ភ្នំពេញ៖ អង្គមហាសន្និបាត​របស់​សហព័ន្ធ​កីឡាវ៉ូវី​ណាម​កម្ពុជា បាន​សម្រេច និងឯក​ភាព​ជ្រើស​រើស​លោក អ៊ូ រតនា ឱ្យ​ឡើង​ធ្វើ​ជា​ប្រធាន​សហព័ន្ធ ​សម្រាប់​អាណត្តិ​ថ្មី ទី​ ៤​ ពី​​ឆ្នាំ ​២០២១ ​ដល់​ឆ្នាំ​ ២០២៤​ ជំនួស​ប្រធានចាស់​លោក​ ស៊ូម​ សារឿន ហើយ​ជាមួយ​គ្នា​នេះ ក្រុម​ហ៊ុន​ផលិត​សម្ភារ​កីឡា​ ​NT Sport ក៏​​បាន​ចុះ​កិច្ច​សន្យា​គាំ​ទ្រ​សហព័ន្ធ​មួយ​នេះ រយៈ​ពេល​ចំនួន ​៥ ​ឆ្នាំ ​ផងដែរ។

នៅ​ក្នុង​​មហា​សន្និបាត​បញ្ចប់​អាណត្តិ​ទី​៣ ​និង​បោះ​ឆ្នោត​ជ្រើស​រើស​គណៈ​កម្មាធិការ​​ប្រតិបត្តិ​ថ្មី​ទី ​៤ ដែល​ត្រូវ​បាន​ធ្វើ​ឡើង កាល​ពី​ថ្ងៃទី​ ១២ ខែមិថុនា ​ដោយ​មាន​​តំណាង​ក្រ​សួង​អប់​រំយុវជន ​និង​កីឡា ​និង​តំណាង​គណៈកម្មាធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា (NOCC) ចូល​រួម​នោះ គឺ​សហ​ព័ន្ធ​កីឡាវ៉ូវី​ណាម​កម្ពុជា​ មាន​សមាជិក​ប្រតិបត្តិ​ថ្មី​ចំនួន ​១៩ រូប​ គឺ​មាន​ចំនួន​ច្រើន​ជាង​អាណត្តិ​​មុន ​ដើម្បី​កំណែ​​ទម្រង់​ឱ្យ​​បាន​ល្អ។

​សមាស​សភាព​ថ្មី​ទាំង​នោះ រួម​​មាន​លោក ​អ៊ូ ​រតនា ជា​ប្រធាន​ថ្មី​ លោក​ សុខ មុនី​ លោក​រស់ ​មុនិន្ទៈ លោក​ គិន ​ឆេងលី​ លោក ​លី សុធា លោក ឡុង សុផាត ​លោក​ សំ​ សុខយី និង​លោក ​ជា ​ហុងរី ​ជា​អនុប្រធាន​ ចំណែក​​លោក​ យ៉ាំ​ ថៃសាន ជា​អគ្គលេខាធិការ​ ខណៈ​លោក លាង ណារិទ្ធ លោក អាំ សុផល លោក ម៉ិច សីហា​ ជា​អគ្គលេខាធិការរង​ រីឯ​​លោក​ស្រី ញឹម​ ម៉ី​ជាអគ្គហេរញ្ញិក​ លោកស្រី ប៉ុក​ ករុណា​ ជាអគ្គហេរញ្ញិករង​ ហើយ​លោក ប៊ូ វិរៈ​ លោក គង់ ​ហួន​លោក កៅ ​មករា ​លោក​ ទេព ជីវសុខុម ​និង​លោក​ ម៉េង ​សៅណេង ​ជាសមាជិក​។

លោក ​វ៉ាត់ ​ចំរើន ​រដ្ឋ​លេខាធិការ​ក្រសួង​ទេសចរណ៍​ និង​ជា​អគ្គលេខាធិការ NOCC ​ដែល​បាន​ចូល​រួមជា​អធិបតី​ភាព ក្នុង​មហាសន្និបាត​នោះ បាន​ជំរុញ​​លើក​ទឹក​ចិត្ត​ ដល់​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​ថ្មី​របស់កីឡា​វ៉ូវីណាមកម្ពុជា ទាំង​អស់ ឱ្យ​​យក​ចិត្ត​ទុក​ដាក់ ​រួប​រួម​គ្នា ​ដើម្បី​គុណ​ភាព​សមត្ថភាព​អត្តពលិក​ ចេញទៅ​​ប្រ​កួត​​អន្តរជាតិ​នានា​ ទទួល​បាន​លទ្ធផល​ល្អ​ ជូន​ជាតិ​មាតុ​ភូមិ​យើង​។

សមាសភាពគណៈកម្មាធិការ​ប្រតិបត្តិថ្មី​របស់​សហព័ន្ធ​កិឡា​វ៉ូវីណាម​កម្ពុជា អាណត្ត​ទី ៥។

