ភ្នំពេញ៖ ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​នឹង​ត្រូវ​​ធ្វើ​ការ​សម្រិតសម្រាំង​ជ្រើសរើស​យក​បេក្ខភាព​ជា​កីឡាការិនី​ចំនួន​ ៤ ​នាក់ ដើម្បី​ហ្វឹកហាត់​ពង្រឹង​សមត្ថភាព​បន្ថែម ត្រៀម​ដាក់​ឱ្យ​ទៅ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​ ២០២១​ នៅ​ប្រទេស​​វៀតណាម ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ សហព័ន្ធ​ក៏​នឹង​បើក​កិច្ច​ប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​​នៅ​មជ្ឈមណ្ឌល​កីឡា​កង​យោធពល​ខេរភូមិន្ទ ​(ស្តាតចាស់)​ ដើម្បី​បែងចែក​ការងារ​តួនាទី ​គណៈកម្មការ​ចំពោះ​កិច្ច​មួយ​សម្រាប់​ដឹកនាំ​ និង​គ្រប់គ្រង​ក្រុម​​អត្តពលិក​ជម្រើស​ជាតិ​​នេះ​ផង​ដែរ។

ការ​ឈាន​ទៅ​រក​ការ​ជ្រើសរើស​បេក្ខភាព​ជើង​ខ្លាំង​ផ្នែក​នារី​នេះ ក៏​ព្រោះ​ម្ចាស់​ផ្ទះ​ប្រទេស​វៀតណាម បាន​សម្រេច​បន្ថែម​ឱ្យ​មាន​ការ​ប្រកួត​ប្រដាល់ Muay ​ផ្នែក​នារី​នៅ​លើ​ប្រភេទ​ទម្ងន់​ចំនួន​ ៤​ ទៀត បន្ថែម​ទៅ​លើ​ប្រភេទ​ទម្ងន់​បុរស​ចំនួន ​៩ ​ប្រភេទ​ទម្ងន់ ហេតុ​នេះ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ចំបាច់​ត្រូវ​ធ្វើ​ការ​ជ្រើសរើស​បេក្ខភាព​ជា​នារី ព្រោះ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ប្រមូល​ផ្តុំ​​ ឆ្នាំ​ ២០២១​ នេះ ក្រុម​ជម្រើសជាតិ​ប្រដាល់​គុន​ខ្មែរ គឺ​មាន​សុទ្ធ​តែ​កីឡាករ​គ្មាន​កីឡាការិនី​សូម្បី​ ១ នាក់។

លោក​ តែម ​ម៉ឺន ​ប្រធាន​សហព័ន្ធកីឡា​ប្រដាល់​គុន​ខ្មែរ​ ​និង​ជា​អគ្គលេខាធិការ​រង ​NOCC ​បាន​​ប្រាប់​​ថា​ ផ្នែក​កីឡាករ​យើង​ទទួល​បាន និង​​ត្រៀម​ខ្លួន​​រួច​ហើយ​ ក្នុង​នោះ​មាន​​ប្រភេទ​ទម្ងន់​​ ៨១ ​គីឡូក្រាម​ ទម្ងន់​ ៦៣,៥ ​គ.ក្រ ទម្ងន់​ ៦០ ​គ.ក្រ ​ទម្ងន់​ ៥៧ ​គ.ក្រ​ និង​ទម្ងន់​ ៥៤ ​គ.ក្រ ​ប៉ុន្តែ​​យើង​គ្មាន​ប្រភេទ​ទម្ងន់​ ៦៧​ គីឡូ​ក្រាម​របស់​​កីឡាករ ឡៅ​ ចិត្ត្រា និង លន ​បញ្ញា​ ទម្ងន់​ ៧១ ​គីឡូ​ក្រាម​របស់ ​ឡៅ ​ចន្ទ្រា ​និង​​ទម្ងន់​ ៥១ ​គីឡូក្រាម​ របស់​ជើង​ខ្លាំង ​ខាំ ​ខ្លានាង ​នោះ​ទេ ​ដោយ​សារ​ម្ចាស់​ផ្ទះ​វៀតណាម​គេ​មិន​មាន​ ហើយ​​ឥឡូវ​នេះ ​យើង​ទើប​តែ​ទទួល​បាន​បន្ថែម​​ផ្នែក​នារី​​​ចំនួន​ ៤ ​ប្រភេទ​ទម្ងន់​ទៀត មាន​ក្នុង​ទម្ងន់​​ ៦៣,៥ ​គ.ក្រ​ ទម្ងន់​ ៦០ ​គ.ក្រ ទម្ងន់​ ៥៧ ​គីឡូក្រាម​ និង​ទម្ងន់​ ៥៤ ​គីឡូក្រាម​។

