ភ្នំពេញ៖ សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក ​បាន​បញ្ចេញ​ឈ្មោះ​កីឡាករ និង​កីឡាការិនីទាំង​ ២​ រូប ​ដែល​ត្រូវ​ចេញ​ទៅ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​រដូវ​ក្ដៅនៅ​ទី​ក្រុង​តូ​ក្យូ ​ប្រទេស​ជប៉ុន ​ឆ្នាំ​ ២០២០​ ដោយត្រូវបាន​លើក​មកធ្វើនៅ​ឆ្នាំ ​២០២១ ជា​ផ្លូវ​ការ​ហើយ ​បន្ទាប់​ពី​សម្រិត​សម្រាំង​ និង​ធ្វើ​តេស្ត​សមត្ថភាព ដោយ​អ្នក​ទាំង​ ២ នេះ ​មាន​សមត្ថ​ភាពឆ្នើម​ជាង​ដៃ​គូ​ប្រជែង​ដទៃ​ទាំងអ្នក​នៅ​ក្នុងស្រុក និង​ក្រៅ​ប្រទេស​។​

បេក្ខភាពដែល​ត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ គឺ​​​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​ ហែម ប៉ុច រស់​នៅ​កម្ពុជា និង​កីឡាការិ​នី ​ម៉ីលិតាន ​មីននិក មក​ពីអាមេរិក ដែល​​​ជា​កូន​កាត់​ខ្មែរ-​អាមេរិក មាន​ម្តាយ​​ដើម​កំណើត​ខ្មែរ​។​ អ្នកទាំង ២​ នេះ ត្រូវ​បាន​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ សម្រេច​​ជ្រើស​រើស​រួច​ហើយ​ ដើម្បី​ត្រៀម​ប្រកួតហែល​របៀប​សេរី​ ចម្ងាយ ៥០ ​ម៉ែត្រ​ ​ក្នុង​ព្រឹត្តិការណ៍​អូឡាំពិក​។​

លោក ​ហែម ​គីរី​ អគ្គ​លេខា​ធិ​ការ សហព័ន្ធ​ខ្មែរ​កីឡាហែល​ទឹកបាន​ប្រាប់​​ថា​៖ ​«ការ​ចូល​រួម​ប្រកួត​កីឡា​អូឡាំពិក​នេះ ​កម្ពុជា​ពុំ​មាន​សមត្ថភាព ​ឬ​លទ្ធភាព​ភាព​​ប្រកួតជម្រុះ​ដណ្តើម​បានកៅអី​ពេញសិទ្ធិនោះ​ទេ គឺ​​កម្ពុជាទទួល​បាន​សិទ្ធិ​អនុ​គ្រោះ ​(Wild Card) ​​នូវ​កីឡាករ​ ១ នាក់ ​និង​កីឡា​ការិនី​១នាក់​ ដែល​មាន​តម្រូវ​ឱ្យ​​លេង​តែ​មួយ​វិញ្ញាស​គឺ ​ហែលសេរី ៥០ ​ម៉ែត្រ​»។​

លោក​បាន​បន្ត​ថា ការ​ចូលរួម​ប្រកួត ​ដោយ​ភាព​អនុគ្រោះ​បែប​នេះ ​សហព័ន្ធ​កីឡា​ហែល​ទឹក​អន្តរជាតិ ​(FINA) បាន​​អនុញ្ញាតិ​ឱ្យ​​លេង​តែ​មួយ​វិញ្ញាសា​ប៉ុណ្ណោះ ​គឺ​​ហែលសេរីចម្ងាយ​ ៥០​ ម៉ែត្រនេះ ​​ដែល​ជា​ច្បាប់​អនុគ្រោះ​ដល់​ប្រទេស​​ជា​​សមាជិក​របស់​គណៈ​កម្មាធិការ​ជាតិ​អូ​ឡាំ​ពិក​​អន្តរជាតិ ​(IOC)​។

​ប្រសិន​បើ​កម្ពុជាទទួល​បានកៅអី​​ចូល​រួម​ប្រកួតដោយ​ពេញសិទ្ធិ​ ឬ​ឈ្នះ​នៅក្នុងការ​ប្រកួត​ជម្រុះ​វិញ​នោះ ​គឺ​យើង​អាច​ចូល​លេង​បាន​ច្រើន​វិញ្ញា​សា​ទៀត ប៉ុន្តែ​យើង​មិន​ធ្លាប់ធ្វើ​បាន​នោះ​ទេ​។ ​យ៉ាង​ណា​ក្តី​ សហព័ន្ធ​ខ្មែរ​កីឡា​ហែល​ទឹក​ ​នៅ​តែ​សម្រិត​សម្រាំង​កីឡាករ​ម្នាក់ ​និង​កីឡាការី​ម្នាក់​ តាម​ការ​ប្រ​កួត​ប្រជែង​ធ្វើ​តេស្ត​ដោយ​តម្លាភាព​ ព្រម​ទាំង​មាន​សមត្ថភាព​ល្អ​ជាង​គេ ​របស់​ប្រទេស​យើង​ទៅ​ចូល​រួម​។​

