ភ្នំពេញ៖ កីឡា​ប្រដាល់សកល​ជម្រើសជាតិ អ៊ូច​ ធារិទ្ធ ​ដែល​ជា​បេក្ខភាព​ទម្ងន់​ ៥៧​ គីឡូក្រាម​ ត្រៀម​ទៅ​ប្រ​កួត​ស៊ី​ហ្គេម ​នៅ​វៀត​ណាម​ ឆ្នាំ ​២០២១ ​នេះ​ បាន​បើក​ឱកាស​ឱ្យ​​ជើង​ខ្លាំង ​វ៉ាន់ ​វឿន​ ឡើង​មកប្រកួត​​សង​សឹក ​ក្នុង​កម្ម​វិធី​ប្រកួត​​ប្រដាល់គុនខ្មែរ ​នៅលើ​​សង្វៀន​បា​យ័ន នា​​ល្ងាច​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ​។​

តាម​ប្រ​វត្តិ​ប្រ​កួត​ កីឡាករ ​វ៉ាន់ ​វឿន​ មាន​ឈ្មោះ​ល្បី​ល្បាញ​ខ្លាំង​ជាង ​អ៊ូច ​ធារិទ្ធ ​ព្រោះ វ៉ាន់ វឿន បាន​ជាប់​ជាកីឡាករ​​ជម្រើស​ជាតិ​គុន​ខ្មែរ ​​ជា​ច្រើន​ឆ្នាំ ហើយ​ក៏​ធ្លាប់បាន​ឈ្នះ​មេដាយ​សំរឹទ្ធ ពី​ស៊ីហ្គេម ជូនជាតិ ផងដែរ ​ប៉ុន្តែ វ៉ាន់ វឿន ​ធ្លាប់​​បាន​ប្រ​កួត​ចាញ់​ពិន្ទុ​ ​អ៊ូច​ ធារិទ្ធ ​ក្នុង​ការ​ដណ្តើម​ប្រាក់​លាន ​នៅ​សង្វៀន​ថោន​។

សម្រាប់​ជំនួប​សង​សឹក​លើក​នេះ​ ​វ៉ាន់ ​វឿន ​មក​ពី​ក្លិប​ឃ្លាំង​មឿង​​កីឡា ​និង ​អ៊ូច​ ធារិទ្ធ​ របស់​​ក្លិប​អាណាចក្រ​គុន​ខ្មែរ ​សុទ្ធតែ​បាន​តាំង​ចិត្ត​ប្រ​កួត​ឱ្យ​ល្អ​ និង​អស់​ពី​សមត្ថភាព ​ប៉ុន្តែ​អ្នក​ទាំង ​២ ​សុទ្ធ​តែ​ខ្លាច​គ្នា​ទៅ​វិញ​ទៅ​មក ​ពោលគឺ​​មិន​ហ៊ាន​អួត ​ពី​ការ​ឈ្នះ​នោះ​ឡើយ​ ខណៈ​ពួក​គេមាន​ឈ្មោះ​​ល្បី​ល្បាញ ​ដោយ​​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ និង​ឈ្នះ​ពាន​រង្វាន់​រៀងៗ​ខ្លួន​ ​ហើយ​​ជា​កីឡាករ​លំដាប់​ជួរ​មុខ​របស់​កម្ពុជា​​ដូច​គ្នា​។​

អ៊ូច​ ធារិទ្ធ បាន​​និយាយ​ថា​៖ «​ខ្ញុំ​កំពុង​ហ្វឹក​ហាត់ ​ដើម្បី​ត្រៀម​ប្រ​កួត​ឱ្យ​ល្អ​ ព្រោះ​កីឡាករ​ វ៉ាន់ ​វឿន ​មិន​មែន​ស្រួល​ទប់​ទល់​នោះ​ទេ​។ ​ក្នុង​ប្រភេទ​ទម្ងន់​ ៥៧​ គីឡូក្រាម​នេះ​ ខ្ញុំ​ធ្លាប់​ឈ្នះ​ ​វ៉ាន់​ វឿន​ ម្តង​មែន​ ប៉ុន្តែ​ក្នុង​លក្ខណៈ​លំបាក​លំបិន​ណាស់​ ហើយ​​លើក​នេះ ​ខ្ញុំ​ត្រៀម​ទប់​ទល់​ច្រើន​ជាង​វាយ​លុក ​ដើម្បី​រក្សា​ជ័យ​ជម្នះ​ឱ្យ​បាន»​។

កីឡាករ​ទាំង​៦​រូប ដែល​ត្រូវបានដាក់ឱ្យ​ប្រកួត នៅ​លើ​សង្វៀនបាយ័នស្ទឹង​មាន​ជ័យ នា​ល្ងាច​ថ្ងៃសៅរ៍​ ចុងសប្តាហ៍នេះ។ រូប​ថត សហការី

