ក្រុង​ភេតធើរប៊ើក: ខ្សែ​ប្រយុទ្ធ Robert Lewandowski បាន​និយាយ​ថា វា​ជា​រឿង​ពិបាក​ទទួល​យក​ណាស់ ដែល​ក្រុម​ជម្រើសជាតិ​ប៉ូឡូញរបស់​ខ្លួន​ធ្លាក់​ចេញ​ពីព្រឹត្តិការណ៍ Euro 2020 ត្រឹម​វគ្គសន្សំពិន្ទុ​តាម​ពូល ក្រោយ​ប្រកួត​ចាញ់​ក្រុម​ស៊ុយ​អែត ៣-២ ក្នុង​ហ្គេម​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ពុធ​។

ដោយ​ត្រូវ​ការ​ជ័យ​ជម្នះ​ជា​ចាំ​បាច់​ ដើម្បី​បាន​ឆ្លង​ទៅ​វគ្គ ១៦ ​ក្រុម​ចុង​ក្រោយ​នោះ ក្រុម​ប៉ូឡូញ បែរ​ជា​ត្រូវ​ក្រុម​គូ​បដិបក្ខ​ស៊ុយអែត​ នាំ​មុខ​ដល់​ទៅ ២ គ្រាប់​មុន តែ​កីឡាករ Lewandowski បាន​ជួយ​ឱ្យ​ក្រុម​មាន​សង្ឃឹម​ឡើង​វិញ ដោយការ​ស៊ុត ២ គ្រាប់ ឱ្យ​ក្រុម​តាមស្មើ សម្រាប់​ការ​ប្រកួត ក្នុង​ពូល E នា​ក្រុង​ភេតធើរប៊ើក នៅ​ប្រទេស​រុស្ស៊ី​នេះ​។

តែ​គ្រាប់​បាល់​នៅ​នាទីទី​៩០+៤ របស់​ខ្សែ​បម្រើ Viktor Claesson ធ្វើ​ឱ្យ​ក្ដី​សង្ឃឹម​របស់​ក្រុម​ប៉ូឡូញ​រលាយ​បាត់​អស់ ហើយ​ដាក់​ទណ្ឌ​កម្ម​ក្រុម​របស់​លោក Paulo Sousa ឱ្យ​ហាល​អាវ​ត្រឹម​វគ្គ​នេះ ពោល​គឺ​ជា​ជោគ​វាសនា​តែ ១ ដែល​ពួក​គេ​បាន​ជួប​ប្រទះ កាល​ពី World Cup 2018​។

កីឡាករ Lewandowski របស់​ក្រុម​នៅអាល្លឺម៉ង់ Bayern Munich បាន​និយាយ​ទៅកាន់​ទូរទស្សន៍រដ្ឋប៉ូឡូញ TVP ថា​៖ «ពិត​មែន​ហើយ វា​ជារឿង​ឈឺចាប់​ណាស់​។ ការធ្លាក់ចេញ​ពី​ព្រឹត្តិការណ៍​ប្រកួត​ប្រជែង​នេះ គឺ​ជា​បរាជ័យ​ដ៏ធំ​សម្រាប់​ពួក​យើង​។ វា​ពិបាក​ទទួលយក​ណាស់​»​។

កីឡាករ​វ័យ ៣២ ​ឆ្នាំ បាន​បន្ថែម​ថា​៖ «​អ្នក​​មិនអាច​និយាយ​បាន​ថា ពួក​យើងគ្មាន​ចិត្ត​វិញ្ញាណ​ ក្នុង​ការ​តស៊ូប្រយុទ្ធ គ្មាន​មហិច្ឆតា ឬ​ក៏គ្មាន​ការ​ប្ដេជ្ញា​ចិត្ត​នោះ​ទេ​។ តែ​វា​មាន​ការ​បាត់​បង់​ចំណុច​ខ្លះៗ ពោល​គឺ​សមត្ថភាព ក្នុង​ការ​ឈ្នះ​ការ​ប្រកួត​នេះ ដើម្បី​បាន​បន្ត​ការ​ប្រកួត​ប្រជែង​ទៅ​មុខ​ទៀត​។ ​សូម​អបអរ​ចំពោះ​កីឡាករ​ទាំង​អស់​ចំពោះ​ការ​ប្រឹង​ប្រែង​ប្រយុទ្ធ​ ប៉ុន្តែ​គ្រាន់​តែ​វា​នៅ​មិន​ទាន់​គ្រប់​គ្រាន់​ប៉ុណ្ណោះ​»​។​​

សម្រាប់​ពូល​ E​​​ នេះ ក្រោយ​បញ្ចប់​ការ​ប្រកួត​ចុង​ក្រោយ ឃើញ​ថា ក្រុម​ស៊ុយ​អែត ឈរ​លេខ ១ ក្នុង​ពូល ដោយ​មាន ៧ ​ពិន្ទុ ហើយ​ត្រូវ​ឡើង​ទៅ​ជួបអ៊ុយ​ក្រែន​ ក្នុង​វគ្គ ១៦ ​ក្រុម។ ​ក្រុម​អេស្ប៉ាញ ដែលនៅ​​លេខ ២ ដោយ​មាន ៥ ពិន្ទុ​ ត្រូវ​ទៅ​ប្រឈម​ជាមួយ​ក្រុម​ក្រូអាស៊ី​។ ​ចំណែក​ក្រុម​លេខ ៣ ស្លូវ៉ាគី និង​ក្រុម​លេខ ៤ ប៉ូឡូញ មិន​អាច​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ទេ​៕ AFP/VN