ភ្នំពេញៈ កីឡាករ​ជើងចាស់ ម៉ន សាម៉េត បាន​អះអាង​ថា រូបគេ​នឹង​អាច​យក​ឈ្នះ​ដោយមិន​លំបាក ឬ​ស៊ីផុយ សម្រាប់ការ​ជួបអ្នក​ប្រដាល់ ថា សារុន សម្រាប់​ការ​ប្រកួត​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ​ក្នុង​​ព្រឹត្តិការណ៍​ស្តេចប្រដាល់ នៅ​លើ​សង្វៀនហង្សមាស នា​ព្រលប់​ថ្ងៃសៅរ៍​នេះ ប៉ុន្តែ​អ្នក​លេងកណ្តាប់ដៃ លាភ រដ្ឋា ហាក់មានការ​បារម្ភ ​ទៅនឹងការ​ប្រឈម​មុខ ជាមួយ​កីឡាករ​បាន​កម្ពស់ អេ អាំម៉ារីនភូថង។

បេក្ខភាព​ឆ្នើម​​ ម៉ន ​សាម៉េត ដែល​ទើប​បាន​ទម្លាក់កីឡាករ ទូច ដេវីដ នៅ​ក្នុង​វគ្គ ​៨ នាក់​ចុងក្រោយ​នោះ មិនបាន​គិត​ថា ការ​ឡើងមក​ជួប ថា សារុន នៅ​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ ជា​ការ​ពិបាក​នោះ​ទេ បើ​ទោះបីជា សារុន ធ្វើ​បាន​ល្អ ហើយទើប​បាន​ឈ្នះ បាង កាយ៉ាក នៅវគ្គ ​១/៤ ​ផ្តាច់​ព្រ័ត្រ កាលពី​សប្តាហ៍មុន​​ក៏​ដោយ។ ជារួមសម្រាប់​ព្រឹត្តិការណ៍នេះ មិនបានទុក​ពេល​ឱ្យ​កីឡាករ​បានសម្រាក​​នោះ​ទេ គឺ​​ប្រកួតជាប់ៗ​គ្នា​តែ​ម្តង។

សិស្សគណ​ក្លិប​កងចក្ររាជសីហ៍មានរិទ្ធ ម៉ន សាម៉េត បាន​និយាយ​ថា៖​ «​ការ​ប្រកួត​​វគ្គ​នេះ​សំខាន់​ គឺ​បើ​ឈ្នះ ​នឹង​ឡើង​​ទៅ​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​។​ ចំ​ពោះ​ការ​ជួប ​ថា ​សារុន លើកនេះ ​ខ្ញុំ​គិត​ថា មិន​លំបាក​ឈ្នះ​ទេ។ ខ្ញុំ​ធានា​ថា​ឈ្នះ​ ១០០ ​ភាគ​រយ ​គឺ​និយាយ​ទៅ​ស៊ី​ផុយ​តែ​ម្តង​ ដោយ​មិន​ទុក​ពេល​វេលា​ប្រកួត​ឱ្យ​​យូរ​នោះ​ទេ! ​ផ្តួល​ពេល​ណា​បាន ​នឹង​ផ្តួល​ឱ្យ​​សន្លប់​តែ​ម្តង»​។​

ចំណែក​លោក​ ម៉ាង ​ម៉ន ជា​គ្រូ​បង្វឹក ​និង​ជា​ឪពុក​បង្កើត​របស់ ម៉ន សាម៉េត បាន​​និយាយ​ថា៖​ «​​អាម៉េត​ ពិត​ជា​នឹង​ឈ្នះ​ ដោយ​គ្មាន​ឧបសគ្គ​រារាំង​ធំដុំ​នោះ​ឡើយ ​ប៉ុន្តែ​យើង​មិន​អាច​មើល​ងាយ​សមត្ថភាព​គេ​បាន​ទេ​ គឺ​វ៉ៃ​ក្នុង​លក្ខណៈ​ប្រុង​ប្រយ័ត្ន​បំផុត​។​ ​ខ្ញុំ​រំពឹង​​ឈ្នះ ​១០០ ​ភាគ​រយ»​។​

អ្នក​ប្រដាល់​វ័យក្មេង អេ អាំម៉ារីនភូថង (ឆ្វេង) ត្រូវ​ប្រកួតជាមួយ លាភ រដ្ឋា ដើម្បី​យក​អ្នក​ឈ្នះ ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។ រូប​ថត សហការី

