ភ្នំពេញៈ កីឡាករ​លំដាប់​ល្បី​ជំនាន់​ក្រោយ​ ឡុង ​បេន​លឿន​ របស់​​ក្លិប​សាលវ័ន្ត​កីឡា​ បាន​យក​ឈ្នះ​ជើង​ខ្លាំង​ សួន​ ចាន់​នី ​ដោយ​ពិន្ទុ​យ៉ាង​តឹង​តែង​ និង​បន្ត​ទៅ​ផ្តួល​ជើង​ខ្លាំង ​ថៃ ​រ៉េត ​ឱ្យ​សន្លប់​ធំ ដើម្បី​ក្លាយ​ជា​ម្ចាស់​ជើង​ឯក ដែល​ត្រូវ​ទទួល​បាន​ប្រាក់រង្វាន់​ចំនួន ៣,៤ លាន​រៀល ពីការ​ប្រកួត​ម៉ារ៉ាតុង ដណ្តើម​ប្រាក់​លាន នៅ​លើ​សង្វៀន​ថោន។

ជ័យ​ជម្នះ​​របស់ ឡុង បេនលឿន បាន​​ធ្វើ​ឱ្យ​អ្នក​មហា​ជន និង​​អ្នក​ទស្សនា​ មាន​ការ​ភ្ញាក់​ផ្អើល​ខ្លាំង ​ខណៈ​ដែល​ការ​ទស្សន៍​ទាយ ​នឹង​ការ​ព្យាករ ​ព្រម​ទាំង​ក្តី​រំពឹង​របស់​មហាជន​ ក៏ដូច​សាមី​ខ្លួន​ជា​កីឡាករ​ សួន ​ចាន់​នី ​និង ​ថៃ ​រ៉េត​ សុទ្ធ​តែ​រំពឹង​ឈ្នះ​បាន​ប្រាក់លាន ប៉ុន្តែ​បែរ​ជា​ទទួល​បាន​លទ្ធផល​ចាញ់​ យ៉ាង​ខក​ចិត្ត​។​

តាម​រយៈការ​ប្រកួត កាលពី​ថ្ងៃអាទិត្យ​នោះ ​ឡុង ​បេន​លឿន​ បាន​​ចាប់​ឆ្នោត​ប៉ះ​ជើងខ្លាំង សួន ​ចាន់​នី ដែល​រូបគេ​ធ្លាប់បានចាញ់​ចំនួន​៣​ដង​កន្លងមក ប៉ុន្តែ​​តាម​រយៈការ​ប្រកួត​យ៉ាងតាន​តឹង​នោះ បេនលឿន បាន​វ៉ៃ ចាន់នី ឡើង​ចង់​សន្លប់​ឈរ​ នៅ​ទឹក​ទី​៣​ចុង​ក្រោយ ដើម្បី​យក​ឈ្នះ​ដោយ​ពិន្ទុ មិនឯកច្ឆន្ទ ៤-១ ហើយ​រឿង​ដែល​កាន់តែ​អស្ចារ្យនោះ ​គឺនៅវគ្គ​ផ្តាច់​ព្រ័ត្រ គេ​បាន​ផ្តួល​ជើង​ខ្លាំង​ជំនាន់​ថ្មី​ដូច​គ្នា ​ថៃ ​រ៉េត ​ឱ្យ​សន្លប់​ធំនៅទឹកទី​២ ​ដោយ​ក្បាច់​ជង្គង់​ស្តាំ​ចូល​ពោះ​ បណ្តាលឱ្យ​ងើប​លែង​រួច​។

