ភ្នំពេញ៖ កីឡាករ​ជា​បេក្ខភាព​ដាក់​ឱ្យ​ដណ្តើម​ប្រាក់​លាន​ប្រចាំ​​សប្តាហ៍​ទី​៧៤​ នៅ​លើ​​សង្វៀន​ថោន​នា​ថ្ងៃ​អាទិត្យ​ សុទ្ធ​តែ​ជើង​ចាស់​ទម្ងន់​ធ្ងន់​ដែល​មាន​សមត្ថភាព​ល្អ ​និង​មាន​​ឈ្មោះ​ល្បីល្បាញ ប៉ុន្តែ​វត្តមាន​របស់ សួន ​ចាន់នី ​(សូត្រ ​ប៊ុនធី​) បាន​​ធ្វើ​ឱ្យ​​បេក្ខភាព​ចំនួន​ ៣ ​នាក់​ទៀត​ មាន​ជើង​ចាស់ ​គង់ ​សំបូរ​, ថៃ​ រ៉េត​ និង​កីឡាករ ឡុង ​បេនលឿន ​មាន​ការ​ញញើត​ និង​ព្រួយ​បារម្ភ​ ប្រសិន​បើ​ពួក​គេ​​ចាប់​ឆ្នោត​ជួប ចាន់នី ​នោះ​។

យ៉ាង​ណា​ក៏​ដោយ ​ទាំង​អ្នក​ប្រដាល់ គង់ ​សំបូរ​, ថៃ​ រ៉េត​ និង ​ឡុង ​បេនលឿន សុទ្ធ​តែ​ធ្លាប់​ឈ្នះ​ប្រាក់​លាន​នៅ​ក្នុង​កម្មវិធី​នេះ ចំណែក​ សួន​ ចាន់នី ​មិន​ធ្លាប់​ឈ្នះ​ប្រាក់​លាន​នេះ ​ម្តង​ណា​ឡើយ​។

ប៉ុន្តែ​លោក​ សួន​ ប៊ុនសូត្រ​ គ្រូ​បង្វឹក​ និង​ជា​ឪពុក​បង្កើត​របស់​ សួន ​ចាន់នី បាន​​និយាយ​ថា​៖ «មួយ​រយៈ​នេះ​ ចាន់នី ​ឡើង​​ប្រកួត​ឈ្នះ​ជា​និច្ច ​ទាំង​ក្នុង​ជំនួប​ជាមួយ​​ជើង​ចាស់ និង​​ជើង​ថ្មី​ គឺ​ចាញ់​ពិន្ទុ​តែ​កីឡាករ​ យ៉េន ឌីណា​ ម្នាក់​ប៉ុណ្ណោះ​»។​

ជាមួយ​គ្នា​នេះ សួន ចាន់នី បាន​បង្ហាញ​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​ឈ្នះ​ប្រាក់​លាន សម្រាប់​ការ​បង្ហាញ​ខ្លួន​លើក​នេះ ដោយសារ​បេក្ខភាព​ ៣ នាក់​ទៀត​សុទ្ធតែ​​ធ្លាប់​ចាញ់​រូប​គេ​​។ ​ចាន់នី​ បាន​និយាយ​ថា​៖ «​ការ​ប្រកួត​ថ្ងៃ​អាទិត្យ​នេះ​ ខ្ញុំ​​សង្ឃឹម​ឈ្នះ​បាន​ប្រាក់​រង្វាន់ ​គឺ​ ៩០ ​ភាគរយ ​ហើយ​នៅ​ក្នុង​ចំណោម​ទាំង​ ៣ ​នាក់​នេះ ​មាន​ឧបសគ្គ​ធំ​ជាង​គេ​ គឺ​កីឡាករ ​ថៃ​ រ៉េត ​ដែល​ចូល​វាយ​សម្រុក ​មិន​ចេះ​ដក​ថយ​ ចំណែក​ ឡុង​ បេនលឿន​ និង គង់​ សំបូរ ​មិន​សូវ​លំបាក​វ៉ៃ​នោះ​ទេ»​។​

