ក្រុង​ប៊ុយដាប៉ែស​: កីឡាករ​ Karim Benzema បាន​និយាយ​ថា ខ្លួន​មានអារម្មណ៍​រីក​រាយ​ ដែល​មាន​លទ្ធភាព​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​បារាំង​ គិតតាំង​ពី​ឆ្នាំ​ ២០១៥ មក ពេល​លេង​ទល់​នឹង​ក្រុម​ព័រទុយហ្គាល់ កាល​ពី​ថ្ងៃពុធ​ ស្រមពេល​ដែល​មាន​ការ​ដាក់​សម្ពាធ​តិច​តួច​មក​លើ​រូប​គេ​ នៅ​ទូ​ទាំង​ប្រទេស​។

ខ្សែ​ប្រយុទ្ធ​របស់​ក្រុម​អធិរាជស Real Madrid ត្រូវ​បាន​នាំ​ត្រឡប់​មកចូល​ក្រុម​ជម្រើស​ជាតិ​វិញ សម្រាប់​ព្រឹត្តិការណ៍ Euro 2020 នេះ ដោយ​គ្រូបង្វឹក​លោក Didier Deschamps​ក្រោយ​ស្ថិត​នៅ​ក្រៅ​បញ្ជី​ឈ្មោះ​រយៈ​ពេល​ ៥ ឆ្នាំ កន្លះ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា មាន​ពាក់​ព័ន្ធ​នឹង​ការ​រៀប​គម្រោង​ជំរិត​ទារ​ប្រាក់​មួយ​។

Benzema រក​គ្រាប់​បាល់​មិន​បាន​ឡើយ ក្នុង​ចំណោម​ការ​ចូល​លេង ៤ ហ្គេម​ដំបូង គិត​តាំង​ពី​ត្រឡប់​ចូល​មក​លេង​ឱ្យ​ក្រុម​មាន់​គក​បារាំង ដែល​ឈ្នះ​ពាន World Cup 2018 ដោយ​មិន​មាន​វត្តមាន​របស់​កីឡាករ​វ័យ ៣៣​ ឆ្នាំ​។​​

តែ​រូប​គេ​បាន​ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រទម្លុះ​សំណាញ់​ទី​ នៅ​វគ្គ​ទី១ អំឡុង​ការ​ប្រកួត​ចុង​ក្រោយ ក្នុង​ពូល F ទល់​នឹង​ក្រុម​ព័រទុយហ្គាល់ ហើយ​បន្ទាប់​មក មាន​ឱកាស​បន្ថែម ១ គ្រាប់​ទៀត ត្រឹម​តែ ១ នាទី​ នៅ​វគ្គ​ទី២ ដើម្បី​បញ្ចប់​ការ​ទន្ទង់​រង់​ចាំ​ដ៏​យូរ​អង្វែង​របស់​ខ្លួន​។

Benzema បាន​ប្រាប់​ទូរទស្សន៍ BeIN ថា​៖ «​ពោរពេញ​ដោយ​ភាព​រីក​រាយ ពោរ​ពេញ​ដោយ​មោនទភាព​។ ខ្ញុំ​យល់​ថា គ្រប់​គ្នា​កំពុង​រង់​ចាំ​វា (គ្រាប់​បាល់)។ មាន​សម្ពាធ​តិច​តួច​មក​លើ​រូប​ខ្ញុំ​ នៅ​ទូទាំង​ប្រទេស តែ​ខ្ញុំ​គឺ​ជា​កីឡាករ​បាល់​ទាត់ម្នាក់ ប្រកប​ដោយ​វិជ្ជាជីវៈ ពោល​គឺ​ខ្ញុំ​ត្រូវ​ាករ​ការ​ដាក់​សម្ពាធ​នោះ​»​។

លទ្ធផលស្មើ ២-២ ដែល​ឃើញ​ផង​ដែរ​នូវ​ការ​ស៊ុត​ ២គ្រាប់​របស់​កីឡាករ Cristiano Ronaldo តាម​ស្មើ​កំណត់​ត្រា​គ្រាប់​បាល់​ក្រុម​បាល់ ក្នុង​ក្រុម​ជម្រើស​ជាតិ​នោះ គ្រប់​គ្រាន់ ក្នុង​ការ​បញ្ជូន​ក្រុម​បារាំង​ឱ្យ​ធ្វើ​ដំណើរ​ទៅ​វគ្គ ១៦ក្រុម​ចុង​ក្រោយ ក្នុង​នាម​ជាប្រធានពូល​ ដោយ​ត្រូវ​ឡើង​ទៅ​ប៉ះ​ក្រុម​ស្វីស នៅ​ឯក្រុង​ប៊ុយ​ដាប៉ែស នា​ថ្ងៃ​ចន្ទ​។

គ្រូបង្វឹក​របស់​បារាំង លោក Deschamps បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ TF1 ថា​៖ «​រូប​គេ (Benzema) កំពុង​រង់​ចាំ​គ្រាប់​បាល់​នោះ​។ គេ​មិន​បាន​បាត់​បង់​ទំនុក​ចិត្ត​នោះ​ឡើយ ហើយ​ខ្ញុំ​ក៏​ដូច​គ្នា​។ យើង​នឹង​ប្រសើរ​ឡើង​វិញ ហើយ​បន្ទាប់​មក យើង​នឹង​ត្រៀម​ខ្លួន​សម្រាប់​ហ្គេម​ទល់​នឹង​ក្រុម​ស្វីស ឱ្យ​បាន​ល្អ​បំផុត​តាម​ដែល​យើង​អាច​ធ្វើ​បាន​»​៕ AFP/VN