​​ឡុង ​បេន​លឿន បាន​​និយាយ​ក្រោយ​ការ​ប្រ​កួត​ថា​៖ ​«ពេល​ចាប់​ឆ្នោត​ប៉ះ​ ​សួន​ ចាន់​នី ខ្ញុំ​មាន​អារម្មណ៍​ថា​ មិន​អាច​ឈ្នះ​គាត់​បាន​ទេ​ គឺ​សង្ឃឹម​តិច​មែន​ទែន ​ប៉ុន្តែ​ការ​ប្រ​កួត​ជាក់​ស្តែង ​ដែល​ខ្ញុំ​តាំង​ចិត្ត​មិន​ញញើត​នោះ ​នាំឱ្យ​​ខ្ញុំ​ប្រើ​កណ្តាប់​ដៃ​ នៅ​ចុង​ទឹក​ទី​៣ ​វ៉ៃ​ចូល​គោល​ដៅ​ បាន​ល្អ​ពិសេស​ខ្ញុំ​ទាត់ ​និង​វាយ​បក​ទៅ​វិញ ​បាន​ធ្វើ​ឱ្យ​​គាត់​ដួល​ជា​ច្រើន​លើក​ច្រើន​សារ​»។​

កីឡាករ ថៃ រ៉េត បាន​ដួល​សន្លប់ ក្រោម​ក្បាច់​ជង្គង់របស់ ឡុង បេនលឿន។ រូប​ថត សហការី

ម្ចាស់​ប្រាក់លាន​រូបនេះ បាន​បន្ថែម​ថា៖ ​«ចំណែក​វគ្គ​ផ្តាច់​ព្រ័ត្រ ​ដែល​​ត្រូវជួប ​ថៃ ​រ៉េត នោះ​​ក៏ខ្ញុំ​រំពឹង​ឈ្នះ​តិច​ដែរ​ ប៉ុន្តែ​ពេល​ប្រ​កួត​ជាក់​ស្តែង​ ខ្ញុំ​វ៉ៃ​ចូល​គោល​ដៅ​ល្អ​ និង​ទប់​ទល់​ពី​ការ​វាយ​លុក​ខ្លាំង​ៗ ​នូវ​ក្បាច់​កណ្តាប់​ដៃ​របស់​គាត់​ ដោយ​ខ្ញុំ​ប្តូរ​មក​ប្រើ​ក្បាច់​ជង្គង់​វិញ ​ទទួល​បាន​ផល​ល្អ ​ទើប​ផ្តួល​គាត់​បាន​សម្រេច​​។​ ​ខ្ញុំ​មិន​គិត​ថា ​គាត់​ទាំង​២​នាក់​​នេះ​ ខ្សោយ​នោះ​ទេ​ ប៉ុន្តែ​ជ័យ​ជម្នះ​នេះ​ ខ្ញុំ​បាន​ ដោយ​សារ​ខំ​ហាត់​បំប៉ន​កម្លាំង​ល្អ​ និង​ត្រៀម​សុខភាព​បាន​ល្អ​ គឺ​ឈ្នះ​ដោយ​ការតាំង​ចិត្ត​បាន​ល្អ​ សម្រេច​ចូល​វ៉ៃ​លុក​ចំគោល​ដៅ​ល្អ»​។​

ចំណែក​ សួន​ ចាន់​នី ​បាន​និយាយ​ពី​មូល​ហេតុ​ចាញ់​របស់​ខ្លួន​ថា​៖ «​ខ្ញុំ​ចាញ់​ប្រៀប​តែ​ចុង​ទឹក​ទី​៣​ប៉ុណ្ណោះ​ ក្នុង​ការ​វាយ​ប្តូរ​កណ្តាប់​ដៃ​គ្នា​ ​ព្រោះ​កម្លាំង​ដៃ​វាយ​​ចេញ​​របស់គេ មាន​កម្លាំង​ធ្ងន់​ល្អ​​ជាង ​កម្លាំង​ដៃ​របស់​ខ្ញុំ​។ ​ម៉្យាង​វិញ​ទៀត ​ខ្ញុំ​មាន​បញ្ហា​ចុក​ឈឺ​ឆ្អឹង​ជំនីរ ​តាំង​ពី​ទឹក​ទី​២ ​ដែល​បាន​ដួល​ទៅ​លើ​ក្តារ​សង្វៀន​នៅ​ពី​ក្រោម​គាត់ ​ហេតុ​នេះ​ខ្ញុំ​គ្មាន​កម្លាំង​ សម្រុកឱ្យ​​ខ្លាំង​តាម​ចិត្ត​ ចង់​ឈ្នះ​បាន​ឡើយ​»។​