កីឡាករ​មានជំនាញ​ទាំង​ប្រដាល់​សកល និងគុនខ្មែរ អ៊ូច​ ធារិទ្ធ បាន​​បន្ថែម​​ថា​៖ «​ខ្ញុំ​មិន​ហ៊ាន​ធានា​ថា ​ឈ្នះ​ទៀត​នោះ​ទេ ​ពោល​គឺ​នៅ​លើ​ស្ថាន​ភាព​ប្រ​កួត​ជាក់​ស្តែង​តែ​ម្តង ​ថាតើ ​យើង​ត្រូវ​ប្រើ​យុទ្ធសាស្ត្រ​បែប​ណា​ ឬ​ផ្លាស់​ប្តូរ​វិធី​សាស្រ្ត​ប្រ​កួត​ដូច​ម្តេច​។​ ​សម្រាប់​​ការ​ប្រកួត​នេះ​ ខ្ញុំ​សង្ឃឹម​​៥០​ភាគ​រយ ទេ​ ​ព្រោះ​ការ​ចាញ់​ ឬ​ឈ្នះ​ពិត​ជា​មិន​អាច​ស៊ី​គ្នា​ផុយ​ឡើយ​»។​

ចំណែក​កីឡាករ ​វ៉ាន់ ​វឿន​ បាន​និយាយ​ថា​៖ ​«ខ្ញុំ​ហ្វឹក​ហាត់​បាន​ល្អ ​សម្រាប់​ការ​ប្រ​កួត​សង​សឹក​ជា​មួយ​ អ៊ូច ធារិទ្ធ នៅ​​សប្តាហ៍​នេះ​។​ តែ​ទោះ​បីជា​យ៉ាង​ណា ខ្ញុំ​រំពឹង​ឈ្នះ​៦០​ភាគ​រយ​ទេ ព្រោះ​គេ​ក៏​ជា​កីឡាករ​លំដាប់​ខ្លាំង​មួយរូប ​ដែល​លំបាក​ប្រ​កួត ​ដោយ​ក្បាច់​កណ្តាប់​ដៃ​ និង​ជង្គង់​របស់​កីឡាករ ​អ៊ូច ​ធារិទ្ធ ​មិន​ស្រួល​ទប់​ទល់​នោះ​ឡើយ»​​។

កីឡាករ​ជា​ក្មេងកំព្រា វ៉ាន់ ​វឿន បាន​ប្រាប់​​បន្ថែម​ថា​៖​ «ខ្ញុំ​ធានា​ប្រ​កួតឱ្យ​​អស់​ពី​សមត្ថភាព​ដើម្បី​ដណ្តើម​ជ័យ​ជម្នះ​មក​វិញ​ ប៉ុន្តែ​ពិត​ជា​លំបាក​អះអាង​ណាស់​ គឺ​វាយ​សម្រក​ដូច​គ្នា។ អ្វី​ដែល​មាន​ប្រៀប​ គឺ​ការ​រក្សា​កម្លាំងឱ្យ​​បាន​ល្អ​ ហើយ​បើ​ខ្ញុំ​ធ្វើ​បាន នឹង​​មាន​សង្ឃឹម​ឈ្នះ​ អ៊ូច ធារិទ្ធ»។​

ចំពោះ លោក​ ធន់ ​សុភា ​អ្នក​ផ្គូ​ផ្គង​ប្រចាំ​សង្វៀន​បាយ័ន​ បាន​និយាយ​ថា​៖ «​រវាង​ វ៉ាន់ ​វឿន​ និង​ អ៊ូច​ ធារិទ្ធ ​ជា​គូ​ប្រ​ដាល់​កម្រ​ជួប​គ្នា​ណាស់​ ហើយ​សមត្ថភាព​របស់​ពួក​គេ​ទាំង ​២ ​នេះ ​ពិត​ជា​​កក្រើត​សង្វៀន​ ​ព្រោះ​មហាជន​ចង់​ឃើញ ​ការ​ប្រ​កួត​សង​សឹក​គ្នា​នេះ​ណាស់ ​ខណៈ ​វ៉ាន់ ​វឿន ​ធ្លាប់​​ចាញ់ ​គឺ​មិន​អស់​ចិត្ត​នៅ​ឡើយ ​ទើប​សុំ​សង​សឹក»​។

លោក​​បាន​​បញ្ជាក់​ថា​៖ ​«កម្ម​វិធី​នេះ ​មាន​តែ ​៣ ​គូ​ទេ​ ហេតុ​នេះ​យើង​សម្រិត​សម្រាំង​យក​កីឡាករ​ល្អៗ​បំផុត ហើយ​ជើង​ខ្លាំង​ជំនាន់​ថ្មី​ ឃួន ​ឡាំង​កូស៊ីន ត្រូវ​ប៉ះ​ ​អេ​ ណា​រ័ត្ន ​ក្នុង​ទម្ងន់​ ៥៧​គីឡូក្រាម​ដូច​គ្នា ​ខណៈកម្ម​វិធី​​នេះ មាន​លក្ខណៈ​ពិសេស ដោយ​​មាន​ប្រាក់​រង្វាន់​បន្ថែម​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ WURKZ​ ប្រចាំ​សប្តាហ៍ ចំនួន​ ​៦០ ​ម៉ឺន​រៀល ​បន្ថែម​ពី​លើ​តម្លៃ​ខ្លួន​។ ​ចំណែក​គូ​ដណ្តើម​ប្រាក់​លាន គឺជាការ​ប៉ះគ្នា​រវាង​ជើង​ថ្មី ​សែត ​សារិទ្ធ ​និង ​សូដា ​កូម៉ាន់ ក្នុង​​ទម្ងន់ ​៦៥​ គីឡូក្រាម ​ដោយ​អ្នក​ឈ្នះ ​នឹង​ទទួល​បាន​ ១ លាន​រៀល ​បន្ថែម​ពី​លើ​តម្លៃ​ខ្លួន​ប្រ​កួត»​៕