ក្រុងឡុងដ៍៖ ខ្សែ​ប្រយុទ្ធ Raheem Sterling បាន​និយាយ​ថា ក្រុម​អង់គ្លេស​ត្រៀម​​ប្រឈម​ជាមួយ​គ្រប់​ក្រុម​ខ្លាំងៗ​ទាំង​អស់​ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ នៅ Euro 2020 បន្ទាប់​ពី​ក្រុម​តោ​កំណាច​បញ្ចប់​យុទ្ធនាការ​ការ​ប្រកួត​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ក្នុង​នាម​ជា​ក្រុម​លេខ ១ ក្នុង​ពូល D​ ដោយសារ​ឈ្នះ​ក្រុម​សា.ឆែក ១-០ កាល​ពី​ថ្ងៃ​អង្គារ​។​

ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​នៅ​ពហុ​កីឡដ្ឋាន Wembley នេះ មាន​ន័យ​ថា ក្រុម​​អង់គ្លេស​អាច​នឹង​ត្រូវ​ប្រឈម​ជាមួយ​ក្រុម​ខ្លាំងៗ ​ដែល​មាន​ទាំង​ក្រុម​ជើងឯក​ពិភព​លោក​បារាំង ក្រុម​ជើងឯក​ចាស់​នៃ​កម្មវិធី​នេះ ព័រទុយហ្គាល់ ឬ​ក៏​ក្រុម​អាល្លឺម៉ង់​ក្នុង​វគ្គ​ចាញ់​ធ្លាក់​។

មុន​នេះ ក្រុម​អង់គ្លេស​ត្រូវ​បាន​រិះគន់​យ៉ាង​ធ្ងន់ធ្ងរ​ពី​ការ​លេង​មិន​បាន​ល្អ​អំឡុង​ការ​ប្រកួត ដែល​ស្មើ​ជាមួយ​ក្រុម​ស្កុត​ឡេន ០-០ តែ​ឃើញ​មាន​ភាព​មុត​ស្រួច​ជាង​មុន ក្នុង​ហ្គេម​ចុង​ក្រោយ​នៃ​ពូល​របស់​ខ្លួន​នេះ​។

«​ខ្ញុំ​គិត​ថា មាន​ភាព​វិជ្ជមាន​ជា​ច្រើន​ពី​ហ្គេម​នេះ​»​។ នេះ​ជា​សម្ដី​របស់​ Sterling ដែល​ក៏​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ផង​ដែរ ក្នុង​ជ័យ​ជម្នះ ១-០ របស់​ក្រុម​អង់គ្លេស​លើ​ក្រុម​ក្រូអាស៊ី កាល​ពី​ប្រកួត​បើក​ឆាក​។

Sterling បន្ត​ថា​៖ «​យើង​គ្រប់គ្រង​បាន​ល្អ​ជាង​មុន នៅ​ថ្ងៃ​នេះ។ វា​បាន​ផ្ដល់​ឱ្យ​យើង​នូវ​ឱកាស​នៅ​តំបន់​ប្រយុទ្ធ​ច្រើន​ជាង​មុន​។ យើង​លេង​បាន​ល្អ​ ហើយ​រក​បាន​នូវ​គ្រាប់​បាល់ ដែល​យើង​ត្រូវ​ការ​»​។​

ជាមួយ​គ្នា​នេះ ​ខ្សែ​បម្រើ Jack Grealish និង​ខ្សែ​បម្រើ​ប្រយុទ្ធ Bukayo Saka ដែល​ជាប់​ឈ្មោះ​ជា​កីឡាករ​ល្អ​បំផុត​ប្រចាំ​ការ​ប្រកួត​នេះ ក៏​ត្រូវ​បាន Sterling សរសើរ​ថា ទាំង ២ ​នាក់ នាំ​ឱ្យ​មាន​ភាព​ខុស​ប្លែក​ជាង​មុន​នៅ​តំបន់​ប្រយុទ្ធ​។​

Sterling បាន​បន្ថែម​ថា​៖ «វា​ជាការ​ល្អ​ណាស់​ក្នុង​ការ​មាន​កីឡាករ​ដូច​នេះ លេង​នៅ​ជុំវិញ​ខ្លួន​របស់​អ្នក​ ដែល​មាន​សមត្ថភាព​បង្កើត​ឱកាស ដើម្បី​ស៊ុត​បញ្ចូល​ទី​។ កីឡាករ ដែល​មាន​ភាពខុស​ប្លែក ត្រូវ​ការ​ជា​ចាំបាច់​សម្រាប់​ហ្គេម ដែល​មាន​ភាព​ខុសប្លែក។ ទាំង ២ ​នាក់ បាន​ធ្វើ​ឱ្យ​ក្រុម​មាន​ការ​ផ្លាស់ប្ដូរ​យ៉ាង​ខ្លាំង ហើយ​ធ្វើ​អ្វី ដែល​ពួក​គេ​ចាំ​បាច់​ត្រូវ​ធ្វើ​»​។

