ភ្នំពេញ៖ ម្ចាស់​ក្លិប​គុន​ចម្រុះ ​Cambodia Top Team​ លោក​ ហ៊ុន​ ចាន់រាជ ដែល​​ជា​អ្នក​រៀបចំ​ និង​រក​ទីផ្សារ​​ប្រកួត​ឱ្យ​​កីឡាករ​កម្ពុជា​បាន​ទៅ​ចូល​រួម​ប្រកួត​គុន​ចម្រុះ​ MMA ​នៅ​ក្រៅ​ប្រទេស​នោះ បាន​ចាប់​ផ្តើម​​ប្រមែប្រមូល​​អត្តពលិក​ឆ្នើមៗ​មួយ​ចំនួន ​ដែល​ធ្លាប់​ប្រកួត​គុន​ចម្រុះ ពិសេស​ជើង​​ខ្លាំង រិន សារ័ត្ន​ ឱ្យ​វិល​​មក​កាន់​ទីលាន​ហ្វឹកហាត់​ជា​ថ្មី ​ដើម្បី​ពង្រឹង​សមត្ថភាព​ឡើង​វិញ ត្រៀម​​ចេញ​ទៅ​​ប្រកួត​នៅ​ក្រៅ​ប្រទេស​ក្នុង​ឆ្នាំ​ ២០២១​ នេះ​។​

បុរស​សញ្ជាតិ​ខ្មែរ-អាមេរិក​ មាន​ម្តាយ​ជា​ជនជាតិ​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក លោក ហ៊ុន ចាន់រាជ ​បាន​​ចំណាយ​ពេល​វេលា​ច្រើន​​ជាង​ ១០ ​ឆ្នាំ ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ ដើម្បី​​ធ្វើ​សកម្មភាព​កីឡា​ប្រយុទ្ធ​គុន​ចម្រុះ​ MMA ​នេះ ឱ្យ​​មាន​ភាព​កក្រើក​ឡើង​ ហើយ​​​ថ្មីៗ​នេះ ​លោក​បាន​​ចុះ​កិច្ច​សន្យា​រួច​ហើយ​ឱ្យ​​​អ្នក​លេង​គុន​ខ្មែរ ​រិន ​សារ័ត្ន ​​​ចូលរួម​ជាមួយ​កម្មវិធី​ ឈ្មោះ​ SOW​ ដើម្បី​ទៅ​ចូលរួម​ប្រកួត​ MMA​ ជា​ផ្លូវ​ការ​នៅ​ប្រទេស​ឥណ្ឌា​ អំឡុង​ខែ​តុលា​ ឆ្នាំ​ ២០២១ ​នេះ​។

លោក ​ហ៊ុន ​ចាន់រាជ ​ដែល​គេ​ស្គាល់​ថា​ ជា​អ្នក​និយម​ចូលចិត្ត​កីឡា​ប្រយុទ្ធ​​ប្រភេទ​​នេះ ​បាន​នាំ​អត្តពលិក​កម្ពុជា​ជា​ច្រើន​រូប ​ដើម្បី​ចេញ​ទៅ​ប្រកួត​ក្នុង​ទីផ្សារ​ឯកជន​តាមរយៈ​ការ​​ចរចា​ផ្ទាល់​ជាមួយ​កីឡាករ ​និង​ម្ចាស់​កម្មវិធី​នៅ​​ក្រៅ​ប្រទេស​ដោយ​​មិន​ឆ្លង​កាត់​ស្ថាប័ន​កីឡា​នៅ​ក្នុង​ស្រុក​​​នោះ​ទេ​ (មិន​ចំណាយ​​ថវិកា​រដ្ឋ)​ ប៉ុន្តែ​ លោក ចាន់រាជ ​នៅ​តែ​មាន​ឈ្មោះ​បោះ​សំឡេង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ និង​នៅ​លើ​ឆាក​អន្តរជាតិ​ ហើយ​​ត្រូវ​បាន​ជ្រើសរើស​ឱ្យ​ធ្វើ​ជា​អគ្គលេខា​សហព័ន្ធ​កីឡា​គុន​ចម្រុះ​កម្ពុជា នៅ​ក្នុង​រយៈពេល ៣ ឆ្នាំ​ចុង​ក្រោយ​នេះ​ ផង​ដែរ។

