
បេក្ខភាពទាំង៤នាក់ ដែលត្រូវប្រកួតដណ្តើមប្រាក់លាន នៅលើសង្វៀនថោន នាថ្ងៃអាទិត្យនេះ។ រូបថត សហការី
ភ្នំពេញ៖ ការប្រកួតម៉ារ៉ាតុងដណ្តើមប្រាក់លាននៅលើសង្វៀនថោន នាថ្ងៃអាទិត្យនេះ គេមានការចាប់អារម្មណ៍ខ្លាំង ទៅលើកីឡាករមានបទពិសោធយូរឆ្នាំចំនួន ២ នាក់ គឺ សែន រ៉ាដេត មកពីក្លិបនាយកដ្ឋានអង្គរក្ស និង សុខ រិទ្ធ មកពីខេត្តបន្ទាយមានជ័យ ដែលជាកីឡាករជម្រើសជាតិឃីកបុកស៊ីងកម្ពុជា ចំណែកបេក្ខភាព យ៉ន ពិសី និង សាន សំអុល ដែលទើបនឹងចាប់ផ្តើមល្បីជំនាន់ក្រោយ គេមិនបារម្ភទេ។
បន្ថែមពីលើនេះ កីឡាករ សែន រ៉ាដេត និងគ្រូបង្វឹក លោក ស៊ន អេលីត បានអះអាងថា ឧបសគ្គធំក្នុងការប្រកួតនេះ គឺមានតែ សុខ រិទ្ធ ដែលគិតថា លំបាក ចំណែក លោក សាន់ សៅយ៉ាន់ ជាគ្រូបង្វឹក សុខ រិទ្ធ បានចាត់ទុក សែន រ៉ាដេក ជាឧបសគ្គធំ ដូចគ្នា ប្រសិនអ្នកទាំង ២ ចាប់ឆ្នោតប៉ះគ្នានោះ ប៉ុន្តែបើប៉ះ យ៉ន ពិសី ឬ សាន សំអុន គឺមិនបារម្ភទេ សង្ឃឹមបានឡើងទៅវគ្គផ្តាច់ព្រ័ត្រមិនខាន។
លោក ស៊ន អេលីត បាននិយាយថា៖ «សែន រ៉ាដេត ហ្វឹកហាត់បានល្អ ត្រៀមការប្រកួតនេះ ដោយខំយកឈ្នះឱ្យបាន ប៉ុន្តែខ្ញុំបារម្ភខ្លាំង ប្រសិនចាប់ឆ្នោតប៉ះជាមួយកីឡាករ សុខ រិទ្ធ ព្រោះ សុខ រិទ្ធ មានក្បាច់ល្អជង្គង់ និងកម្លាំងថេរ រឹងល្អ មិនស្រុត ទោះជាការប្រកួតច្រើនទឹក ក៏ដោយ»។
គ្រូបង្វឹករបស់ក្លិបនាយកដ្ឋានអង្គរក្ស លោក ស៊ន អេលីត បានប្រាប់បន្ថែមថា៖ «ខ្ញុំមិនអាចមើលរំលងវិជ្ជាគុន សុខ រិទ្ធ បានទេ ព្រោះស្នៀតទាត់ និងឱបឡើងជង្គង់ល្អ ដែលមិនអាចវាយតម្លៃថា ស្រួលប្រកួតនោះឡើយ។ តែយ៉ាងណាក្តី ខ្ញុំនៅតែរំពឹងលើកូនសិស្សខ្ញុំ សែន រ៉ាដេត៧០ ភាគរយ គឺឈ្នះ»។
ចំណែកលោក សាន់ សៅយ៉ាន់ បាននិយាយថា៖ «សុខ រិទ្ធ កំពុងហ្វឹកហាត់នៅភ្នំពេញ ជាមួយប្រដាល់ឃីកបុកស៊ីង គឺមិនបានហ្វឹកហាត់ផ្ទាល់ជាមួយខ្ញុំទេ ប៉ុន្តែខ្ញុំបានផ្តាំឱ្យគ្រូនៅទីនោះ ដូចជា សេន ប៊ុនថេន ជួយមើល ព្រោះរបៀបនៃការប្រកួតបានពិន្ទុ បើយើងវ៉ៃរបៀបថៃ មិនងាយបានពិន្ទុទេ ហេតុនេះគួរតែកែសម្រួលវាយចេញកណ្តាប់ដៃ ជង្គង់ ព្រមទាំងមិនដកថយ ទោះមានប្រៀបឈ្នះក៏ដោយ។ បើវាធ្វើតាមខ្ញុំប្រាប់បាន គឺឈ្នះ តែបើវ៉ៃតាមបច្ចេកទេសដូចនៅថៃ សង្ឃឹមតិចណាស់ គឺ៦៥ភាគរយប៉ុណ្ណោះ»។
ជាមួយគ្នានេះ លោក ឡុង សាលវ័ន្ត គ្រូបង្វឹក យ៉ន ពិសី បាននិយាយថា៖« យ៉ន ពិសី កំពុងហាត់ល្អ ហើយវាមិនធ្លាប់ប្រកួតជាមួយ សែន រ៉ាដេត និង សុខ រិទ្ធ ទេ ព្រោះជំនាន់ខុសគ្នាគឺវាជាសិស្សប្អូន តែ ពិសី ធ្លាប់ឈ្នះ សាន សំអុន។ ខ្ញុំមិនហ៊ាននិយាយមុនទេ ខ្លាចខុស និងខ្លាចគេថាខ្ញុំនិយាយអួត ប៉ុន្តែធានាថា យ៉ន ពិសី វ៉ៃអស់ពីសមត្ថភាព និងមិនញញើតទេ ទោះប៉ះមួយណាក៏បាន»។
តាមបទពិសោធប្រកួត នៅលើសង្វៀន សែន រ៉ាដេត ប្រកួតបាន ៦៥ ដង ឈ្នះ ៥៤ ចាញ់ ១០ ស្មើ ១ ដង ក្នុងនោះធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ២២ ដង ចំណែក សុខ រិទ្ធ ប្រកួតបាន ៥១ ដង ឈ្នះ ៤១ ចាញ់ ៥ ស្មើ ៥ ដង ក្នុងនោះ ធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ១៨ ដង ហើយ យ៉ន ពិសី ប្រកួតបាន ៥០ ដង ឈ្នះ ៣៨ ចាញ់៩ ស្មើ ៣ ក្នុងនោះបានផ្តួលដៃគូឱ្យសន្លប់ ១២ ដង រីឯ សាន សំអុន ប្រកួតបាន ២៧ ដង ឈ្នះ ២៦ ចាញ់ ១ ក្នុងនោះផ្តួលដៃគូឱ្យសន្លប់បាន ៦ ដង៕