ភ្នំពេញ៖ អ្នក​ប្រដាល់​ជើង​ថ្មី​ ខាន់ ​ឃន ​​របស់​​ក្លិប​បញ្ជា​ការដ្ឋាន​ទ័ព​ពិសេស​ ៩១១ ​ពិត​ជា​មាន​ចិត្តធំ ​ហ៊ាន​ឡើង​មក​ត​តាំង​ជា​មួយ​អ្នក​ប្រដាល់​ជើងខ្លាំង​ ក្នុង​ការ​​ប្រកួត​ម៉ារ៉ាតុង​ដណ្តើមដណ្តើមប្រាក់​ ៣,​៤ ​​លាន​រៀល ​នៅ​សង្វៀន​ថោន នា​​ថ្ងៃ​អាទិត្យ​នេះ​ ដោយរូបគេ​ ​ត្រូវ​ប្រឈម​ជា​មួយ​កីឡាករ​ជើង​ចាស់​ឆ្នើមៗ​ចំនួន ​៣ ​នាក់​ទៀត​ មាន ​វៀត ​ប៊ុន​ឌឿន​, ពុទ្ធ​ សំបូរ​ និង​ អេលីត​ សាន់​។

​ទាក់ទង​ទៅនឹង​វត្តមាន​របស់ ខាន់ ឃន នេះ ​លោក ​ជួប ​វុត្ថា អ្នក​ផ្គូ​ផ្គង​ប្រចាំ​សង្វៀន​ថោន បាន​ទទួល​ស្គាល់​ថា៖ ​«នៅ​​ក្នុង​ចំណោម​អ្នក​ប្រដាល់​ទាំង ​៤ ​នាក់ ​ដែល​ត្រៀម​ប្រ​កួតលើក​​​នេះ​ កីឡាករ​ ខាន់​ ឃន​ ពិត​ជា​ខ្វី​វស្សា​ជាង​គេ​មែន​ ប៉ុន្តែ​តាម​រយៈ​ការ​តាម​ដាន​សកម្មភាព​ប្រដាល់​​គឺ​​រូប​នេះ​ មាន​ចិត្តធំ ​ចូល​វាយ​សម្រុក​គ្មាន​ញញើត​ថា​ ជើង​ចាស់ ​ឬ​រៀម​ច្បង​នោះ​ឡើយ​ ហើយ​ជើង​ចាស់​មួយ​ចំនួន​ ក៏​ធ្លាប់​បាន​​សន្លប់​ក្រោម​​កណ្តាប់​ដៃ​របស់​​គេ​ ​មិន​តិច​ដែរ»​។​

លោក​ ជួប​ វុត្ថា​ បាន​បញ្ជាក់​ថា​៖ «​ដៃ​គូ​ប្រ​កួត​មានសមត្ថភាព​ប្រហាក់​ប្រហែល វៀត ​ប៊ុន​ឌឿន​, ពុទ្ធ​ សំបូរ​ និង​ អេលីត​ សាន់ ​មិន​ខ្វះ​ទេ​ ប៉ុន្តែ​យើង​មើល​ឃើញ​ពី​សមត្ថភាព​​របស់ ខាន់​ ឃន​ នេះ​ ព្រោះ​គេ​កំពុង​ល្អ ​ចិត្ត​ក្លាហ៊ាន ហេតុនេះយើង​​ត្រូវ​ដាក់​ឱ្យ​​គាត់​ប្រ​កួត​ ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត​របស់​អ្នក​ជំនាន់​ក្រោយ​ផង»​។​

ចំណែក​អតីត​កីឡាករ​ជើង​ខ្លាំង លោក​ ឡៅ​ ស៊ី​ណាត​ ដែល​ជាគ្រូ​បង្វឹក​ជំនួយ ខាន់ ឃន​ ក៏​បាន​សរសើរ​ពី​ភាពក្លាន​ហ៊ានសិស្ស​របស់​ខ្លួន​ផងដែរ។ «​ខាន់ ​ឃន ​នេះ​ ខ្វី​វស្សា​ណាស់​ តែ​ចិត្ត​វា​ធំ​ណាស់ គឺ​​វា​ចង់​ឡើង​វ៉ៃ​ជា​មួយ​ជើង​ខ្លាំងៗ​។​ សមត្ថភាព​របស់​វា ​​នៅ​ក្រោម​កីឡាករ​ ថៃ​ រ៉េត ​ប៉ុន្តែ​ចិត្ត​ខ្លាំង​ដូច​គ្នា​ គឺ​ពេល​ឡើង​វ៉ៃ​ មិន​ចេះ​សំចៃ​កម្លាំង​ទេ​»។

