ភ្នំពេញ៖ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) ​បាន​បើក​កិច្ច​ប្រជុំ​ប្រចាំ​សប្តាហ៍ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ​​ធ្វើ​ការ​​ពិនិត្យ និង​​សម្រេច​ទៅ​លើ​ពិធី​ទទួល​ទង់ស៊ីហ្គេម​ពី​ម្ចាស់​ផ្ទះ​​​វៀតណាម​នៅ​ពេល​បិទ​កម្មវិធី​ប្រកួត​ជា​ផ្លូវ​ការ ​ស៊ីហ្គេម​លើក​ទី​៣១​ ប៉ុន្តែ​ក្នុង​ករណី​ប្រទេស​វៀតណាម ​ពន្យារពេល​ ឬ​បោះបង់​ការ​​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ​ឆ្នាំ​ ២០២១ នេះ ​កម្ពុជា​នឹង​ធ្វើ​ពិធី​ទទួល​ទង់​នេះ ​ពី​អតីត​ម្ចាស់​ផ្ទះ​ស៊ីហ្គេម គឺ​​ប្រទេស​ហ្វីលីពីន ​វិញ​។​ ​

តែ​ទោះ​ជា​យ៉ាង​ណា អ្នក​ជំនាញ​ផ្នែក​កីឡា​របស់ CAMSOC ​បាន​បង្ហើប​ថា ​គម្រោង​ធ្វើ​ម្ចាស់​ផ្ទះ​របស់​ប្រទេស​វៀតណាម ​មិន​ទាន់​ដាច់​ស្រេច​ ក្នុង​ការ​ពន្យារពេល ​ឬ​បោះបង់​សិទ្ធិ​ធ្វើ​ម្ចាស់​ផ្ទះ​ ដោយសារ​បញ្ហា​ជំងឺ​កូវីដ​ ១៩​ នៅ​ឡើយ​ទេ គឺ​​នឹង​ត្រូវ​ឆ្លង​កិច្ច​ប្រជុំ​សមាជិក​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​របស់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ នៅ​ថ្ងៃទី​ ២៤ ​ខែ​មិថុនា ​ឆ្នាំ​ ២០២១​ នេះ​សិន​។​

នៅ​ក្រោយ​កិច្ច​ប្រជុំ​បាន​បញ្ចប់ ​លោក ​វ៉ាត់ ​ចំរើន ​អគ្គ​លេខាធិការ​ CAMSOC ​បាន​ថ្លែង​​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​៖ «​កិច្ច​ប្រជុំ ក្រោម​វត្តមាន​​របស់​ឯកឧត្តម​បណ្ឌិត​ ថោង​ ខុន ​អនុ​ប្រធាន​អចិន្ត្រៃយ៍​ CAMSOC នៅ​​ថ្ងៃ​នេះ​ គឺ​​បាន​ពន្លឿន​កិច្ចការ ដោយ​ផ្តោត​លើការ​​រៀប​ចំ​បង្ហាញ​ទស្សនីយភាព​ជាង​ ១០ ​នាទី​»។

លោក​​ វ៉ាត់ ចំរើន បាន​បន្ត​ថា នៅ​ក្នុង​ជាង​ ១០ នាទី​នេះ ទី​១ យើង​​ផ្តោត​ទៅ​លើ​ការ​បង្ហាញ​ពី​សក្តានុពល​កីឡា​លក្ខណៈ​បុរាណ​ដ៏​ចំណាស់​របស់​កម្ពុជា​ និង​​បច្ចុប្បន្ន​ ទី​២ ទស្សនីយភាព​វប្បធម៌ ​ដែល​រំលេច​​ដោយ​ភ័ស្តុតាង​គុន​ល្បុក្កតោ ​និង​ប្រភេទ​កីឡា​មួយ​ចំនួន​ទៀត ​ដែល​បាន​បន្សល់​ទុក​នៅ​ប្រាសាទ​បុរាណ​ខ្មែរ​ និង​​ទី​៣​ បង្ហាញ​ពី​ទស្សនីយភាព​សកម្មភាព​ទេសចរណ៍​ក្នុង​នោះ​មាន​ទេសចរណ៍​ធម្មជាតិ​ ទេសចរណ៍​ប្រវត្តិសាស្ត្រ​ និង​ផលិតផល​សកម្មភាព​កីឡា​នាំ​ឱ្យ​​ទាក់ទាញ​ទេសចរ។​

