
ឯម ដារ៉ូ ពេលឈ្នះប្រាក់លាន ក្នុងការប្រកួត នៅលើសងៀនថោន ក្រោយបានយកឈ្នះលើ អេលីត មករា។ រូបថត សហការី
ភ្នំពេញ៖ គ្រូប្រដាល់កីឡាប្រយុទ្ធគុនចម្រុះ (MMA) លោក ហ៊ុន ច័ន្ទរាជ្យ បានសម្រេចយកកីឡាករជើងខ្លាំងវ័យក្មេង ឯម ដារ៉ូ របស់ក្លិបប្រដាល់ថ្មគោលពោធិ៍សែនជ័យ ឱ្យមកហ្វឹកហាត់នៅក្នុងក្លិប Cambodia Top Team របស់លោក ដើម្បីពង្រឹងសមត្ថភាពបន្ថែម ត្រៀមចេញទៅប្រកួត នៅក្រៅប្រទេស បន្ទាប់ពី ច័ន្ទរាជ្យ បានចុះកិច្ចសន្យាការប្រកួត MMA ឱ្យ ឯម ដារ៉ូ នៅក្នុងកម្មវិធី SOW រួចរាល់ហើយនោះ ប៉ុន្តែនៅមិនទាន់កំណត់ពេលវេលា និងទីកន្លែងប្រកួតនៅឡើយទេ។
ការសម្រេចចុះកិច្ចសន្យានេះ ត្រូវបានលោក ហ៊ុន ច័ន្ទរាជ្យ បញ្ជាក់ថា៖ «យើងកំពុងប្រមូល និងស្វែងរកកីឡាករ ដែលមានចំណង់ចំណូលចិត្ត និងមានសមត្ថភាព ដើម្បីហ្វឹកហាត់ឱ្យបានល្អ ត្រៀមទៅប្រកួតកីឡាគុនចម្រុះតំណាងឱ្យកម្ពុជា ហើយចំពោះកីឡាករ ដែលបានចុះកិច្ចសន្យារួចហើយ ក្លិបរបស់ខ្ញុំ កំពុងបង្ហាត់ ដើម្បីត្រៀមការប្រកួត ដែលបានកំណត់ដោយម្ចាស់កម្មវិធីអន្តរជាតិ ជាដៃគូរបស់យើង»។
អគ្គលេខាធិការ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា លោក ហ៊ុន ច័ន្ទរាជ្យ បានប្រាប់បន្ថែមថា ចំណុចល្អ ដែលលោកមើលឃើញថា កីឡាករ ឯម ដារ៉ូ មានលក្ខណៈសម្បត្តិអាចចូលប្រកួត MMA បាននោះ គឺទី១ គេមានកម្លាំងល្អ ទី២ ដៃធ្ងន់ និងទី៣ ឯម ដារ៉ូ មានទេពកោសល្យតែម្ដង ក្នុងការហាត់ក្បាច់គុនចម្រុះ ព្រោះគេមានចិត្តកំណត់ និងតស៊ូ។
ប្រធាន ក្លិប Cambodia Top Team លោក ច័ន្ទរាជ្យ បានបញ្ជាក់ថា៖ «យើងជាគ្រូប្រដាល់ MMA គឺមានគោលដៅ និងទេពកោសល្យកត់សម្គាល់ពីសមត្ថភាពជំនាញរបស់កីឡាករម្នាក់ៗ ថាតើ គេអាចទៅប្រកួតបានឬអត់? តែទោះជាយ៉ាងណា កីឡាករ ឯម ដារ៉ូ មិនធ្លាប់បានចូលប្រកួតក្នុងកម្មវិធីគុនប្រយុទ្ធ MMA នេះទេ ប៉ុន្តែគេធ្លាប់ជាកីឡាប្រដាល់គុនខ្មែរដែលមានឈ្មោះល្បីមួយរូប មានចិត្តកំណត់»។

កីឡាករ ឯម ដារ៉ូ បានវាយកែងបណ្តាលឱ្យ អេលីត មករា បែកឈាន ពេលប្រកួតដណ្តើមប្រាក់លាន វគ្គផ្តាច់ព្រ័ត្រ។ រូបថត សហការី
សម្រាប់ការទាញយកកីឡាករ ឯម ដារ៉ូ ឱ្យទៅហ្វឹកហាត់ MMA នេះ លោកស្រី ឯម ចន្ទល័ក្ខ ម្ចាស់ក្លិបប្រដាល់ថ្មគោលពោធិ៍សែនជ័យ បានប្រាប់ថា៖ «ក្លិបរបស់ខ្ញុំខ្សត់ខ្សោយណាស់ហើយឥឡូវបានផ្លាស់ប្តូរមកនៅអង្គស្នូល ឆ្ងាយពីភ្នំពេញ ទៅទៀត ហេតុនេះបើមានគេឧបត្ថម្ភ ឬជួយរកទីផ្សារឱ្យកីឡាកររបស់យើង បានប្រកួត គឺខ្ញុំសូមថ្លែងអំណរគុណ និងអរគុណខ្លាំងណាស់ ហើយខ្ញុំពេញចិត្តជានិច្ច ដើម្បីជួយកីឡាករឱ្យបានប្រកួតអន្តរជាតិ បានតម្លៃខ្លួនច្រើន សម្រាប់ជីវភាព»។
ចំណែកកីឡាករ ឯម ដារ៉ូ បាននិយាយថា៖ «ខ្ញុំពេញចិត្ត ចំពោះការមកហ្វឹកហាត់ ដើម្បីប្រកួតក្នុងគុនចម្រុះ MMA នេះ ដើម្បីអាចបានទៅប្រកួតនៅក្រៅប្រទេស ដែលនឹងរំពឹងថា ខ្ញុំអាចមានតម្លៃខ្លួនប្រកួតច្រើនជាងការប្រកួតគុនខ្មែរ នៅក្នុងស្រុក»។ តាមប្រវត្តិប្រកួត ឯម ដារ៉ូ ធ្លាប់ឆ្លងកាត់ការប្រកួតគុនខ្មែរបានចំនួន ៤៥ ដង ឈ្នះ ៣១ និងចាញ់ ១៤ ដង ហើយនៅក្នុងប្រវត្តិនេះ ឯម ដារ៉ា ក៏ទើបបានឈ្នះប្រាក់លាន នៅសង្វៀនថោន កាលពីថ្ងៃទី ៦ ខែមិថុនា ផងដែរ ក្រោយឈ្នះ អេលីត មករា នៅវគ្គផ្តាច់ព្រ័ត្រ។
គួររំឭលថា កាលពីពេលថ្មីៗកន្លងមកនេះ ម្ចាសក្លិប Cambodia Top Team លោក ហ៊ុន ច័ន្ទរាជ្យ បានចុះកិច្ចសន្យាការប្រកួតឱ្យកីឡាករ រិន សារ័ត្ន ក្នុងកម្មវិធីគុនចម្រុះវ៉ៃក្នុងទ្រុងនៅប្រទេសឥណ្ឌា របស់កម្មវិធី SOW នេះ ហើយនៅពេលនេះ លោកបានចុះកិច្ចសន្យាឱ្យកីឡាករ ឯម ដារ៉ូ បានម្នាក់ទៀត ដោយលោក ហ៊ុន ច័ន្ទរាជ្យ រំពឹងថា ការហ្វឹកហាត់ និងចេញប្រកួតរបស់កីឡាករកម្ពុជា នឹងមានទេពកោសល្យល្អ៕