ប្រធាន​សហព័ន្ធ​​រូប​នេះ ​បាន​បញ្ជាក់​ថា​៖​ «កាល​ពី​ស៊ីហ្គេម ​នៅ​ហ្វីលីពីន​ ឆ្នាំ​ ២០១៩​ យើង​បញ្ជូន​អ្នក​ប្រដាល់​ស្ត្រី​ម្នាក់ ​គឺ​កីឡាការិនី​ សំ​ ថារ័ត្ន ​ទៅ​ប្រកួត​ក្នុង​ទម្ងន់​ ៥៤ ​គីឡូក្រាម​ ​ប៉ុន្តែ​បាន​ចាញ់​នៅ​ក្នុង​​វគ្គ​ជម្រុះ​ដំបូង ព្រោះ សំ ថារ័ត្ន ​បាន​ប៉ះ​ជាមួយ​​​​កីឡាការិនី​របស់​​វៀតណាម ​ដែល​ជា​ម្ចាស់​មេដាយ​មាស​ ៣​ ជំនាន់​។ ចំណែក​​ស៊ីហ្គេម​នៅ​វៀតណាម​ ឆ្នាំ​ ២០២១​ នេះ​ សហព័ន្ធ​កំពុង​ពិចារណា ​និង​ស្វែងរក​កីឡាការិនី​ឆ្នើម​ចំនួន​ ៤ ​ប្រភេទ​ទម្ងន់​នេះ ​ដើម្បី​​ធ្វើ​ការ​ហ្វឹកហាត់​ត្រៀម​ឱ្យ​ល្អ​សម្រាប់​ព្រឹត្តិការណ៍​នេះ​»​។​

ជាមួយ​គ្នា​នេះ លោក​ តែម​ ម៉ឺន​ មាន​ការ​ជឿជាក់​ថា​ ក្រុម​ប្រដាល់​គុន​ខ្មែរ​ នឹង​​ដណ្តើម​បាន​មេដាយ​ពី​ការ​ប្រកួត​ស៊ីហ្គេម ​លើក​នេះ​ជា​មិន​ខាន​ ដោយ​លោក​បាន​បញ្ជាក់​ថា៖ ​«កីឡា​គុន​ខ្មែរ​របស់​យើង ​នៅ​តែ​ជា​ប្រភេទ​កីឡា​ ដែល​រំពឹង​​ខ្ពស់​ក្នុង​ការ​ដណ្តើម​បាន​មេដាយ​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម ​ហើយ​ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ ​សហព័ន្ធ​មាន​កំណែ​ទម្រង់​ឱ្យ​កាន់​តែ​ប្រសើរ ​ដែល​ជ្រើសរើស​គ្រូ​បង្វឹក​ល្អៗ ​ពិសេស​ពង្រឹង​ផ្នែក​​បញ្ហា​វិន័យ​ និង​​ហ្វឹកហាត់​ ដែល​មាន​​គណៈ​កម្មការ​ចំពោះ​កិច្ច​ ចាំ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​ក្នុង​គោល​បំណង​ដណ្តើម​ឱ្យ​​បាន​មេដាយ​ជូន​ប្រទេស​ជាតិ»។​

ចំពោះ​គណៈកម្មករ​ចំពោះ​កិច្ច​នេះ លោក​ រាជ ​សុផែន ​ប្រធាន​គណកម្មការ​ព័ត៌មាន​ផ្សព្វផ្សាយ​​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ​បាន​​ប្រាប់​ថា​៖ «នៅ​​ថ្ងៃ​ស្អែក (ថ្ងៃ​ពុធ) ​​សហព័ន្ធ​នឹង​ប្រជុំ​ឆ្លង​យោបល់​ និង​បែង​ចែក​តួនាទី​គណៈកម្មការ​ចំពោះ​កិច្ច ​និង​ពិនិត្យ ​ទៅ​លើ​សមាសភាព​កីឡាការិនី​ក្នុង​ប្រភេទ​ទម្ងន់ ​ដែល​គ្រោង​បញ្ជូន​ទៅ​ចូលរួម​ប្រកួត​នៅ​ស៊ីហ្គេម​ប្រទេស​វៀតណាម ​​ចុង​ឆ្នាំ​នេះ»​៕​​