែម​ថា៖ ​«ប៉ុន្តែ​ពេល​នេះ​ ជា​ចំណាត់​ការ​ថ្នាក់​លើ​ ដែល​បាន​សម្រេច​ឱ្យ​​ស្ថាប័ន​​កីឡា​ ដែល​ធ្លាប់​មាន​ទីតាំង​នៅ​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​ទាំង​អស់​ ត្រូវ​បាន​អនុញ្ញាត​​ឱ្យ​​ចេញ​ទាំង​​អស់ ​ដោយ​ប្រគល់​បរិវេណ​ពហុកីឡដ្ឋាន​ជាតិ​ទាំង​មូល​ ជូន​ទៅ​​ក្រសួង​សុខាភិបាល​គ្រប់គ្រង ​ដែល​នេះ​​ជា​គោល​នយោបាយ​ថ្នាក់​លើ​។​ ​តែ​ទោះ​បីយ៉ាង​ណា​ ខ្ញុំ​ក៏​នៅ​អាច​ស្នើ​សុំ ​ដើម្បី​អនុញ្ញាត​​មាន​ការិយាល័យ​មួយ ​ដើម្បី​សម្រាប់​មើល​ថែទាំ​ស្តាត​ដែរ»​។​​

ចំណែក​លោក ​ហែម ​គីរី​ អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​បាន​ប្រាប់​​ថា​៖ «​ទីតាំង​បរិវេណ​ហែល​ទឹក​ និង​ស្នាក់ការ​​របស់​សហព័ន្ធ ​​ត្រូវ​បាន​ឱ្យ​​រើ​ចេញ​ទៅ​ស្តាត​ថ្មី​មរតក​តេជោ​ទាំង​អស់​ គឺ​​គ្មាន​ប្រភេទ​កីឡា​ណា​ អាច​បន្ត​សកម្មភាព​នៅ​​ក្នុង​ស្តាត​អូឡាំពិក​​នេះ​ទៀត​ទេ ​សូម្បី​តែ​​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ និង​អគារ​អង្គភាព​កីឡា​ក្រសួង​មហាផ្ទៃ​ក៏​ត្រូវ​តែ​ចេញ​ទាំង​អស់​ដែរ»​។​

ប្រភព​ពី​មន្ត្រី​សហព័ន្ធ​កីឡាជាតិ​មួយ​ចំនួន​​បាន​ប្រាប់​ដោយ​សុំ​មិន​ឱ្យ​​បញ្ចេញ​​ឈ្មោះ​​ថា ​​ការ​ឱ្យ​ចេញ​គ្រប់​សហព័ន្ធ​កីឡា​ជាតិ​ទាំង​អស់​អ៊ីចឹង​ក៏​ល្អ​ម៉្យាង​ដែរ​ ព្រោះ​កន្លង​មក​នៅ​​ក្នុង​ពហុកីឡដ្ឋាន​ជាតិ​​នេះ ការ​ប្រើប្រាស់​កន្លែង​ខ្លះ​ មិន​ចំ​ប្រយោជន៍​កីឡា​នោះ​ទេ​។ ​​កន្លែង​ខ្លះ​យក​លេស​ធ្វើ​សកម្មភាព​កីឡា​ ប៉ុន្តែ​បែរ​ជា​យក​កន្លែង​នោះ សម្រាប់​​លក់​ដូរ ​ឬ​ធ្វើ​អាជីវកម្ម​យក​លុយ​ដាក់​ហោ​ប៉ៅ​រៀងៗ​ខ្លួន​មាន​ទាំង​​ប្រពន្ធ​កូន ​និង​ចៅ ​មក​រស់​នៅ​ប្រើប្រាស់​ទឹក​ភ្លើង​យ៉ាង​ខ្ជះខ្ជាយ ​ហើយ​ក្រសួង​ជា​អ្នក​ចេញ​លុយ​ទាំង​អស់​។

ប្រភព​ដដែល​បញ្ជាក់​ថា៖ «នៅ​​ក្នុង​សម័យ​កូវីដ ​១៩​ នា​អំឡុង​​ពាក់​កណ្តាល​ឆ្នាំ​ ២០២០​ ដែល​សកម្មភាព​កីឡា​សឹង​តែ​គ្មាន​សោះ​នោះ ​ប៉ុន្តែ​ទំហំ​ប្រើប្រាស់​ទឹក​ភ្លើង ​ឡើង​ដល់​កំពូល​ ខណៈ​ដែល​ម៉ាស៊ីន​ត្រជាក់​កន្លែង​ខ្លះ​បើក​ ២៤ ​ម៉ោង ​ដូច​ជា​គ្មាន​អាសូរ​លុយ​រដ្ឋ​អី​បន្តិច​សោះ»​៕​