ភ្នំពេញ៖ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន និងប្រធាន​សមាគម​កីឡា​ប្រណាំង​កង់​កម្ពុជា​ (Cambodia ​Cycling Academy) ​​បាន​សម្រេចដាក់​​​បញ្ចូល​កីឡាករ​កូនកាត់​ខ្មែរ-អាមេរិក ១ រូប ដើម្បី​ឱ្យ​ហ្វឹក​ហាត់ជាមួយ​ក្រុម​ប្រណាំង​កង់ជម្រើសជាតិ​​កម្ពុជា​ទាំង​ ៣​ នាក់ និង​​គ្រូ​បង្វឹក លោក ខ្លួត​ ករណី ដែល​កំពុង​ហ្វឹក​ហាត់​រួមគ្នា នៅ​ប្រទេសបារាំង បន្ទាប់ពី​អ្នក​ទាំង​ ៤ បាន​ធ្វើដំណើរ​ទៅ​ដល់ប្រទេស​មហាអំណាច​មួយនេះ កាលពី​សប្តាហ៍មុន។

តាម​​លោក នូ ចំរើន អគ្គ​លេខាធិការសហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​ឱ្យ​ដឹង​ថា កីឡាករ​កូន​កាត់ខ្មែរ-អាមេរិក ចនី​ ផាន់ នឹង​ត្រូវ​ដាក់​បញ្ចូល​ឱ្យ​ហ្វឹក​ហាត់ជាមួយ​ក្រុម​ប្រណាំង​កង់ជម្រើសជាតិកម្ពុជា នៅ​ប្រទេស​បារាំង នា​ខែ​ក្រោយ​នេះ ​ដើម្បី​សម្រួច​ការ​ប្រកួត​លើ​វិញ្ញាសា​ក្រុម ​​ចម្ងាយ​ ១៥០ ​គីឡូម៉ែត្រ​ ឬ​ ១៧០ ​គីឡូម៉ែត្រ​ សម្រាប់ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី ​៣១ នៅ​ប្រទេស​​វៀតណាម ចុងឆ្នាំ​នេះ។​

លោក ​នូ ​ចំរើន បាន​ប្រាប់​ថា​៖ «​ការ​ហ្វឹក​ហាត់​ នៅ​ប្រទេសបារាំង​នេះ សហព័ន្ធ​ និង​ សមាគម​កីឡា​ប្រណាំង​កង់​កម្ពុជា​ បាន​ឯក​ភាព​គ្នា​​ហ្វឹក​ហាត់​សម្រួច​លើ​វិញ្ញាសា​ជា​ក្រុម​ ដែល​តម្រូវឱ្យមាន​កីឡាករ​ ៤​ នាក់ ​ឬ ​៥ ​នាក់​ អ៊ីចឹង​​​បើ​គិត​តាម​បច្ចេក​ទេស ​យើង​ត្រូវ​បញ្ជូន​អត្តពលិក​ជា​ដៃ​គូ​ហ្វឹក​ហាត់​ម្នាក់​ទៀត​ឈ្មោះ​ កីឡាករ ​ចនី ​ផាន់ ​ជាកូន​កាត់​ខ្មែរ-​អាមេរិក ​ទៅ​ហ្វឹក​ហាត់​ជា​មួយក្រុម​ជម្រើសជាតិ​​របស់​យើង ​​ដើម្បី​ឱ្យ​សម​ជា​ដៃ​គូ​យល់​ចិត្ត​គ្នា ​ពេល​ប្រ​កួត នៅ​ស៊ីហ្គេម»​។​

ចំណែក​លោក​ ខ្លូត​ ករណី ​ជា​គ្រូ​បង្វឹក​ដឹក​នាំ​ការ​ហ្វឹក​ហាត់ បាន​​និយាយ​ថា​៖ «​ក្រុម​យើង​មក​ហ្វឹក​ហាត់​នៅ​ស្រុក​បារាំង​នេះ ​គឺ​ផ្តោត​លើ​វិញ្ញាសា​ប្រណាំង​កង់​គួក​ជា​ក្រុម ​ដើម្បី​សម្រួច​ក្នុង​ការ​ទៅ​ចូល​រួម​នៅ​ស៊ីហ្គេម​ ប្រ​ទេស​វៀត​ណាម​ ចុង​ឆ្នាំ​ ២០២១​ នេះ​ ហើយ​​​ខ្លួន​ខ្ញុំ ​និងក្រុម​​អត្តពលិក​ ពិត​ជា​មាន​ចិត្ត​សប្បាយ​រីករាយ ​បន្ទាប់​ពី​បាន​សម្រេច​បំណង ​ក្នុង​ការ​មក​ហាត់​នៅ​​ប្រទេស​បារាំង​នេះ ​ដោយ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ពី​លោក​ស្រី ​ប៉ែន ​ស្រី​មុំ ​ក៏​ដូច​ស្វាមី​ ជា​ប្រធាន ​ សមាគម​កីឡា​ប្រណាំង​កង់​កម្ពុជា​ ប្រចាំ​នៅ​ប្រ​ទេស​បារាំង​»។​​

ជាមួយគ្នា​នេះ លោក​ស្រី ​ប៉ែន ​ស្រី​មុំ​ ប្រធាន​សមាគម​កីឡា​ប្រណាំង​កង់​កម្ពុជា ​បាន​​ប្រាប់​ថា​៖ «​​កីឡាករ​ទាំង​៣រូប ​និង​គ្រូ​បង្វឹក ​១ រូប​ នៅ​ពេល​នេះ ​បាន​ចាប់​ផ្ដើម​ហ្វឹក​ហាត់​ជា​បណ្ដើរៗ​ហើយ។​ ជា​មួយ​គ្នា​នោះ​ដែរ​ ស្វាមី​ខ្ញុំ ​ជា​គ្រូ​បង្វឹក​ជន​ជាតិ​បារាំង គឺ​​គាត់​ជួយ​ជ្រោម​ជ្រែង ​និង​ទំនុក​បម្រុង​ដល់​ក្រុម​កីឡាករ​កម្ពុជា ​មិន​ឱ្យ​​លំបាក​ទេ​ គឺ​ធ្វើ​យ៉ាង​ណា​ ឱ្យ​ពួកគាត់​ហ្វឹកហាត់​​មាន​គុណ​ភាព​ កម្លាំង​ និង​ហាត់​តាម​បច្ចេកទេស ​ដែល​ក្នុង​ក្រុម​មាន​ ៤ ​ទៅ​ ៥​ នាក់​។

​បន្ថែម​លើ​នេះ ប្រធាន​សមាគម​កីឡា​ប្រណាំង​កង់​កម្ពុជា លោក​ស្រី ​ប៉ែន ​ស្រី​មុំ​ និងស្វាមី ក៏​នឹង​​​ជួយ​ឱ្យ​​កីឡាករ​កម្ពុជា ​បាន​ចូល​រួម​ប្រកួត​ដកស្រង់​បច្ចេកទេស​ជា​មួយ​កីឡាករ​អាជីព​នៅ​ឯ​ប្រទេស​​បារាំង ​​ផងដែរ​ ដែល​នឹង​​ត្រូវធ្វើ​ឡើង​ក្នុង​រយៈពេល​​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ​ដើម្បី​បង្កើន​កម្លាំង ​ក៏​ដូចជា​បច្ចេកទេស​៕