ភ្នំពេញ៖ លោក ទែន ឡន មន្ត្រីបម្រើការ នៅនាយកដ្ឋានអប់រំកាយសិស្សនិស្សិត ដែលមានបទពិសោធចូលរួម ក្នុងសកម្មភាពកីឡាបាល់ទះជាច្រើននោះ ត្រូវបានសហព័ន្ធកីឡាបាល់ទះពិភពលោក ជ្រើសរើស និងទទួលស្គាល់ជាអាជ្ញាកណ្តាលបាល់ទះអន្តរជាតិពេញសិទ្ធិតាំងពីថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២០ បន្ទាប់ពីលោកបានឆ្លងកាត់ការសិក្សា និងធ្វើតេស្តជាច្រើនលើករួចមក។
យ៉ាងណាក៏ដោយ នៅមុនទទួលបានវិញ្ញាបនបត្រអាជាកណ្តាលបាល់ទះអន្តរជាតិនេះ បុរសមានស្រុកកំណើត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោក ទែន ឡន ធ្លាប់បានចូលរួម និងឆ្លងកាត់វគ្គបណ្តុះបណ្តាលជាច្រើន ពិសេសលោកធ្លាប់ចូលរួមធ្វើជាអាជ្ញាកណ្តាល នៅក្នុងការប្រកួតជើងឯកអន្តរជាតិនានា ពិសេសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជាច្រើនកន្លង ខណៈបច្ចុប្បន្ននេះ លោកជាមន្ត្រីកីឡា ក្នុងក្របខ័ណ្ឌរបស់ក្រសួងអប់រំ យុវជន និងកីឡា។
លោក ទែន ឡន បាននិយាយថា៖ «ការទទួលស្គាល់ ឬជាប់ជាអាជ្ញាកណ្តាលបាល់ទះកម្រិតអន្តរជាតិនេះ ខ្ញុំត្រូវឆ្លងវគ្គបណ្តុះបណ្តាលលំដាប់អន្តរជាតិ ដោយមានបទពិសោធ អាចចូលរួមធ្វើជាអាជ្ញាកណ្តាល ក្នុងព្រឹត្តិការណ៍លំដាប់ធំៗកម្រិតទ្វីប និងពិភពលោក ព្រោះលក្ខខណ្ឌនេះ គេមិនគិតត្រឹមធ្វើជាអាជ្ញាកណ្តាល ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ បានទេ»។
លោក ទែន ឡន បានរំឭកពីប្រវត្តិ និងសកម្មភាពកីឡារបស់លោកថា៖ «ខ្ញុំបានជាប់ជាអាជ្ញាកណ្តាលបាល់ទះអន្តរជាតិ ដោយទទួលស្គាល់ តាំងពីឆ្នាំ ២០២០ តាមរយៈរៀនវគ្គបណ្តោះបណ្តាលផង ចូលរួមសកម្មភាពប្រកួតផង។ កាលឆ្នាំ ២០១៥ ខ្ញុំបានដឹកនាំការប្រកួតបាល់ទះកម្រិតស៊ីហ្គេម នៅប្រទេសសិង្ហបុរី ហើយនៅឆ្នាំដដែលនោះ ខ្ញុំទៅធ្វើអាជ្ញាកណ្តាលប្រកួតលក្ខណៈអន្តរជាតិនៅប្រទេសឡាវ បន្ទាប់ពីខ្ញុំបានទៅរៀនវគ្គបណ្តុះបណ្តាល នៅប្រទេសជប៉ុន ឆ្នាំ ២០១៤»។

លោកបានបន្តថា នៅឆ្នាំ ២០១៦ លោកបានបន្តទៅរៀនវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាលនៅប្រទេសថៃ ហើយចូលដល់ឆ្នាំ ២០១៧ និងឆ្នាំ ២០១៩ លោកបានធ្វើជាអាជ្ញាកណ្តាលបាល់ទះ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ី នៅប្រទេសវៀតណាម ហើយឆ្នាំ ២០២០ លោកបានជាប់ជាគ្រូជម្រើសជាតិបាល់ទះថ្នាល។
ជាមួយគ្នានេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីមោទនភាព ចំពោះលោក ទែន ឡន ដែលមានសមត្ថភាពចេញទៅដឹកនាំការប្រកួតនានា ដែលរៀបចំនៅឆាកអន្តរជាតិទាំងកម្រិតអាស៊ាន និងក្នុងទ្វីបអាស៊ី ក្នុងនាមជាអាជ្ញាកណ្តាលបាល់ទះកម្ពុជា។
លោក ស សុខា បានថ្លែងប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីពេលថ្មីៗនេះថា៖ «ក្នុងនាមជាកូនខ្មែរមួយរូប ខ្ញុំពិតជាមានមោទនភាពជាខ្លាំង ដែលកូនខ្មែរ (លោក ទែន ឡន) មានសមត្ថភាព ត្រូវបានសហព័ន្ធអន្តរជាតិ ទទួលស្គាល់ និងជ្រើសរើសឱ្យក្លាយជាថ្នាក់ដឹកនាំ ឬជាបុគ្គលសំខាន់ ក្នុងព្រឹត្តិការណ៍លើឆាកអន្តរជាតិ ដែលមិនត្រឹមតែផ្តល់តម្លៃដ៏អស្ចារ្យ សម្រាប់ខ្លួនឯង និងគ្រួសាររបស់លោកនោះទេ គឺលោក ទែន ឡន បានផ្តល់កិត្តិយស សម្រាប់ប្រទេសជាតិយើងទាំងមូល»។
យោងតាមឯកសារ និងប្រវត្តិ គឺ លោក ទែន ឡន មានកម្រិតវប្បធម៌ខ្ពស់ ដោយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ចំណែកក្នុងវិស័យកីឡាវិញ លោកជាគ្រូកីឡា ចេញពីវិទ្យាស្ថានកីឡា ដោយលោកធ្លាប់បានឆ្លងវគ្គគ្រូបាល់ទះ គ្រូអត្តពលកម្ម គ្រូប៉េតង់ និងបានឆ្លងវគ្គគ្រូកីឡាសីដក់ផងដែរ៕