ភ្នំពេញ៖ ឆាកជីវិតតស៊ូក្នុងជីវភាពដ៏លំបាក ដែលមិនបានសិក្សាខ្ពស់ និងគ្មានជំនាញអ្វីនោះ លោក គៀង សាម៉ន បានសម្រេចចិត្តចូលហ្វឹកហាត់ជាកីឡាករអត្តពលកម្ម ផ្នែករត់ប្រណាំងចម្ងាយមធ្យម ក្នុងវិញ្ញាសា ៨០០ ម៉ែត្រ ដល់ ១ ៥០០ ម៉ែត្រ ក្នុងឆ្នាំ ២០០៥ ស្របពេលដែលការងាររកប្រាក់ចំណូល សម្រាប់ជីវភាពប្រចាំថ្ងៃ បានមកពីមុខរបរ ជាអ្នកឡើងបេះដូងលក់។
ដោយមានការប្រឹងប្រែង និងហ្វឹកហាត់ជាប្រចាំ ធ្វើឱ្យ គៀង សាម៉ន មានកម្រិតបច្ចេកទេសល្អ ហើយបានជាប់ជាកីឡាករជម្រើសជាតិនៅឆ្នាំ ២០០៦។ ការហ្វឹកហាត់ និងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍តូចធំ ជាបន្តបន្ទាប់អស់រយៈពេល ១១ ឆ្នាំ ក្នុងថ្នាក់ជាតិ សាម៉ន តែងតែទទួលបានលទ្ធផលល្អ លំដាប់ជួរមុខ ប៉ុន្តែការប្រកួតនៅលើឆាកអន្តរជាតិ ដែលបានចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ជាច្រើននោះ គេមិនទទួលបានលទ្ធផលចំណាត់ថ្នាក់ជយលាភីទេ គឺធ្លាប់បានត្រឹមលេខ ៥ ប៉ុណ្ណោះ លើវិញ្ញាសា ៨០០ ម៉ែត្រ។
យ៉ាងណាក្ដី ការទទួលបាននូវចំណេះជំនាញ និងបទពិសោធយ៉ាងច្រើនពីអាជីពជាអ្នករត់ប្រណាំងនេះ លោក គៀង សាម៉ន វ័យ ៤៩ ឆ្នាំ ត្រូវបានសហព័ន្ធខ្មែរកីឡាអត្តពលកម្ម ផ្តល់តួនាទីជាគ្រូជម្រើសជាតិ ដើម្បីបង្វឹកវិញ្ញាសា ៨០០ ម៉ែត្រ ទៅ ១ ៥០០ ម៉ែត្រ តាំងពីឆ្នាំ ២០១៩ មកម្ល៉េះ។ មានលំនៅនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល គៀង សាម៉ន មានភរិយា និងកូនៗចំនួន ៦ នាក់ ហើយតាមរយៈការលេងកីឡាក៏ទទួលបានក្របខ័ណ្ឌជាមន្ត្រីកងយោធពលខេមរភូមិន្ទ ដែលមិនទាន់បានស័ក្តិ ១ ផង ហើយបច្ចុប្បន្នលោកកំពុងពេញចិត្ត និងតួនាទីបន្ថែមជាគ្រូបង្វឹកជម្រើសជាតិ ផ្នែករត់ប្រណាំងនេះ។
លោក គៀង សាម៉ន និយាយថា៖ «ខ្ញុំរៀនបានតិចតួចណាស់ តែខ្ញុំបានតស៊ូក្នុងឆាកជីវិត មកដល់ពេលនេះ ដោយខ្ញុំបានចាប់យកអាជីពជាអត្តពលិករត់ប្រណាំង ដែលបានជាប់ជម្រើសជាតិ ១១ ឆ្នាំ។ បើនិយាយពីការចូលរួមប្រកួតក្នុងស្រុកវិញ ខ្ញុំនៅលំដាប់ជួរមុខ ក្នុងប្រភេទ ៨០០ ម៉ែត្រ គឺឈ្នះជយលាភីរាប់ភ្លេច សម្រាប់ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ។ ក្នុងវិញ្ញាសាចម្ងាយ ៤០០ ម៉ែត្រ, ៨០០ ម៉ែត្រ ឬ ១ ៥០០ ម៉ែត្រ ហើយសូម្បីតែជើងខ្លាំងលោក ហែម ប៊ុនទីង ក៏មិនឈ្នះខ្ញុំដែរ តែខ្ញុំមិនមែនជាដៃគូប្រជែងគាត់ឡើយ លើវិញ្ញាសាឆ្ងាយចាប់ពី ៥ គីឡូម៉ែត្រឡើងទៅ»។
«ចំណែកលើឆាកអន្តរជាតិ ខ្ញុំធ្លាប់បានចូលរួមប្រកួតច្រើនមានវៀតណាម ឡាវ ថៃ រុស្ស៊ី, ផ្នែកទ្វីបអាហ្វ្រិក និងប៉ែកអឺរ៉ុបផងដែរ តែលំបាកឈ្នះគេណាស់ ដោយបេក្ខជនប្រកួតមកពីច្រើនប្រទេស គឺខ្ញុំមានលទ្ធផលក្នុងកម្រិតមធ្យម។ បន្ថែមពីលើនេះ ខ្ញុំធ្លាប់បានចូលរួមអូឡាំពិក នៅប្រទេសអង់គ្លេស ឆ្នាំ ២០១២ ព្រមទាំងធ្លាប់តំណាងឱ្យកម្ពុជានៅស៊ីហ្គេមជាច្រើនលើក ហើយខ្ញុំធ្លាប់បានចំណាត់ថ្នាក់លេខ ៤ ពេលស៊ីហ្គេមនៅឥណ្ឌូណេស៊ី ឆ្នាំ ២០១១»។
គៀង សាម៉ន បានបន្ថែមថា៖ «ក្រៅពីនេះ ខ្ញុំធ្លាប់ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ច្រើនទៀត ប៉ុន្តែបេក្ខជនច្រើនណាស់ យើងមិនអាចដណ្តើមបានចំណាត់ថ្នាក់ជយលាភីទេ តែសម្រាប់កម្រិតបច្ចេកទេស យើងធ្វើបានកាន់តែល្អ ជាបន្តបន្ទាប់។ យ៉ាងណាក្តី ខ្ញុំពេញចិត្តនឹងលទ្ធផលប៉ុណ្ណឹង ព្រោះសមត្ថភាពបានប៉ុណ្ណឹង ហើយអ្វីដែលខ្ញុំពេញចិត្តខ្លាំង ក្នុងសកម្មភាពកីឡាជិត ២០ ឆ្នាំនេះ គឺខ្ញុំទទួលបានជាប់ជាគ្រូជម្រើសជាតិ ព្រោះខ្ញុំប៉ងប្រាថ្នាយូរមកហើយថា ពេលរត់លែងកើត គឺចង់ធ្វើគ្រូបង្វឹក»។
លោក សាម៉ន លម្អិតថា៖ «ខ្ញុំបានឆ្លងវគ្គបណ្តុះបណ្តាលជាគ្រូបង្វឹកកម្រិតទី១ ហើយចង់បន្តវគ្គនេះបន្ថែមទៀត ក្នុងកម្រិត២ ឬទី៣ ឬក្នុងវិញ្ញាសាផ្សេងទៀត ព្រោះកីឡាអត្តពលកម្មនេះ មានច្រើនវិញ្ញាសាណាស់ គឺច្រើនជាងប្រភេទកីឡាដទៃ»៕