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​ Manchester City បាន​បន្តទៀត​ថា​៖ «​ប្រសិន​បើ​អ្នក​មិន​បាន​ប្លាត​​ឱ្យ​របូត​គ្រាប់​បាល់ នោះ​អ្នក​​នឹង​ឈ្នះ​ការ​ប្រកួត​បាល់ទាត់​​។ អ្នក​គ្រាន់​តែ​ស៊ុត​បញ្ចូលទី នៅ​ចុង​បញ្ចប់​ប៉ុណ្ណោះ​។ មនុស្ស​ជា​ច្រើន​មាន​ការ​ខក​ចិត្ត ក្នុង​ហ្គេម​ទល់​នឹង​ក្រុម​ស្កុតឡេន កាល​ពី ២-៣ ថ្ងៃ​មុន តែ​រឿង​សំខាន់ ​យើង​មិន​​ត្រូវ​បាន​គេស៊ុត​បញ្ចូល​​​ទី​ឡើយ​»​។

កីឡាករ​វ័យ ២៦ ​ឆ្នាំ មិន​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ការ​ ដែល​អាច​នឹង​កើត​ឡើង ក្នុង​ការ​ប្រឈម​​នឹង​តេស្ត​សាកល្បង​ដ៏​តឹងតែង​មួយ​ក្នុង​វគ្គ ១៦ ​ក្រុម​ នៅពហុ​​កីឡដ្ឋាន Wembley នា​សប្ដាហ៍​ក្រោយ​។

Sterling បន្ថែម​ថា​៖ «​ត្រង់​ចំនុច​​ខ្លះ​ អ្នក​ត្រូវ​តែ​ហ៊ាន​ប្រឈម​​នឹង​ក្រុម​ល្អ​បំផុត។ វា​គឺ​ជា​ការ​ផ្ដល់​នូវ​ការ​ប្រកួត​ប្រជែង​ដល់​ខ្លួន​អ្នក​ផ្ទាល់​»​។

ដូច្នេះ ១ គ្រាប់ ពី​ការ​តែត​របស់ Sterling នេះ​ បាន​ន័យ​ថា ក្រុម​អង់គ្លេស​របស់​លោក​​ Gareth Southgate បញ្ចប់​យុទ្ធនាការ​ក្នុង​វគ្គ​ Group Stage នេះ ក្នុង​នាម​ជាក្រុម​លេខ ១ ក្នុង​ពូល D ដោយ​មាន ៧ ពិន្ទុ ខណៈ​ដែល​ក្រុម​ក្រូអាស៊ី ដែល​យក​ឈ្នះ​ក្រុម​បាត​ពូល​ស្កុតឡេន ៣-១ ឈរ​លេខ ២ ជាមួយ​នឹង ៤ ពិន្ទុ។ ក្រុម​សា.ឆែក ក៏​បាន​ឆ្លង​ទៅ​វគ្គ​បន្ត​ដែរ​ ដោយសារ​ជាប់​ឈ្មោះ​ជា​ក្រុម ១ ក្នុង​ចំណោម​ក្រុម​លេខ ៣ ល្អ​បំផុត​ទាំង ៤។

ពាក់ព័ន្ធ​នឹង​ការ​ដែល​អាច​ជួប​ក្រុម​ ១ ក្នុង​ចំណោម​ក្រុម​យក្ស​របស់​អឺរ៉ុប​ទាំង ៣ បារាំង ព័រទុយហ្គាល់ ​ឬក៏​អាល្លឺម៉ង់​នោះ លោក Southgate បាន​ប្រាប់​ទូរទស្សន៍​នៅ​អង់គ្លេស​ ITV ថា​៖ «​យើង​មិនមែន​ជា​ក្រុម​មាន​ឥទ្ធិពល​ទេ តែ​យើង​​មាន​ពេល​វេលា​ ដែល​​​​មើល​ទៅ​យើង​ជា​ក្រុម​ល្អ​មួយ​»​។

អ្នក​ចាត់​ការ​រូប​នេះ បាន​បន្ថែម​ថា​៖ «មាន​តេស្ត​សាកល្បង​ប្រភេទ​ផ្សេង​ៗ​​ជាច្រើន​។ គ្រប់​ក្រុម​គូបដិបក្ខនា​ពេល​បន្ទាប់​​របស់​យើង​ នឹង​ធ្វើ​ឱ្យ​ហ្គេម​មាន​ភាព​ប្លែកៗ​ពី​គ្នា​។ មាន​កិច្ច​ការ​ល្អ​ៗ​ជាច្រើន​ ដែល​យើង​កំពុង​បាន​ធ្វើ​​។ យើង​កំពុង​មាន​ពេល​វេលា​ជាច្រើន​នាទី សម្រាប់​ឱ្យ​កីឡាករ​ជា​ច្រើន​រូប​បាន​លេង​។ ៩០ នាទី សម្រាប់​ Harry Maguire។ ៤៥ ​នាទី​ សម្រាប់ Jordan Henderson ដូច្នេះ គ្រប់​យ៉ាង​កំពុងតែ​បោះ​ជំហាន​ទៅ​មុខ​ដោយ​វិជ្ជមាន​»​៕ AFP/VN