ភ្នំពេញៈ គណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) បាន​ធ្វើការ​សម្រេចជាគោលការណ៍ នៅ​ក្នុង​កិច្ច​ប្រជុំ កាល​ពី​ព្រឹក​ថ្ងៃអង្គារ​ថា ការ​ប្រកួត​ស៊ី​ហ្គេម ​លើក​ទី៣២​ ​ដែល​កម្ពុជា ត្រូវ​​ធ្វើជា​ម្ចាស់​ផ្ទះ ​គឺ​ត្រូវ​ការ​អ្នក​ស្ម័គ្រ​ចិត្ត​ចំនួន​ ១ ម៉ឺន​នាក់​ សម្រាប់​ការ​រៀប​ចំ​ ​ចំណែកការ​ប្រកួត​អាស៊ាន​​ប៉ារ៉ាហ្គេម​ លើក​១១ ​ដែលធ្វើ​បន្ទាប់ពី​ស៊ីហ្គេម​នោះ​ យើង​ត្រូវ​ការ​អ្នក​ស្ម័គ្រ​ចិត្ត​ ​៤ ​០០០ ​នាក់​ ហើយ​​​អ្នក​ស្ម័គ្រ​ចិត្តទាំង​​នោះ​ យ៉ាង​ហោច​ណាស់​ ក៏ត្រូវ​បាន​បណ្តុះ​បណ្តាល​ហាត់​ការ​ឱ្យ​​បាន​មុន ​ចាប់​ពី​ឆ្នាំ​ ២០២២​ និង​រហូត​ដល់​​ ៦​ខែ ​មុន​ការ​ប្រកួត​មក​ដល់​​។​​

លោក​បណ្ឌិត ​ថោង​ ខុន​ អនុ​ប្រធាន​អចិន្ត្រៃយ៍​ CAMSOC ​ដែល​ជា​ប្រធាន​អង្គ​ប្រជុំ កាលពី​ព្រឹក​ថ្ងៃអង្គារ​នោះ ​​បានថ្លែង​​ថា​៖ «​ការ​វៀប​ចំ​ផែន​ការ​សកម្មភាព ​នៃ​គណៈ​កម្មការ​អ្នក​ស្ម័គ្រ​ចិត្ត ​ជា​រឿង​សំខាន់ ​និង​ត្រូវ​ការ​ចំនួន​ដល់​ទៅ​ ១ ម៉ឺន​​នាក់​។ ​ចំនួន​នេះ​ ត្រូវ​បាន​ចុះ​ឈ្មោះ​ ដោយ​គណៈ​កម្មការ​ស្ម័គ្រ​នៃ ​CAMSOC ​និង​ត្រូវ​ការ​ឆ្លង​វគ្គ​អប់​រំ​បណ្តុះ​បណ្តាល​ជំនាញ ​ទៅ​តាម​ផ្នែក​ជា​ច្រើន ​នៅ​គ្រប់​ទី​កន្លែង​ទាំង​អស់ ​នៅ​ក្នុង​ពេល​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣​ នៅ​កម្ពុជា​​»។

​លោក​បាន​​បន្ត​ថា​៖ ​«ការ​ធ្វើ​ឱ្យ​​អ្នក​ស្ម័គ្រចិត្ត​ ​មាន​សមត្ថភាព​ខ្ពស់​ គឺ​យើង​ត្រូវ​ធ្វើ​ឱ្យពួកគាត់ មានការ​យល់​ដឹង​ គ្រប់​ជ្រុង​ជ្រោយ​ ក្នុង​ការ​ធ្វើ​ព្រឹត្តិការណ៍​ទាំង​មូល​ ​ព្រោះ​ជោគជ័យ​ ឬ​មិន​ជោគជ័យ​ មិន​អាច​មើល​រំលង​អ្នកស្ម័គ្រ​ចិត្ត​បាន​នោះ​ទេ​ ហើយ​អ្នក​ស្ម័គ្រ​ចិត្ត​នេះ ​មាន​បណ្តុះ​បណ្តាល​ជា​ជំនាញ​ និង​បណ្តុះ​បណ្តាល​វគ្គ​ធម្មតា»​។​

ចំណែក​លោក​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ ​CAMSOC បាន​​ប្រាប់​​ថា​៖ ​«អ្វី​ដែល​ជ្រើស​រើស​នៃ​ការ​រៀប​ចំ​របៀប​របប ​គឺ​មាន​នៅ​ក្នុង​បទ​បង្ហាញ​ ​ដោយ​​មាន​ភាព​លម្អិត​ល្អ ​និង​មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់​ ហើយ​បាន​ដាក់​ចេញ​នូវ​យន្ដ​ការ​ប្រទាក់​ក្រឡា​គ្នា​បាន​យ៉ាង​ល្អ ​ទាំង​ការ​បណ្ដុះ​បណ្ដាល​ និង​​ប្រភព​នៃ​ការរៀប​ចំ​ជ្រើសរើស​ ហើយ​យន្ត​ការ​ទាំង​នេះ​ ត្រូវ​ការ​បណ្ដុះ​បណ្ដាល​អ្នក​និយម​ចូល​ចិត្ត ​អ្នក​មាន​បទ​ពិសោធ ​មក​ពី​ក្រៅ​ប្រទេស​ និង​​ក្នុង​ប្រទេស ​មក​ពី​សិស្ស​និស្សិត​ និង​មន្ត្រី​តាម​ស្ថាប័ន​មួយ​ចំនួន ​ឬ​អ្នក​ស្រាវ​ជ្រាវ ​ផង​ដែរ​»។

