ភ្នំពេញ៖ អ្នកប្រដាល់ចិត្តធំ ជាម្ចាស់ខ្សែក្រវាត់ ២ ស្ថាប័ន របស់សមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ធន់ ចាន់តាក់ បាននិងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត បន្ទាប់ពីមានរបួសធ្ងន់ធ្ងរ ក្នុងការប្រកួតជាមួយកីឡាករ មុត ខ្លឹមខ្មៅ ដោយ ខ្លឹមខ្មៅ បានទាត់ត្រូវពងស្វាសនៅសង្វៀនបាយ័ន កាលពីថ្ងៃសៅរ៍ ទី ១២ ខែមិថុនា។
បើទោះបីជា ការប្រកួតនោះ ធន់ ចាន់តាក់ បានស៊ូរហូតដល់បញ្ចប់ទឹកទី៥ និងទទួលបានលទ្ធផលឈ្នះលើ មុត ខ្លឹមខ្មៅ ប៉ុន្តែរូបគេត្រូវបែកឈាម ហើយលោកគ្រូពេទ្យប្រចាំសង្វៀន បានជួយសង្គ្រោះភ្លាមៗ និងបញ្ជូនមកដល់មន្ទីរពេទ្យ។ គិតមកដល់ពេលនេះ ធន់ ចាន់តាក់ បានធូរមួយកម្រិតហើយ ប៉ុន្តែត្រូវបានកំពុងតាមដានពីគ្រូពេទ្យ ដោយសង្ស័យថា បែកប្លោកនោម ខណៈដែលនោមចេញមកនៅមានឈាម។
យ៉ាងណាក៏ដោយ លោក ធន់ សុភា ជាគ្រូបង្វឹក ធន់ ចាន់តាក់ បាននិយាយថា ខាងកម្មវិធីប្រដាល់នៅសង្វៀនបាយ័នគាត់បានជួយជ្រោមជ្រែងដល់ ធន់ ចាន់តាក់ ហើយ ប៉ុន្តែនៅតែមិនអាចរ៉ាប់រងឆ្លើយតបបាននូវការខ្វះខាត ចំពោះការចំណាយជាក់ស្តែងនៅឡើយ ដោយលោកស្នើសុំមិត្តភក្តិ និងសប្បុរសជនមេត្តាជួយគ្នាផង។
លោក ធន់ សុភា បានប្រាប់ថា៖ «ខ្ញុំអាណិតវាណាស់ ព្រោះជីវភាពអ្នកប្រដាល់ពេលប្រកួតបានលុយ ប៉ុន្តែនៅពេលឈឺ ពិតជាគ្មានលុយ សម្រាប់តម្កល់ទុកនៅឡើយ។ ខ្ញុំស្នើសុំមិត្តរួមអាជីពមេត្តាចែករំលែកគ្នា ពិសេសសប្បុរសជនដែលស្រឡាញ់គាត់ មេត្តាជួយគ្នាបន្តិចបន្តួចផង ព្រោះ ធន់ ចាន់តាក់ មិនដឹងពេលណាបានជា និងបានឡើងប្រកួតវិញនោះទេ»។
បើតាម ធន់ ចាន់តាក់ បានឱ្យដឹងថា ចំពោះរបួសដែលកើតឡើងពេលប្រកួតជាមួយ មុត ខ្លឹមខ្មៅ កាលពីថ្ងៃសៅរ៍នោះ គឺនៅពេលនេះ បានធូរស្រាលខ្លះហើយ ប៉ុន្តែនោមចេញឈាម និងមានអាការឈឺចុកចាប់នៅឡើយ មិនទាន់អាចចេញបានទេ។
ចំណែកកីឡាករ មុត ខ្លឹមខ្មៅ និយាយថា៖ «ខ្ញុំទាត់ចូលតំបន់ហាមឃាត់ គឺអចេតនាទេ ហើយការប្រកួតនោះ បានអូសបន្លាយដល់ចប់ទឹកទី៥ ទើបឃើញ ធន់ ចាន់តាក់ ហូរឈាមចេញពីពង ហើយហៅឡានពេទ្យតែម្តង»។ ខ្លឹមខ្មៅ បានបន្ថែមថា៖ «ឥឡូវ ខ្ញុំអាណិតគាត់ណាស់ តែមិនដឹងបានអ្វីជួយគាត់ទេ ព្រោះជីវិតអ្នកប្រដាល់បានមួយគ្រាពេលប្រកួត តែនៅពេលរបួស គឺលំបាកបែបនេះ ហេតុនេះខ្ញុំក៏សូមអំពាវនាវដល់សប្បុរសជន មេត្តាជួយដល់គាត់ផង»។
កីឡាករ ធន់ ចាន់តាក់ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង បច្ចុប្បន្នរូបគេមានសមត្ថភាពលេចធ្លោខ្លាំង។ នៅក្នុងប្រវត្តិប្រកួតចំនួន ៧១ ដង ចាន់តាក់ ប្រកួតចាញ់តែ ៧ ដងទេ ហើយក្នុងប្រវត្តិនេះ ចាន់តាក់ ធ្លាប់ដណ្តើមបានខ្សែក្រវាត់ចំនួន ២ គឺខ្សែក្រវាត់ស្រាបៀលីអូទម្ងន់ ៦០ គីឡូក្រាម នៅសង្វៀនបាយ័ន និងខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់ ៦០ គីឡូក្រាមនៅសង្វៀន CNC ព្រមទាំងឈ្នះបានពានរង្វាន់ធំជាច្រើនទៀត៕