ភ្នំពេញ៖ ក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិកោះហ្គាម ដែល​សុទ្ធតែ​ទទួល​បាន​ភាព​ជូរចត់​ខ្លាំង នៅ​ក្នុងការ​ប្រកួត​ជុំទី២ នៃពានរង្វាន់ FIFA World Cup និង Asian Cup 2022 នោះ ត្រូវ​បានគេ​មើល​ឃើញ​ថា បាន​​ក្លាយ​ជាដៃគូ​ប្រកួត​គ្នា​យ៉ាង​ស័ក្តិសម ខណៈ​ក្រុមទាំង​ ២ បានចាប់​ឆ្នោតប៉ះគ្នា នៅ​ក្នុង​ការប្រកួតជុំ Play-Off នៃវគ្គជម្រុះជុំទី៣ ពាន​រង្វាន់​បាល់​​ទាត់​​ទ្វីប​អាស៊ី (AFC Asian Cup) ឆ្នាំ ២០២៣។

តាម​រយៈការ​ចាប់​ឆ្នោត ដែល​ត្រូវបានធ្វើ ​នៅទី​ស្នាក់ការ​របស់​​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​ទ្វីប​អាស៊ី (AFC) នាក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី នា​​រសៀល​ថ្ងៃព្រហស្បតិ៍​នេះ ​បាន​បង្ហាញ​ថា ក្រុម​គោព្រៃកម្ពុជា និង​កោះហ្គាម នឹង​ត្រូវ​ធ្វើការ​ប្រកួតគ្នា​ចំនួន​ ២​ ជើង ​នៅ​ក្នុង​វគ្គ​នេះ ចំណែក​​ក្រុម​ឥណ្ឌូណេស៊ី ​ក៏​​ត្រូវប្រជែង​ជាមួយ​ក្រុម ឆាយនីសតៃប៉ិ នៅ​ក្នុង​វគ្គនេះដូច​គ្នា​។

​ទាំង​ក្រុម​ជម្រើសជាតិ​កម្ពុជា ឥណ្ឌូណេស៊ី កោះហ្គាម និងឆាយនីសតៃប៉ិ សុទ្ធតែ​ជា​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​ទាបជាងគេ បន្ទាប់​ពី​ក្រុម​ទាំង​ ៤ នេះ ទទួល​បាន​លទ្ធផល​ជូរចត់​ខ្លាំង នាការប្រកួតជុំទី២ នៃពានរង្វាន់ FIFA World Cup & Asian Cup 2022 ដែល​ទើប​បាន​បញ្ចប់កាលពី​ពេល​ថ្មីៗនេះ។

​នៅ​ក្រោយ​ការ​ប្រកួត​នោះ ក្រុម​កម្ពុជា ត្រូវបានចាត់​ចូល​នៅ​ក្នុង Pot 1 ជាមួយ​ក្រុម​ឥណ្ឌូនេស៊ី ដោយក្រុមទាំង​ ២​ នេះ បាន​បញ្ចប់ការ​ប្រកួត​តាមពូល ជាមួយ​ការ​ចាញ់ ​៧ និងស្មើ​ ១​ ដងដូចគ្នា ចំណែកក្រុមហ្គាម​ និងក្រុម​ឆាយនីសតៃប៉ិ ស្ថិត​នៅ Pot 2 ដោយ​ក្រុមទាំង​២​នេះ បាន​បញ្ចប់ការ​ប្រកួត​ជម្រុះជុំទី២ នៃពានរង្វាន់ FIFA World Cup & Asian Cup 2022 ជាមួយការ​ចាញ់ទាំង ​៨ ​ប្រកួត តាមពូលរៀងៗ​ខ្លួន​ដូច​គ្នា។

ក្រុម​ជម្រើសជាតិកម្ពុជា ដែល​កំពុង​ធ្វើ​ចត្តាឡីស័ក នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺន​​​កងរាជអាវុធហត្ថភ្នំជុំរីក​រាយ ​ក្រោយត្រឡប់មកពី​ប្រទេស​បារ៉ែន។ រូប​ថត FFC

យ៉ាងណា​មិញ សម្រាប់​​ការប្រកួតវគ្គ Play-Off ពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី នេះ នឹង​​ត្រូវ​ឡើង​ចំនួន ​២ ជើង ដោយ​​ជើង​ទី​១ គ្រោង​​រៀបចំ​ឡើង ​នៅ​ថ្ងៃ​ទី ៧ ខែកញ្ញា រីឯ​ជើង​ទី​២ នឹងធ្វើ​នៅ​ថ្ងៃទី ១២ ខែតុលា ហើយ​​ក្រុមឈ្នះ​ នឹង​ត្រូវ​​ចូលរួម​ប្រកួត​​ជាមួយ​ ២២ ​ក្រុម​ទៀត នៅ​វគ្គ​ជម្រុះ​ជុំទី ៣ ​នៃ​ពាន​​​រង្វាន់ AFC Asian Cup 2023 នេះ។