លោក វ៉ាត់ ចំរើន (ពី​ឆ្វេង) លោក​បណ្ឌិត ថោង ខុន និងលោក សុខ សប្បាយណា នៅ​ក្នុង​អង្គ​ប្រជុំ​​របស់​គណៈអចិន្រ្តៃយ៍ CAMSOC កាលពី​ព្រឹក​ថ្ងៃអង្គារ។ រូប​ថត សហការី

លោក​​បន្ថែម​ថា​ ​ចំពោះ​​ឯកសារ​យុទ្ធសាស្ត្រ​នយោបាយ​ និង​ផែនការ​សកម្មភាព​ការងារ​អ្នក​ស្ម័គ្រ​ចិត្ត​នេះ​ ត្រូវ​ឆ្លង​ពី​មួយ​ដំណាក់​កាល​ ទៅ​មួយ​ដំណាក់​កាល ​រហូត​ដល់​ឆ្នាំ ​២០២៣​ ដែល​យើង​ត្រូវ​ការ​ប្រមាណ​ ១​ ម៉ឺន​នាក់ ​សម្រាប់​ស៊ីហ្គេម​ លើក​ទី​៣២​ និង​ចំនួន​ ៤​ ០០០​ នាក់ ​សម្រាប់​អាស៊ាន​ប៉ារ៉ាហ្គេម​ លើក​ទី​១១ ឆ្នាំ ​២០២៣​ ដែល​យើង​ត្រូវ​ធ្វើ​បន្ទាប់​នោះ​។​

ជាមួយ​គ្នា​នេះ លោក​ វ៉ាត់​ ចំរើន​ បាន​លម្អិត​ពី​តួនាទី​ អ្នក​ស្ម័គ្រ​ចិត្ត​ថា​ ​​ត្រូវ​យល់​ដឹង​ព័ត៌មាន​ឱ្យ​​បាន​ទូ​លំទូលាយ​ និង​ទទួល​ខុស​ត្រូវ ​តាម​ផ្នែក ​ឬ​ប្រភេទ​កីឡា​នីមួយ​ៗ ​​ក្នុង​នោះ​ក្រុម​អ្នកស្ម័គ្រ​ចិត្ត​ មាន​គ្រប់​វ័យ ​គ្រប់​មជ្ឈដ្ឋាន​ គឺ​ជា​គ្រូ​បង្វឹក ​មន្ត្រី​កីឡាករ​ចាស់ៗ ​ដែល​គាត់​ចង់​ឃើញ​ និង​ចង់​ចូល​រួម​ ពោល​គឺ​យើង​បើក​ចំហ​ឱ្យ​​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់​។

ជា​ទូទៅ​ការ​រៀប​ចំ​ឱ្យ​មាន​អ្នកស្ម័គ្រ​ចិត្ត​ គឺ​ការ​រៀប​ចំ​កម្លាំង​មនុស្ស​ឱ្យ​​ពេញ​លក្ខណៈ ព្រោះ​​ក្រៅ​ពី​កម្លាំង​ជំនាញ និង​​កម្លាំង​បច្ចេកទេស ​គឺ​ជា​កម្លាំង​អ្នកស្ម័គ្រ​ចិត្ត​នេះហើយ​ ដែល​ជា​មនុស្ស​ជំនួយ​ការ​បន្ថែម ​មាន​តម្លៃ​មិន​អាច​ខ្វះ​បាន​គ្រប់​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ដែល​គេ​ធ្លាប់​ធ្វើ​កន្លង​មក​។​គណៈ​កម្មការ​នេះ​ បាន​ចាប់​ផ្តើម​ចុះ​ឈ្មោះ​ពី​ឆ្នាំ​ ២០២១​ នេះ​ ដោយ​បំពេញ​ឯកសារ​យុទ្ធ​សាស្ត្រ​ឱ្យ​​រួច​រាល់​ទាំង​អស់​ នៅ​ឆ្នាំ​ ២០២២ ​គឺ​យើង​ធ្វើការ​តាម​ផែន​ការ ​ដែល​បាន​រៀប​ចំ ​ក្នុង​គម្រោង​មាន​ហើយ​។

អ្នក​ជំនាញ​ផ្នែកកីឡា លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា ​នៅក្នុង​ជំហាន​ដំបូង​ យើង​មាន​សៀវភៅ​ការងា​រ ​ឬ​សៀវភៅ​គ្រប់គ្រង​ព្រឹត្ដិការណ៍​កីឡាស៊ីហ្គេម​ ដើម្បី​តម្រង់​ទិស​ការងារ​របស់​ខ្លួន​ ឆ្ពោះ​ទៅរក​គោល​ដៅ​ច្បាស់​លាស់​។​ យើង​ចាប់​ផ្តើម​ចែក​ជូន​នូវ​មេរៀន​ ឬ​រៀន​តាម​ប្រព័ន្ធ​អនឡាញ​ជា​បណ្តើរៗ ​ដើម្បី​ឱ្យ​​​​អ្នក​ស្ម័គ្រ​ចិត្ត​ទាំងអស់​យល់​ដឹង ​ពី​តួនាទី​ ភារកិច្ច ​និង​ចាប់​យក​ផ្នែក​ណា​មួយ​៕​