ក្រុង​ឡុងដ៍៖ អ្នក​គាំទ្រ​ចំនួន​ជាង ៦០ ០០០ នាក់ នឹង​ត្រូវ​​អនុញ្ញាត​ឱ្យ​ចូល​រួម​មើល​ការ​ប្រកួត​បាល់ទាត់​នៅ​​ឯ​ពហុកីឡដ្ឋាន Wembley ក្នុង​វគ្គ ៤ ក្រុម​ចុង​ក្រោយ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​ព្រឹត្តការណ៍ Euro 2020​ ដោយ​ចំនួន​នេះ ត្រូវ​បាន​ដំឡើង​ដល់ ៧៥ ​ភាគរយ​នៃ​ចំណុះ​ផ្ទុក​​របស់​កីឡដ្ឋាន​។ នេះ​បើ​តាម​ការ​ប្រកាស​របស់​រដ្ឋាភិបាល​របស់​ចក្រភព​អង់គ្លេស កាល​ពី​ថ្ងៃ​អង្គារ​។

ការ​ប្រកួត​នោះ​នឹង​ឃើញ​មាន​ចំនួន​មនុស្ស​ដ៏​ច្រើន​បំផុត​ ដែល​មក​ជុំ​គ្នា​មើល​​ព្រឹត្តិការណ៍​កីឡា​ក្នុង​ចក្រភព​អង់គ្លេស​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ជាង ១៥ ​ខែ​ ព្រោះ​​នៅ​មុន​ហ្នឹង ចំនួន​ត្រូវ​បាន​កំណត់ ដោយសារ​តែ​ការ​រាត​ត្បាត​ពី​វីរុស​កូរ៉ូណា​។

គ្រប់​អ្នក​មាន​សំបុត្រ​ចូល​ពហុកីឡដ្ឋាន Wembley ទាំង​អស់​នឹង​ត្រូវ​អនុវត្ត​តាម​តម្រូវការ​ចូល​​យ៉ាង​តឹងតែង ១ ចំនួន​ ក្នុង​នោះ​​រួមមាន​លទ្ធផល​តេស្ត​អវិជ្ជមាន​នៃ​ជំងឺ​កូវីដ ១៩ ឬ​ក៏​ឯកសារ​បញ្ជាក់​នូវ​ការ​ចាក់​វ៉ាក់សាំង​​ពេញ​លេញ ឬ​គ្រប់​ដូស​។

ទោះ​មិន​មាន​ការ​ប្រកាស​​ឱ្យ​ដឹង​ពី​លទ្ធផល​នៃ​ការ​ពិភាក្សា​រវាង​រដ្ឋា​ភិបាល សហព័ន្ធ​​បាល់ទាត់​ជាតិ​ (FA) និង​ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់​អឺរ៉ុប (UEFA) ជុំវិញ​ដំណោះស្រាយ​ក្នុង​ការ​អនុញ្ញាត​ឱ្យ​មាន​ភ្ញៀវ​លំដាប់ វី អាយ ភី (VIP) រហូត​ដល់​ ២ ៥០០ នាក់ ដើម្បី​ចូលរួម​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ នា​ថ្ងៃ​ទី​១១ ខែ​កក្កដា តែ​ការ​ព្រមព្រៀង ឥឡូវ​នេះ ទំនង​ជា​អាច​កើត​ឡើង​ហើយ។​​

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​កីឡា លោក Oliver Dowden ​ថ្លែង​ថា​៖ «យើង​បាន​ធ្វើ​ការ​យ៉ាង​កៀក​បំផុត​​ជាមួយ​ UEFA និង FA​ ដើម្បី​ធានា​ថា វិធានការ​សុខភាព​សាធារណៈ​តឹងរ៉ឹង និង​ហ្មត់​ចត់ កំពុង​ត្រូវ​បាន​អនុវត្ត​ក្នុង​ពេល​មាន​ការ​អនុញ្ញាត​ឱ្យ​​អ្នក​គាំទ្រ​បន្ថែម​ទៀត​ចូល​មើល​សកម្មភាព​ប្រកួត​ផ្ទាល់​»​។​​

លោក​រដ្ឋមន្ត្រី Dowden បាន​បន្ថែម​ទៀត​ថា​៖ «ការ​ប្រកួត​ក្នុង​វគ្គ​មុន​ផ្ដាច់​ព្រ័ត្រ និង​ផ្ដាច់​ព្រ័ត្រ នឹង​ធានា​ឱ្យ​មាន​នូវ​ពេល​វេលា​ភ្លេច​មិន​បាន ១ ក្នុង​ការ​ងើប​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​ឆ្លង​»​។

ជាមួយ​គ្នា​នេះ UEFA បាន​បញ្ជាក់​ថា គ្មាន​ផែនការ​ក្នុង​ការ​ផ្លាស់ប្ដូរ​ការ​ប្រកួត​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ឬ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពី​ពហុកីឡដ្ឋាន Wembley ទេ ទោះ​បី​ជា​មាន​ឧបសគ្គ​នៃ​ការ​ធ្វើ​ដំណើរ​ដោយ​គ្មាន​ការ​​ធ្វើ​ចត្តាឡីស័ក​ក៏​ដោយ ហើយ​ប្រធាន UEFA ​លោក Aleksander Ceferin ស្វាគមន៍​ចំពោះ​ការ​ប្រកាស​នៃ​ការ​បង្កើន​ចំនួន​អ្នក​ទស្សនា​នេះ​។

លោក Ceferin​​ បាន​ថ្លែង​ឱ្យ​ដឹង​ថា​៖ «​១៨ ​ខែ​ចុង​ក្រោយ​នេះ បាន​បង្រៀន​យើង​ច្រើន​ណាស់ ទាំង​នៅ​លើ និង​ក្រៅ​ទីលាន​ថា តើ​អ្នក​គាំទ្រ​មាន​ភាព​សំខាន់​យ៉ាង​ដូចម្ដេច​ចំពោះ​ការ​ប្រកួត​នីមួយ​ៗ​។ ការ​ប្រកួត​ប្រជែង​ក្នុង​ព្រឹត្តិការណ៍​នេះ បាន​ក្លាយ​ជា​សញ្ញា​នៃ​ក្ដី​សង្ឃឹម​ក្នុង​ការ​ធានា​​ឡើង​វិញ​ចំពោះ​មនុស្ស​ទូទៅ​ថា ពួក​យើង​កំពុង​វិល​ត្រឡប់​មក​កាន់​វិថី​ជីវិត​ប្រចាំ​ថ្ងៃ​ជាង​មុន​ហើយ​ ហើយ​នេះ​​​គឺ​ការ​ឈាន​នូវ​ជំហាន​ដ៏​វែង​មួយ​បន្ថែម​ទៀត នៅ​លើ​ផ្លូវ​នោះ​»​៕ AFP/VN