យោងតាម​លទ្ធផល និងប្រវត្តិ​ជួបគ្នា​រវាងក្រុម​ជម្រើសជាតិ​កម្ពុជា និងក្រុមកោះហ្គាម ត្រូវ​បានគេ​មើល​ឃើញ​ថា ក្រុមទាំង ​២ នេះ មាន​កម្រិត​លេង​ប្រហាក់ប្រហែល​គ្នា ហើយ​ទទួល​ទទួល​បានបទពិសោធ​យ៉ាងជូរចត់ នៅ​ក្នុងការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភពលោក​ប្រចាំទ្វីប​អាស៊ី ក្នុង​ជុំទី​២ ដូចគ្នា ដែល​អាចនិយាយ​​ថា ជា​ដៃគូដ៏​ស័ក្តិសម​បំផុត។

តាម​រយៈ​ការ​ប្រកួតជុំទីពីរ នៃពានរង្វាន់ FIFA World Cup & Asian Cup 2022 ចំនួន ​៨ ​លើ​ក​ដូច​គ្នា ក្រុម​កម្ពុជា បាន​បញ្ចប់ចំណាត់ថ្នាក់បាតតារាង ក្នុងពូល C ដោយ​បាន​ចាញ់​ក្រុម​អ៊ីរ៉ង់ ១៤-០ ​និង ១០-០ ចាញ់ក្រុម​អ៊ីរ៉ាក់ ៤-០ និង​ ៤-១ ចាញ់​ក្រុម​ប៉ារ៉ែន ១-០ និង ៨-០ ស្មើហុងកុង ១-១ នៅជើងទីមួយ តែចាញ់ ២-០ នៅជើងទីពីរ។

ចំណែក​ក្រុម​ហ្គាម បាន​ឈរ​នៅបាត​តារាង​ប្រចាំ​ពូល A ដោយ​បានចាញ់ទាំង​ ៨​ លើក គឺ​ចាញ់​ក្រុមម៉ាល់ឌីវ ១-០ និង ៣-១ ចាញ់​ក្រុម​ហ្វីលីពីន ៤-០ និង ៣-០ ចាញ់​ក្រុម​ចិន ៧-០ ទាំង​ ២ ជើង ព្រមទាំង​ចាញ់​ក្រុមស៊ីរី ៤-០ និង​ ៣-០។

ក្រុម​ជម្រើសជាតិកោះហ្គាម ដែល​បានចាប់​ឆ្នោត​ប៉ះ​ក្រុម​កម្ពុជា ក្នុង​ការប្រកួតជុំ Play-Off នៃវគ្គជម្រុះជុំទីបី ពានរង្វាន់បាល់ទាត់ទ្វីបអាស៊ី។ រូប​ថត សហការី

ដោយ​ឡែក ចំពោះ​​ប្រវត្តិ​ជួបគ្នា​វិញ ​ក្រុមជម្រើសជាតិ​កម្ពុជា ក្រោម​ដឹកនាំ​របស់​គ្រូ​បង្វឹក​អូស្ត្រាលី លោក Scott O’Donnell បានយកឈ្នះក្រុម​ហ្កាម ៣-០ នាការប្រកួត AFC Challenge Cup 2006 នៅបង់ក្លាដែស ប៉ុន្តែ​ការ​ជួបគ្នា នៅ​ក្នុង​ប្រកួតមិត្តភាពអន្តរជាតិ កាលពីឆ្នាំ ២០១៣ នៅពហុកីឡដ្ឋាន​ជាតិ ក្រុមម្ចាស់​ផ្ទះ​​កម្ពុជា ដែលដឹកនាំដោយលោក Lee Tae Hoon បានចាញ់ហ្គាម ២-០ វិញ។

គិត​មកដល់​បច្ចុប្បន្ន ​កីឡាករ ​៣ ​រូប ដែល​ធ្លាប់លេង​ជាមួយ​ក្រុម​ហ្គាម រួមមាន គួច សុកុម្ភៈ, សុះ ស៊ូហាណា និង ប្រាក់ មុន្នីឧត្តម នៅតែ​បន្ត​ជាប់ និងលេង​ឱ្យ​ក្រុមជម្រើសជាតិ​កម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកជប៉ុន Ryu Hirose នាពេលនេះ ប៉ុន្តែ​កីឡាករខ្មែរ-អាល្លឺម៉ង់ ​Chhunly Pagenburg ដែល​បង្ហាញខ្លួនជាលើកដំបូងឱ្យក្រុម​​កម្ពុជា កាលពី​ឆ្នាំ​ ២០១៣ ​នោះ​ដែរ គឺ​បាន​ចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ ក្នុងអាយុត្រឹម ២៨ ឆ្នាំ ដោយ​សារ​បញ្ហា​របួស៕