ចំណែក គង់​ សំបូរ​ បាន​និយាយ​ថា​៖ «​ការ​ប្រកួត​លើក​នេះ​ ប្រសិន​បើ​ចាប់​ឆ្នោត​ប៉ះ​​ សួន​ ចាន់នី ​ពិត​ជា​លំបាក​ណាស់​។ ខ្ញុំ​ធ្លាប់​ប្រកួត​ចាញ់​គាត់ ​ព្រោះ​​ស្នៀត​ជង្គង់​គាត់​ល្អ​ បោះ​វែង​ ខ្ញុំ​ចូល​មិន​ចុះ​។​ រីឯ​ ​ថៃ ​រ៉េត ​ខ្ញុំ​ធ្លាប់​ចាញ់​មែន​ តែ​​ខ្ញុំ​មិន​ញញើត​ទេ​ ហើយ ឡុង​ បេនលឿន ​ខ្ញុំ​ធ្លាប់​ចាញ់​ម្តង ​និង​ឈ្នះ​ ២ ​ដង​វិញ​។​ ហេតុ​នេះ​បើ​ចាប់​ឆ្នោត​ប៉ះ​ សួន ​ចាន់នី នៅ​វគ្គ​ជម្រុះ ​សង្ឃឹម​ឈ្នះ​តិច​ណាស់​ ប៉ុន្តែ​បើ​ក្រៅ​ពី​នេះ​ នរណា​មួយ​ក៏​បាន​ដោយ​ខ្ញុំ​​សង្ឃឹម​ឈ្នះ​ ៨០ ​ភាគរយ»​។​

ចំពោះ ឡៅ​ ស៊ីណាត ​គ្រូ​បង្វឹក​របស់ ​ថៃ ​រ៉េត បាន​​​ប្រាប់​ថា​​៖​ «មួយ​រយៈ​នេះ ​ថៃ ​រ៉េត ​ខកខាន​ប្រកួត​យូរ​ដែរ ​ដោយសារ​​ជាប់​រវល់​បេសកកម្ម​ឱ្យ​​អង្គភាព​ ប៉ុន្តែ​នៅ​តែ​ហ្វឹកហាត់​បាន​ល្អ​។​ ទោះ​យ៉ាង​ណា ខ្ញុំ​មិន​ហ៊ាន​ទស្សន៍ទាយ​ទេ​ ប៉ុន្តែ​ ថៃ​ រ៉េត ​ឡើង​ប្រកួត​ធានា​ដឹង​តែ​វ៉ៃ​សម្រុក ​គ្មាន​ចេះ​បន្ធូរ​ដៃ​ទេ​ តែ​​ខ្ញុំ​រំពឹង​ឈ្នះ​ ៦០ ​ភាគរយ​ប៉ុណ្ណោះ​»។​

លោក​ ឡុង ​សាលវ័ន្ត ​គ្រូ​បង្វឹក ​ឡុង ​បេន​លឿន ​និយាយ​ថា៖​ «​៤ ​នាក់​នេះ ​ល្អ​ដូច​គ្នា ​ខ្ញុំ​មិន​ហ៊ាន​រំពឹង​ឈ្នះ​ខ្ពស់​នោះ​ទេ​ ប៉ុន្តែ​ពួក​គេ​នឹង​ចាញ់​ឈ្នះ​គ្នា​ ក្នុង​លក្ខណៈ​តឹងតែង​ណាស់​ ព្រោះ​សុទ្ធ​តែ​ជា​កីឡាករ​លំដាប់​គូ​ល្បីល្បាញ»​។​

ចំណែក​លោក ​ជួប ​វុត្ថា ​គណៈកម្មការ​ផ្គូផ្គង​ប្រចាំ​សង្វៀន​ថោន បាន​​ប្រាប់​ថា​៖ «​ក្នុង​ចំណោម​កីឡាករ​ទាំង​ ៤ ​នាក់​នេះ ​កីឡាករ ​ថៃ ​រ៉េត ​ធ្លាប់​ឈ្នះ​ប្រាក់​លាន​ពី​កម្មវិធី​នេះ ​ចំនួន​ ៣ ​លើក​ ហើយ​ គង់ សំបូរ ​និង ​ឡុង ​បេន​លឿន ​ធ្លាប់​ឈ្នះ​ម្នាក់​ ១ ​លើក​ ប៉ុន្តែ​ សួន​ ចាន់​នី ​មិន​ទាន់​ធ្លាប់​ឈ្នះ​នៅ​ឡើយ​​ទេ»៕