ជាមួយ​គ្នា​នេះ លោក ​ណន ​រិទ្ធ ​គ្រូ​បង្វឹក ​ថា ​សារុន ក៏ទទួល​ស្គាល់​ថា សិស្ស​របស់ខ្លួន​ទៅមិនរួច​ជាមួយ ម៉ន សាម៉េត ដែរ។ លោក​​​និយាយ​ថា​៖ ​«​យើង​គ្មាន​អ្វី​និយាយ​ទេ​ ​ព្រោះ​ ថា​ សារុន​ និង​ ម៉ន​ សាម៉េត​ ពិត​ជា​មាន​សមត្ថភាព​ខុស​គ្នា​ឆ្ងាយ​មែន ​ប៉ុន្តែ​ពេល​ប្រកួត​គ្នា នៅ​​លើ​សង្វៀន​ ​ទោះ​បីជា​សង្ឃឹម​តិច​ក្តី ​ក៏​យើង​នៅ​តែ​ប្រឹង​ប្រែង​ប្រ​កួត​ឱ្យ​​អស់​ពី​សមត្ថភាព​ដែរ»​។​

ដោយឡែក​កីឡាករ​ លាភ​ រដ្ឋា​ ដែល​ត្រូវ​ប៉ះជើងខ្លាំង​វ័យក្មេង អេ អាំម៉ារីនភូថង បាន​និយាយ​ថា​៖​ «​​ខ្ញុំ​ធ្លាប់​ប្រ​កួតចាញ់​ពិន្ទុ ​អេ ​អាំ​ម៉ារីនភូថង ​ម្តងហើយ ចំណែក​ការ​ជួបគ្នា​លើក​នេះ ​ខ្ញុំ​ហាត់​ពេញ​ល្អ​ ប៉ុន្តែ​ការ​ប្រ​កួត​នេះ ​ពិត​ជា​លំបាក​ ​ព្រោះ​គាត់​ខ្ពស់ ​ខ្ញុំ​ចូល​វាយ​មិន​ដល់​គោល​ដៅ​ល្អ​ទេ។ ​ខ្ញុំ​ព្រួយ​បារម្ភ​ខ្លាំង ​ចំពោះ​ការ​ប្រ​កួត​នេះ ​ដោយ​​សង្ឃឹម​ឈ្នះត្រឹម​​ ៥០ ​ភាគ​រយ​​ទេ! ​ក្បាច់ ​និង​ស្នៀត​ប្រកួត​​របស់ ​អាំម៉ារីន​ គ្មាន​អ្វី​ដែល​ខ្លាច​ទេ ​តែ​គាត់​ខ្ពស់ ​ខ្ញុំ​លំបាក​ចូល​វ៉ៃ​»។

ចំណែក​លោក​ ចាន់​ ពៅ​ គ្រូ​បង្វឹក​កីឡាករ ​​លាភ ​រដ្ឋា បាន​ប្រាប់​ថា​៖​ «យើង​នៅ​មាន​សង្ឃឹម​ឈ្នះ​ច្រើន​ ប្រ​សិន​បើ ​រដ្ឋា ​ហ៊ាន​ចូល​វាយ​ប្តូ​រ គឺ​កុំ​វាយ​មុខគេ ព្រោះ​​វា​ខ្ពស់​ពេក​ គឺ​យើង​ត្រូវ​​ទាត់​ជើង​ក្រោម​ ព្រមទាំង​ចូល​វាយ​ឆ្អឹង​ជំនីរ និង​​ពោះ​ឆ្វេង​ស្តាំ​ គឺ​ចូល​គោល​ដៅ​ល្អ​ អាច​ផ្តួល​ឱ្យ​​សន្លប់​បាន»​។​

ចំពោះ លោក អេ​ ភូ​ថង​ ដែលជា​ឪពុក និងជា​គ្រូ​បង្វឹក​កីឡាករ អេ អាំម៉ារីនភូថង មិន​អាច​ទាក់​ទង​សម្ភាស​បាន​ទេ ​ប៉ុន្តែ​ប្រ​វត្តិ​ប្រ​កួត​របស់ ​អេ អាំម៉ារីនភូថង គឺ​ប្រកួត​​មួយ​រយៈ​នេះ​ ឈ្នះ​ជា​និច្ច​ ហើយ​​ស្នៀត​ប្រយុទ្ធ​ប្រចាំ​ត្រកូល​របស់​កីឡាករ​រូប​នេះ គឺ​​វាយ​ទប់​ទល់​ដោយ​​ទាត់​ឆ្ងាយ​ និង​ល្អ​ផ្នែក​ជង្គង់​៕