ទាក់​ទង​ទៅ​នឹង​ប្រ​វត្តិ​ប្រ​កួត ​និង​កម្រិត​បច្ចេកទេស​នៃ​ថិរវេលា​ប្រ​កួត​កន្លង​មក ​លោក​ ហែម ​គីរី បាន​​​ប្រាប់​ថា កីឡាករ ​ហែម ​ប៉ុច ​កើតក្នុង​​ឆ្នាំ​ ១៩៩៩ ​ជា​កីឡាករ​ជម្រើស​ជាតិ ដែល​មាន​សមត្ថ​ភាព​ល្អ​ជាង​គេ​ ក្នុង​ប្រភេទ​ហែលទឹកសេរី ​ចម្ងាយ​ ៥០​ ម៉ែត្រ​ ដោយ​​​កម្រិត​បច្ចេកទេស​ជាកំណត់​ត្រា​​ផ្លូវ​ការ​របស់ ហែម ប៉ុច ​គឺ​ធ្វើ​បាន​ក្នុង​​​ថិរ​វេលា​ ២៤ ​វិនាទី​ ៩៩​។​ ចំណែក​កីឡាការិនី ម៉ីលិតាន ​មីននិកវិញ ​មាន​ថិវេលា​ ២៨ ​វិនាទី ​៩៩​។

​លោក​អគ្គ​លេខាធិការ​រូបនេះ បាន​បញ្ជាក់​ថា៖ «​​កីឡាករ​ ហែម​ ប៉ុច​ ធ្លាប់​ឆ្លង​កាត់​ការ​ប្រកួត​អន្តរជាតិ​ជា​ច្រើន ​ហើយ​កីឡាការិនី​ ម៉ីលិតាន ​មីននិក ​ធ្លាប់​ឈ្នះ​ជើង​ឯក​ នៅ​សកល​វិទ្យាល័យ​នៅ​សហរដ្ឋ​អាមេរិក​ ប៉ុន្តែ​សម្រាប់ការ​ប្រកួត​នេះ យើង​មិន​អាច​រំពឹងបាន​លទ្ធផល​ល្អ​ទេ​ ព្រោះ​កម្រិត​អូ​ឡាំ​ពិក​ពិភភព​លោក គឺ​​គ្រាន់​តែ​មាន​ឱកាស​បាន​ចូល​រួម​ ជា​កិត្តិយស​ឱ្យ​​គេ​ស្គាល់​ វា​ប្រ​សើរ​ណាស់​ទៅ​ហើយ»​។

លោក​ ហែម​ គីរី​ បានបញ្ជាក់​ថា​ កីឡាការិនី ម៉ីលិតាន ​មីននិក រស់​នៅប្រទេស​អាមេរិក​មែន​ តែ​សហព័ន្ធខ្មែរ​កីឡាហែល​ទឹក បាន​ធ្វើ​តេស្ត​លើ​សមត្ថភាព​របស់​គាត់ តាម​អនឡាញ​ គឺ​គាត់​ពិតជា​​កីឡាការិនី​មួយ​រូប ​ដែល​មាន​ជំនាញ​ហែល​ចម្ងាយ​ ៥០ ម៉ែត្រ​របៀបសេរី​នេះតែ​ម្ដង​។

កូន​ប្រុស​របស់​ព្រឹទ្ធាចារ្យ ថែម ថុន រូបនេះ បាន​ប្រាប់​ទៀត​ថា ​ចំពោះ​ការ​​ប្រកួត​​ហែល​សេរី ចម្ងាយ ​៥០ ម៉ែត្រ ​របស់​​កីឡាករ ​ហែម ប៉ុច​ វិញ គឺ​យើង​បាន​​ធ្វើតេស្តក្រុម​អត្តពលិក​​ជា​ច្រើននាក់ តែ ហែម ប៉ុច នៅ​​តែមាន​​ចំណាត់​ថ្នាក់​លើគេ​រហូត​ ហើយមិន​តែ​ប៉ុណ្ណោះ​កីឡាករ​រូបនេះ មាន​ចិត្ត​អំណត់​ក្នុង​ការ​​ហ្វឹក​ហាត់​​ណាស់​ គឺ​ទោះ​បី​ស្ថិត​ក្នុង​ស្ថានភាព​​ជំងឺកូវីដ១៩​ ក៏ដោយ ក៏​គេ​​មិន​លះ​បង់​ការ​ហ្វឹកហាត់​នោះ​ដែរ។​

ចំពោះ​គ្រូ​បង្វឹក​ ដែ​លត្រូវ​​ដឹក​នាំ​អត្តពលិក​ទាំង ​២ នេះ ​ទៅ​ចូលរួម​ការ​ប្រកួត​កីឡាអូឡាំពិក​លើកនេះ គឺ​ជាអតីត​កី​ឡាករ​ជម្រើស​ជាតិ​កម្ពុជា ​ដែល​​ធ្លាប់​បាន​ចូល​រួមប្រកួត​​​កីឡា​​អូឡាំពិក នេះ កន្លង​មក ​ប៉ុន្តែ​សហព័ន្ធ​​ខ្មែរ​កីឡា​ហែល​ទឹក នៅ​មិន​ទាន់​បង្ហាញ​ឈ្មោះ​ នៅឡើយ​​ទេ៕