សួន ចាន់នី បាន​បុក​ជង្គង់​ តប់ការ​ចូល​ម៉ាត់របស់ ឡុង បេនលឿន។ រូប​ថត សហការី

ប៉ុន្តែ​លោក​ សួន ​ប៊ុន​សូត្រ ​ជា​ឪពុក​ និង​ជា​គ្រូ​បង្វឹក​ បាន​និយាយ​ថា​៖​​ «វា​ចាញ់​នោះ ​សោក​ស្តាយ​ណាស់​ ​ព្រោះ​វា​មិន​ស្តាប់​ពី​ការ​ប្រើ​បច្ចេកទេស​ គឺ​វា​មិន​ស្តាប់​ខ្ញុំ​ប្រាប់​។​ និយាយ​ទៅ​វា​វ៉ៃ​ល្ងង់​ណាស់​ គឺ​មាន​ប្រៀប​លើ​ដៃ​គូ​ តាំង​ពី​ទឹក​ទី​១ ​ដោយ​ទាត់ ​បោះ​ជង្គង់​ និង​វាយ​ឆ្ងាយ​ ប៉ុន្តែ​វា​ភ្លើ​ពេក ​នៅ​ទឹក​ទី​៣ ​ទៅ​ប្តូរ​កណ្តាប់​ដៃ​ជា​មួយ​គេ​ អ៊ីចឹងវា​ចាញ់​គេ​នេះ ​សម​មុខ​វា​ហើយ​ ​ព្រោះ​មិន​ប្រើ​បញ្ញា​ និង​បច្ចេកទេស​វ៉ៃ​ គឺ​យក​កម្លាំង​ដៃ​ ទៅ​វ៉ៃ​ប្តូរ​ជា​មួយ​គេ ​ដែល​ជំនាញប្រើ​កណ្តាប់​​ដៃ​»​​។​

ចំពោះ​ការ​ចាញ់​របស់​កីឡាករ ​ថៃ ​រ៉េត ​វិញ​ ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ បាន​ធ្លាក់​ចុះ​នូវ​កម្លាំង​ ដែល​បញ្ចេញ​ជា​មួយ​កីឡាករ ​គង់​ សំបូរ​ នៅ​វគ្គ​ជម្រុះ​ សឹង​តែ​អស់​ទៅ​ហើយ​ ទើប​ទទួល​បាន​ឈ្នះ​ពិន្ទុ​ឡើង​ទៅ​ប៉ះ​ ឡុង​ បេន​លឿន​ នោះ​ ហើយ​នៅទឹក​ទី​១ ថៃ រ៉េត ក៏​ត្រូវបាន​អាជ្ញាកណ្តាល​រាប់​ផងដែរ នៅ​ពេល ឡុង បេនលឿន ទាត់​ឱ្យ​ដួលទាំង​ជំហរ ធ្វើ​ឱ្យ​ជាប់​គាំងសរសៃ និងជើង​ក្រោម​​នោះ។

ថៃ ​រ៉េត បាន​​និយាយ​ថា​៖ «​ខ្ញុំ​ចាញ់​ដោយ​សារ​ចូល​ជង្គង់​របស់​គេ​ច្រើន​ផង​ និង​ខូច​ជើង​ផង។​ ខ្ញុំ​មិន​នឹក​ស្មាន​ថា​ ចាញ់​ដោយ​សន្លប់​បែប​នេះ​សោះ ​ប៉ុន្តែ​ខ្ញុំ​ខ្សោយ​​កម្លាំង ​តាំង​ពី​វគ្គ​ជម្រុះ​ជា​មួយ​ គង់ ​សំបូរ។ ​ចូល​មក​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ ​ខ្ញុំ​គិត​ថា ​បើ​ខ្ញុំ​មាន​ឱកាស​វាយ​គេ​ឱ្យ​សន្លប់ ​ទើប​ឈ្នះ​​តែបើ​ផ្តួល​គេ​មិន​បាន​ គឺ​ប្រឈម​នឹង​សន្លប់​ដូច​គ្នា​»៕