លោក​ ហ៊ុន​ ចាន់រាជ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាល​ពី​​ថ្ងៃ​អាទិត្យ​ថា៖ «​រិន​ សារ័ត្ន ​ជា​កូន​សិស្ស​របស់​ខ្ញុំ ហើយ​គាត់​​​នឹង​វិល​ចូល​សង្វៀន​​គុន​ចម្រុះ ​ដើម្បី​ប្រកួត ​MMA​ នៅ​ខែ​តុលា​ ឆ្នាំ​ ២០២១​ នៅ​ឯ​ប្រទេស​ឥណ្ឌា​ ​ព្រោះ​ខ្ញុំ​បាន​រក​ទីផ្សារ​ឱ្យ​​គាត់​ប្រកួត​បាន​​ហើយ​ ហើយ រិន សារ័ត្ន នឹង​ចាប់​ផ្តើម​​ហាត់​ជា​បណ្តើរៗ​ក្នុង​ទម្ងន់​ ៦៥​ គីឡូក្រាម ​ដើម្បី​​ធ្វើ​ឱ្យ​ការ​ប្រកួត​នេះ ​ទទួល​បាន​លទ្ធផល​ល្អ​សម្រាប់​​តំណាង​ឱ្យ​​កម្ពុជា​​ ចំណែក​តម្លៃ​ខ្លួន​វិញ​ គឺ​ប្រហាក់​ប្រហែល​នឹង​សង្វៀន​ ONE Champion ដែរ​។ ​និយាយ​ទៅ​ គេ​មិន​ចង់​ទម្លាយ​ពី​តម្លៃ​ខ្លួន​ប្រកួត​ទេ ​ប៉ុន្តែ​មិន​តិច​ជាង​ ១ ៥០០ ​ដុល្លារ​​ទេ​ ក្នុង​១ ​ប្រកួត​នោះ​»។​ ​

លោក​​បញ្ជាក់​​ថា​៖​ «ខ្ញុំ​សប្បាយ​ចិត្ត​​ជា​ខ្លាំង ​ដែល​កម្មវិធី​ប្រកួត​នៅ​ឥណ្ឌា​ខាង​លើ​បាន​ចាប់​អារម្មណ៍​ និង​ស្គាល់​សមត្ថភាព​កីឡាករ​កម្ពុជា​ ក៏​ដូច​ជា​ក្លិប​ Cambodia Top Team ​របស់​ខ្ញុំ​ហើយ​សមត្ថភាព​ និង​បទពិសោធ​​របស់​ រិន​ សារ័ត្ន ​នេះ នៅ​​លើ​ឆាក​អន្តរជាតិ គឺ​គាត់​​ធ្លាប់​ប្រកួត​ច្រើន ​មាន​នៅ​សិង្ហបុរី ​​ម៉ាឡេស៊ី​ ​ថៃ ​​ម៉ាកាវ ​ហ្វីលីពីន​ និង​មីយ៉ាន់ម៉ា​ គឺ​និយាយ​ទៅ​មិន​តិច​ជាង​ ១៥ ​លើក​នោះ​ទេ​ ហើយ​ភាគ​ច្រើន​ទទួល​បាន​លទ្ធផល​ឈ្នះ​ច្រើន​ជាង​»។​

ចំណែក​ រិន​ សារ័ត្ន បាន​​និយាយ​ថា៖ ​«​ខ្ញុំ​កំពុង​តែ​ចូល​ហ្វឹកហាត់​ត្រៀម​ជា​បណ្តើរៗ​ ដើម្បី​ចេញ​ទៅ​ប្រកួត ​តាម​ការ​រៀបចំ​របស់​លោក​គ្រូ ​ហ៊ុន​ ចាន់រាជ ហើយ​ក្នុង​ពេល​​​ដែល​គ្មាន​ទីផ្សារ​ប្រកួត ​MMA នេះ ​ខ្ញុំ​ក៏​បាន​​ហាត់​ប្រកួត​គុន​ខ្មែរ​ក្នុង​ស្រុក​យើង​ដែរ​ ចំណែក​​ការ​ហាត់​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ថ្មី​ SOW ​នេះ​ ខ្ញុំ​ដឹង​ថា ​ដូច​គ្នា​ទៅ​នឹង​ការ​ប្រកួត One Champion ក្នុង​គុន​ចម្រុះ​ MMA ​ដែរ​»។

គួរ​រំឭក​ថា​ ​កីឡាករ​ រិន​ សារ័ត្ន​ ជា​អតីត​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​នៅ​លើ​វិស័យ​ប្រដាល់​គុន​ខ្មែរ ​និង​គុន​ចម្រុះ​ MMA​ ប៉ុន្តែ​ដោយសារ​​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​បាន​ផ្អាក ព្រោះ​វិបត្តិជំងឺ​កូវីដ​ ១៩ ​នោះ រិន សារ័ត្ន បាន​ត្រឹម​ប្រកួត​គុន​ខ្មែរ​នៅ​​តាម​សង្វៀន​នានា​ប៉ុណ្ណោះ​ រហូត​ដល់​បច្ចុប្បន្ន​ ហើយ​​គេ​​ឈ្នះ​ជើងឯក​ពាន​រង្វាន់​ទឹក​ប្រាក់​ចំនួន​ ៤​ ០០០ ​ដុល្លារ នៅ​សង្វៀន​​ប៉ុស្តិ៍​លេខ​ ៥​ ផង​ដែរ៕