ភ្នំពេញ៖ កីឡាករ​ប្រណាំង​កង់​ជម្រើស​ជាតិកម្ពុជា​​ចំនួន​ ៣​ នាក់ ​និង​គ្រូ​បង្វឹក​ ១ នាក់ បាន​​​ទទួល​​ទិដ្ឋាការ​​ពី​ស្ថាន​ទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា​​រួច​ហើយ គឺ​​នៅ​សល់​តែ​លិខិត​បញ្ជាក់​ការ​ធ្វើ​តេស្ត​កូវីដ ​១៩ នៅ​​មុនពេល​​​ឡើង​យន្ត​ហោះ​ចំនួន ​៤៨​ ម៉ោងប៉ុណ្ណោះ។ យ៉ាង​ណា​ក៏ដោយ ​គម្រោង​ចាក​ចេញ​ទៅ​ហ្វឹក​​ហាត់​របស់​កីឡាករ​ទាំង​​ ៣​ នាក់​នេះ​ ត្រូវ​បាន​ខក​ខាន ​និង​ពន្យារ​ពេល​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ​ដោយ​បញ្ហាជំងឺ​​កូវីដ​ ​រីក​រាល​ដាល​ខ្លាំង​។

ជា​មួយ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​យក​ចិត្ត​ទុក​ដាក់ និង​​ជួយ​គាំ​ទ្រ​ពេញ​ទំហឹង​ពី ​លោក​ស្រី​ ប៉ែន​ ស្រី​មុំ ​ប្រធាន​សមាគម​កីឡា​ប្រណាំង​កង់​កម្ពុជា​ (Cambodia ​Cycling Academy) បាន​បង្ក​ឱ្យ​​​សហព័ន្ធខ្មែរ​កីឡា​​ទោចក្រយាន​ ​មាន​លទ្ធភាព ​​បញ្ជូន​កីឡាករ​ឆ្នើម​ មាន​សមត្ថភាព​ជាង​គេ ចំនួន​​៣​នាក់ ដើម្បី​ចេញ​​ទៅ​ហ្វឹកហាត់​រយៈ​ពេល​ខ្លី ​នៅ​ឯ​ប្រទេស​បារាំង​ នៅ​ចុង​សប្តាហ៍​នេះ​។​

​លោក​ នូ​ ចំរើន​ អគ្គលេខាធិការ​សហព័ន្ធខ្មែរ​កីឡា​ទោចក្រយាន ​បាន​​ប្រាប់​​ថា​៖​ «សហ​ព័ន្ធ​​ ក៏​ដូច​ជា​សមាគម​ប្រណាំង​កង់​កម្ពុជា​ រួម​ទាំង​បារាំង​ បាន​សម្រេច​បញ្ជូន​ និង​ទទួល​កីឡាករ​៣​រូប ​ទៅ​ហ្វឹកហាត់​ និង​ប្រកួត ​​ដើម្បី​ដកស្រង់​បច្ចេកទេស ​បទ​ពិសោធ​ និង​ពង្រឹង​សមត្ថ​ភាព ​នៅ​ទីនោះ​ ដើម្បី​ត្រៀម​​ការ​ប្រកួត​​ស៊ី​ហ្គេម​ចំនួន​ ២ ​គឺ​ស៊ីហ្គេម លើក​ទី៣១​ នៅ​​ប្រទេស​វៀត​ណាម​ ឆ្នាំ​២០២១​ និង​ស៊ីហ្គេម លើក​ទី​៣២ ​​ឆ្នាំ​ ២០២៣ នៅ​កម្ពុជា»។​

លោក​បន្ត​ថា​ ​​កីឡាករ​ដែល​នឹង​ត្រូវ​ចេញ​ទៅហ្វឹក​ហាត់​នេះ ​មាន​កីឡាករ​ គឹម​ ចាន់ធូ​ កីឡាករ សាន​ ណាម៉ា​ កីឡាករ សាន​ ណាម៉ូវ ​និង​គ្រូ​បង្វឹក​កម្ពុជា ​១ រូប​ គឺ​លោក​ ខ្លួត​ ករណី​។​ ចំពោះ​ការ​ហ្វឹកហាត់​នេះ​ គឺ​នឹង​ធ្វើ​ឡើង​រយៈ​ពេល​ជំហាន​ដំបូង ​ចំនួន​ ៣ ខែ ​លើ​ប្រភេទ​ផ្នែក​កង់គួក ​(Road Bike)​ លើ​វិញ្ញាសា​ Individual mass start ​និង​វិញ្ញាសា Team mass start​។

អគ្គ​លេខាធិការ​រូប​នេះ បានបន្ថែម​ថា៖​ «តាម​គម្រោង​ ​ក្រុម​អត្តពលិក​របស់​យើង នឹង​ចេញ​ទៅ​ចុង​សប្តាហ៍​នេះ ​អាច​តាម​ជើង​ហោះ​ហើរ​ពេល​យប់​ ថ្ងៃ​សៅរ៍ ​ឬ​យប់​ថ្ងៃ​អាទិត្យ ​ទី ​១៣​ ខែ​ មិថុនា ​ឆ្នាំ ​២០២១​​។ ​កីឡាករ​ទាំង​៣​នាក់ ​និង​គ្រូ​បង្វឹក ​បាន​ចាក់​វាំង​សាំង​រួច​រាល់​អស់​ហើយ​ ប៉ុន្តែ​មុនពេល​​ឡើង​យន្ត​ហោះ​ ៤៨ ​ម៉ោង ​គេ​ត្រូវ​ធ្វើ​តេស្ត​ម្តង​ទៀត​ ប្រ​សិន​ករណី​មាន​វិជ្ជ​មាន​ គឺ​ទៅ​តាម​ជាក់​ស្តែង​ ​ព្រោះ​ទិដ្ឋាការ​ ស្ថានទូត​ផ្តល់​ជូន​ ៣​ ខែ​ឯណោះ​»។​

ចំណែក​លោក​ស្រី​ ប៉ែន ​ស្រី​មុំ ​ប្រធាន​សមាគម​ប្រណាំង​កង​កម្ពុជា ​នៅ​ប្រទេស​បារាំង ​បាន​​​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ តាម​ហ្វេសប៊ុក​​ថា​៖ «​ខ្ញុំ​កំពុង​មមាញឹក​ ត្រៀម​រៀប​ចំ​​ទី​កន្លែង​ស្នាក់​នៅ ​ហូប​ចុក ​ព្រម​ទាំង​សម្រប​សម្រួល​ការ​ហ្វឹក​ហាត់​ និង​ចូល​រួម​ប្រ​កួត​ ក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ ដើម្បី​ពង្រឹង​​សមត្ថភាព​ឱ្យ​​កីឡាករ​យើង​ មាន​ភាព​សាំ​ទៅ​នឹង​ធាតុ​អាកាស​ផង​ដែរ​​ ហើយ​ទាំង​​នេះ​ជា​ការ​លះ​បង់​របស់​ស្វាមី​ខ្ញុំ​ ជា​ជន​ជាតិ​បារាំង​ និងជាអតីតអ្នក​ជិះ​កង់ ​ដែលគាត់​​ស្រ​ឡាញ់​វិស័យ​ប្រណាំង​កង់​នេះ​ ទើប​គាត់​ជួយ​ដល់​កីឡា​ករ​ជា​កូន​ខ្មែរ ​ក៏​ដូចជា​ដើម្បី​ជាតិ​មាតុភូមិ​យើង​»៕​