ភ្នំពេញ៖ ​កីឡាករ​ជើង​ចាស់ ម៉ន សាម៉េត ដែល​បាន​សាង​កំណត់ត្រា​យ៉ាង​ល្អ​នៅ​ក្នុង​ការ​ប្រកួត​កំពូល​អ្នក​ប្រដាល់​គុន​ខ្មែរ ដណ្តើម​ប្រាក់​រង្វាន់​ជើងឯក​លេខ​ ១ ក្នុង​ប្រភេទ​ទម្ងន់​ ៦០ ​គីឡូក្រាម​ នៅ​លើ​សង្វៀន​ហង្សមាស​នោះ មិន​ហ៊ាន​មើល​ស្រាល​ទម្ងន់​ដៃ​របស់ ទូច ដេវីដ នោះ​ទេ ខណៈ​អ្នក​ទាំង​ ២ ត្រូវ​ឡើង​មក​ជួប​គ្នា នៅ​វគ្គ​ ៨ នាក់​ចុង​ក្រោយ នៅ​ព្រលប់​ថ្ងៃ​សៅរ៍​ ខណៈ​ជើង​ខ្លាំង​វ័យ​ក្មេង អេ អាំម៉ារីនភូថង អាច​នឹង​ឆ្លង​ផុត​វគ្គ​នេះ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។

តាមរយៈការ​បង្ហាញ​ខ្លួន​នៅ​លើ​សង្វៀន​ថ្មី​របស់​ស្ថានីយ​ទូរទស្សន៍​ហង្សមាស​នេះ ម៉ន សាម៉េត នៅ​មិន​ទាន់​បាន​ស្គាល់​ការ​ចាញ់​ម្តង​ណា​ឡើយ តាំង​ពី​ការ​ប្រកួត​ជម្រុះ​ជុំ​ដំបូង​ ៣២ ​នាក់ មក​ដល់​វគ្គ ៨​ នាក់​ចុង​ក្រោយ​នេះ ប៉ុន្តែ​ សាម៉េត ហាក់​មាន​ការ​បារម្ភ​សម្រាប់​ការ​ជួប ទូច ដេវីដ នៅ​វគ្គ​នេះ។

ម៉ន​ សាម៉េត ​បាន​និយាយ​ថា៖ «​​ការ​ប៉ះ ​ទូច ​ដេវីដ ​លើក​នេះ​ ខ្ញុំ​ក៏​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​ដែរ​ ​ព្រោះ​​ខ្ញុំ​ទើប​ប្រកួត​ជាមួយ ​វៀត ​ប៊ុនឌឿន កាល​ពី​សប្តាហ៍​មុន ​គឺ​មិន​ទាន់​បាត់​ឈឺ​ខ្លួន​នៅ​ឡើយ​ទេ ហើយ​ម៉្យាង​ទៀត ​ទូច​ ដេវីដ​ ជា​អ្នក​ជំនាញ​វាយ​កណ្តាប់​ដៃ​ធ្ងន់​ គឺ​បើ​បិទ​មិន​ជាប់​អាច​ភ្លាត់​ស្នៀត​ ចាញ់​ក៏​ថា​បាន​ ហេតុ​នេះ​ជំនួប​នេះ ខ្ញុំ​រំពឹង​ឈ្នះ​ត្រឹម​ ៦០ ​ភាគរយ​​សិន​បាន​ហើយ»។​

ចំណែក​កីឡាករ​ ទូច ​ដេវីដ ​មិន​អាច​ទំនាក់ទំនង​បាន​ទេ ​ប៉ុន្តែ​​លោក ​អាត់ ​សំរិទ្ធ ជា​គ្រូបង្វឹក​បាន​​និយាយ​ថា​៖ «ទូច ដេវីដ ​ពិត​ជា​លំបាក​ឈ្នះ​ ម៉ន ​សាម៉េត​ មែន​ ប៉ុន្តែ​វា​ស៊ីសង​ជាក់​ស្តែង​ ពី​ព្រោះ​បើ​ក្បាច់​កណ្តាប់​​ដៃវាយ ​ចូល​គោលដៅ​បាន​ល្អ​វិញ​ ស៊ីផុយ​ដូច​គ្នា​។​ ទោះ​យ៉ាង​ណា ម៉ន​ សាម៉េត ​គេ​ជើង​ចាស់​មាន​បទពិសោធ​​ល្អ​ និង​អាច​វាយ​ចេញ​បាន​គ្រប់​ស្នៀត ដូច្នេះ​កូន​សិស្ស​ខ្ញុំ​មិន​រំពឹង​​ឈ្នះ​ច្រើន​ទេ ​គឺ​​និយាយ​ឱ្យ​​ស្មោះ​ សង្ឃឹម​ត្រឹម​ ៥០ ​ភាគរយ ​មិន​ចង់​ហ៊ាន​និយាយ​ផង​»។​

សម្រាប់​ការ​ប្រកួត​នៅ​ថ្ងៃ​សៅរ៍​នោះ​ដែរ កីឡាករ ភួង ពិសិដ្ឋ ដែល​ទើប​ប្រកួត​ចាញ់ ថា សារុន ក្នុង​​ការ​ប្រកួត​តាម​ពូល​វគ្គ​ ១៦ នាក់​ចុង​ក្រោយ កាល​ពី​សប្តាហ៍​មុន​នោះ នឹង​​ត្រូវ​ប្រឈម​ជាមួយ​ជើង​ខ្លាំង អេ អាំម៉ារីនភូថង ហើយ​ជំនួប​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ថា អេ អាំម៉ារីនភូថង អាច​នឹង​ឈ្នះ ព្រោះ​ជើង​ខ្លាំង​វ័យ​ក្មេង​រូប​នេះ មិន​ទាន់​ស្គាល់​ការ​ចាញ់​នៅ​ឡើយ​ទេ ហើយ​កាល​ពី​សប្តាហ៍​មុន គេ​បាន​ឈ្នះ ទូច ដេវីដ។

ចំណែក បាង កាយ៉ាក ត្រូវ​ជួប ថា សារុន ហើយ លាភ រដ្ឋា ត្រូវ​ជួប​ជាមួយ លាភ សំណាង ហើយ​ការ​វិល​មក​ជួប​គ្នា​លើក​នេះ លាភ រដ្ឋា ដែល​បាន​ចាញ់​តែ ម៉ន សាម៉េត ម្នាក់​នៅ​ក្នុង​ការ​ប្រកួត​តាម​វគ្គ​ជម្រុះ​កន្លង​មក​នោះ ក៏​មាន​ការ​បារម្ភ​ទៅ​នឹង​សមត្ថភាព​របស់ លាភ សំណាង ផង​ដែរ៕