ឡៅ​ ស៊ីណា​ បាន​បន្ថែម​ថា៖ ​«​ខ្ញុំ​មិន​និយាយ​អួត​ទេ​ ខាន់ ឃន ​វ៉ៃ​លក្ខណៈ​ផ្សង​សំណាង​​អ៊ីចឹង​បើ​ជើង​ចាស់​ប្រហែស​ អាច​សន្លប់​ក្រោម​កណ្តាប់​ដៃ​ និង​ស្នៀត​​ទាត់​របស់​​វាក៏​ថា​បាន​។​ ទោះ​យ៉ាង​ណា​ ខ្ញុំ​មិន​ហ៊ាន​ទស្សន៍​ទាយ​ពី​លទ្ធផល​វា​ទេ​ ​ព្រោះ​បេក្ខភាព​ ​៣​ នាក់ទៀត​​មាន វៀត ​ប៊ុន​ឌឿន​, ពុទ្ធ​ សំបូ​រ និង ​អេលីត ​សាន់​ សុទ្ធ​តែជាជើងចាស់ ហេតុ​នេះ​ វា​ពិត​ជា​លំបាក​ឈ្នះ​ណាស់។ និយាយ​ទៅ​ ខ្ញុំ​មើល​ឃើញ​ថា​ វា​វ៉ៃ​ផ្សង​សំណាង​ ជាង​សមត្ថភាព»​។​

ចំណែក​ លោក​ ស៊ន ​អេលីត ​គ្រូ​បង្វឹក​របស់ ​អេលីត​ សាន់​ បាន​និយាយ​ថា​៖​ «​នៅ​ក្នុង​ចំណោម​កីឡាករ​ទាំង​ ៤​ នាក់​នេះ ​ខ្ញុំ​​មើល​ឃើញ​ថា ​អេលីត ​សាន់ ​នឹង​យក​ប្រាក់​លាន​ម្តង​ទៀត​មិន​ខាន​​។​ ​ទោះ​យ៉ាង​ណា អេលីត ​សាន់ ​មាន​ឧបសគ្គ​ធំ ​​បើសិនជា​ចាប់ឆ្នោត​ប៉ះ​ ​វៀត ​ប៊ុន​ឌឿន​ តែ​ក្រៅ​ពី​នេះ​ដូច​ជា​ ពុទ្ធ​ សំបូរ​ ឬ​ជើង​ថ្មី​ ខាន់​ ឃន ​​មិន​ជា​បញ្ហា​នោះ​ឡើយ»​។​

ជាមួយ​គ្នា​នេះ លោក​ ធន់ ​សុភា​ អតីតគ្រូ​បង្វឹក​កីឡាករ ​វៀត ​ប៊ុនឌឿន​ បាន​និយាយ​ថា​៖ «​ប៊ុន​ឌឿន ​ចេញ​ពី​ខ្ញុំ​ ហើយ​នៅ​ក្លិប​គេ​ផ្សេង​ ប៉ុន្តែ​ក្នុង​ចំណោម​កីឡាករ​ ៤​ នាក់​នេះ​ ខ្ញុំ​មើល​ឃើញ​ថា​វៀត ​ប៊ុន​ឌឿន​ មាន​ប្រៀប​ជាង​គេ ​គឺ​សង្ឃឹម ​៨០ ​ភាគ​រយ​។​ ​ចំណែក​ជើង​ថ្មី ​ខាន់ ​ឃន​ មិន​អាច​មើល​រំលង​បាន​ទេ​ ព្រោះ​វ៉ៃ​បាន​គ្រប់​ស្នៀត​ ពិសេសកែង​ល្អ​ និង​មាន​កម្ពស់​ខ្ពស់​ទៀត ​ហើយ​កាល​ពី​ពេលថ្មីៗ​នេះ​ ខាន់ ឃន ទើប​តែ​ឈ្នះ​កីឡាករ​ ឆាយ​ មាស​ នៅ​បាយ័ន»​។​

តាម​ប្រ​វត្តិ​ប្រ​កួត ​ដែល​ទទួល​បាន​ពី​គណៈ​កម្មការ​ប្រ​កួត បាន​ឱ្យ​​ដឹង​ថា​ ​ខាន់ ឃន ​ប្រ​កួត​បាន​ ៥០​ ដង ​ឈ្នះ​ ៣៥ ចាញ់​ ១០​ និង​​ស្មើ​ ៥​ ដង ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​​សន្លប់​បាន​ ១២ ​លើក​។ ចំណែក ​ពុទ្ធ ​សំបូរ​ ប្រកួត​បាន ​៧០ ​ដង ​ឈ្នះ​ ៤៧​ ​ចាញ់​ ២០ និង​​ស្មើ​ ៣​ ដង ​ក្នុង​នោះ​ផ្តួល​គូប្រកួត​​ឱ្យ​​សន្លប់​បាន​ ១៩​ ដង​ រីឯ ​អេលីត ​សាន់​ ប្រ​កួត​បាន ​​៧៦ ​ដង ​ឈ្នះ​ ៦៣​ ចាញ់​ ១១​ និង​​ស្មើ ​២ ​ដង ​ក្នុង​នោះផ្តួល​ដៃ​គូ​ឱ្យ​​សន្លប់ ​២១​ ដង ហើយ ​វៀត ​ប៊ុន​ឌឿន ​ប្រ​កួត​​បាន ​​១១៨ ​ដង ​ឈ្នះ​ ៩០​ ​ចាញ់​ ២៥​ និង​​ស្មើ​ ៣​ ដង ក្នុង​នោះ​ផ្តួល​ដៃ​គូ​ឱ្យ​​សន្លប់​បាន​ ២៥ ​ដង​៕