អ្នក​ជំនាញ​កីឡា​រូប​នេះ បាន​បន្ថែម​ថា៖​ «ទស្សនីយ​ភាព​ទាំង​នេះ​ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) និង CAMSOC ​សហការ​ជាមួយ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ ព្រម​ទាំង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ដើម្បី​រៀបចំ​កសាង​ឯកសារ​ជា​ប្រវត្តិសាស្ត្រ​ក្នុង​លក្ខណៈ​សម្រិតសម្រាំង​មាន​ខ្លឹម​សារ​ល្អ ​ដោយ​មិន​ទាន់​គិត​ដល់​បញ្ហា​ប្រទេស​វៀតណាម ​ពន្យារ​ពេល ​ឬ​បោះបង់​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម លើក​ទី​៣១ ​នោះ​ឡើយ»​។​

អគ្គលេខាធិការ NOCC លោក​ វ៉ាត់​ ចំរើន បាន​​បន្ថែម​ទៀត​ថា ​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ​មិនមែន​ផ្តោត​តែ​លើ​កីឡា​មួយ​មុខ​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​អ្វី​ដែល​មាន​ផល​ចំណេញ​ គឺ​បង្ហាញ​ពី​សក្តានុពល ​ដែល​ប្រទេស​យើង​មាន ​ដូច​ជា​មរតក​វប្បធម៌ ​អរិយធម៌​ កីឡា​ ដែល​មាន​លក្ខណៈ​ចំណាស់​ និង​បង្ហាញ​ពី​ភាព​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ​ដែល​នាំ​ឱ្យ​​ពិភព​លោក​ស្គាល់​ក្នុង​គោល​បំណង​ស្រូប​​ទាញ​ភ្ញៀវ​ទេសចរ ដើម្បី​បាន​ចំណូល​តាមរយៈ​កីឡា និង​ទេសចរណ៍​ក្នុង​ទិសដៅ​ឧស្សាហកម្ម​គ្មាន​ផ្សែង​ គឺ​កីឡា​ និង​ទេសចរណ៍​។​

លោក​ វ៉ាត់ ​ចំរើន ​បាន​បញ្ជាក់​​ថា​៖ «​គម្រោង​កម្មវិធី​សកម្មភាព​របស់​ CAMSOC ​នៅ​តែ​ជំរុញ និង​​ពន្លឿន​ជា​និច្ច ​ទោះ​បី​ពេល​វេលា ​ស៊ីហ្គេម​លើក​ទី​៣១ ​នៅ​វៀតណាម​ ចុង​ឆ្នាំ ​២០២១ ​នេះ​ ត្រូវ​បាន​ពន្យារពេល ​ឬ​វៀតណាម​បោះបង់់​ធ្វើ​ម្ចាស់​ផ្ទះ ​ដោយ​ហេតុផល​កូវីដ​ ១៩ ក៏​ដោយ គឺ​​កម្ពុជា​នៅ​តែ​បន្ត​បំពេញ​ការងារ​នេះ​ ឱ្យ​ទាន់​ពេលវេលា​ដែរ​ ហើយ​បើ​ករណី​មាន​អ្វី​ប្រែប្រួល​នោះ​ តាម​គោលការណ៍​កម្ពុជា​ អាច​នឹង​ធ្វើ​ពិធី​ទទួល​ទង់ស៊ីហ្គេម​ពី​ម្ចាស់​ផ្ទះ​​ប្រទេស​ហ្វីលីពីន ​ដែល​ជា​អតីត​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ​លើក​ទី​៣០ កាល​ពី​​ឆ្នាំ​ ២០១៩ វិញ»​៕​