​លោក​បាន​បញ្ជាក់​ថា​៖ «​សកម្មភាព​កីឡា​ ដែល​ឈាន​ទៅ​រក​ការ​ទទួល​​លទ្ធផល​ល្អ​បាន គឺ​​ផ្តើម​ចេញ​ពី​សាមគ្គី​ភាព ​មិត្ត​ភាព ​រួប​រួម ​សហការ​គ្នា​បាន​ល្អ​ ហើយ​បន្ទាប់​មក​ត្រូវ​ចេះ​ស្វែង​រក​ការ​គាំ​ទ្រ​បន្ថែម​ពី​ដៃ​គូ​ ឬ​វិស័យ​ឯក​ជន ​ក្នុង​ការ​ធ្វើ​សកម្មភាព​ហ្វឹក​ហាត់​ និង​សកម្មភាព​ប្រ​កួត​នានា​ទាំង​ថ្នាក់​ជាតិ​ និង​អន្តរជាតិ​»។​​

ចំណែក​លោក​ ស៊ូម ​សារឿន​ ជាប្រធាន​សហព័ន្ធ​កីឡាវ៉ូវីណាម​កម្ពុជា ​អាណត្តិ​​ទី ​៣ ចាស់​ បាន​ថ្លែង​​ថា​៖ «​ខ្ញុំ​គាំ​ទ្រ​វត្ត​មាន​ប្រធាន​ថ្មី ​លោក ​អ៊ូ ​រតនា​ និង​​ថ្នាក់​ដឹក​នាំ​ទាំង​អស់ ​ដើម្បី​ជំរុញ​​ឱ្យ​​កីឡា​វ៉ូ​វីណាម​​យើង ​មាន​ការ​រីក​ចម្រើន​បន្ថែម​ទៀត​ ទៅ​លើ​ការ​ហ្វឹក​ហាត់​ និង​ចេញ​ប្រ​កួត​ដណ្តើម​បាន​ជយ​លាភី​លើ​ឆាក​អន្តរជាតិ​ជូន​ជាតិ​»។

លោក​​បាន​បន្ថែម​ថា​៖ ​«ខ្ញុំ​បាន​ចូល​រួម​ក្នុង​សកម្មភាព​កីឡា​វ៉ូ​វីណាម​នេះ​ ក្នុង​ឋានៈ​ជា​ប្រធាន​សហព័ន្ធ​ បាន​តែ​ប៉ុណ្ណឹង​ ព្រោះ​ខ្ញុំ​ជាប់​កាតព្វកិច្ច​ជា​ច្រើន ​ក្នុង​ការងារ​រាជ​ការ​ ហេតុ​នេះ​សូម​ជូន​ពរ​ដល់​បង​ប្អូន​ឱ្យ​​ទទួល​បាន​លទ្ធផល​ល្អ​ ក្នុង​ភារកិច្ច​កីឡា​វ៉ូ​វីណាម​នេះ ​ឆ្ពោះ​ទៅ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ ឆ្នាំ​២០២៣​»។​​

ជាមួយ​គ្នា​នោះ លោក ​អ៊ូ ​រតនា​ ​ជា​ប្រធាន​សហព័ន្ធ​ថ្មី ​​បាន​និយាយ​​ថា៖ ​«​​ខ្ញុំ​សូម​អរគុណ​ចំពោះ​បង​ប្អូន និង​​អស់​លោក​ ដែល​​មាន​ទំនុក​ចិត្ត​គាំ​ទ្រ​រូប​ខ្ញុំ ​ឱ្យ​​ជាប់​ជា​ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​វីណាម​កម្ពុជា​ ក្នុង​អាណត្តិ​ថ្មី​ទី​ ៤នេះ​ ហើយ​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​បង​ប្រធាន​សហព័ន្ធ​ចាស់​អាណត្តិ​ទី ​៣ ​ដែល​បាន​គាំ​ទ្រ​លើក​ទឹក​ចិត្ត​ ព្រម​ទាំង​តំណាង​មក​ពី​ក្រសួង​អប់​រំ ​យុវជន ​និង​កីឡា​ព្រម​ទាំង​ឯក​ឧត្តម ​​វ៉ាត់ ​ចំរើន​ ដែល​ជួយ​លើក​ទឹក​ចិត្ត​ខ្ញុំ​ជា​និច្ច ​ទើប​មាន​ដល់​ថ្ងៃ​នេះ​»។​

លោក​ បាន​បន្ថែម​ថា ​សហព័ន្ធ​កីឡាវ៉ូវីណាម​កម្ពុជា​យើង​ ទទួល​បាន​ការ​គាំ​ទ្រ​បន្ថែម​ទៀត​ពី​វិស័យ​ឯកជន​។ ជា​មួយ​គ្នា​នេះ​ យើង​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​ក្រុមហ៊ុន​ផលិត​សម្លៀក​បំពាក់​សម្ភារ​កីឡា​ របស់​កូនខ្មែរ​ ១០០ ​ភាគរយ​ គឺ​ NT Sport ដែល​គាំ​ទ្រ​រយៈ​ពេល​ ៥​ ឆ្នាំ​ ដល់​សហព័ន្ធ​កីឡា​វ៉ូ​វីណាម​យើង​៕