
កីឡាករ ម៉ឺន មេឃា បានម៉ាត់ទៅលើគូប្រកួត នៅក្នុងការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ កន្លងមក។ រូបថត ឈន ណន
ភ្នំពេញ៖ អតីតអ្នកប្រដាល់ជើងខ្លាំងគ្មានគូប្រៀប អេ ភូថង ដែលបច្ចុប្បន្ន បានវិវឌ្ឍខ្លួនទៅជាគ្រូបង្វឹក និងជាមន្ត្រីកងយោធពលខេមរភូមិន្ទផងនោះ រួមទាំងភរិយា លោកស្រី សាំង សុម៉ាលី បានបណ្តោះបណ្តាល និងត្រួសត្រាយកូនប្រុសចំនួន ២ នាក់ ឱ្យក្លាយជាកីឡាករប្រយុទ្ធ ក្នុងគុនខ្មែរ ដ៏ល្បីល្បាញ និងក្លាយជាកីឡាករជម្រើសជាតិកីឡាវ៉ូវីណាម ផងដែរ។
គិតមកដល់បច្ចុប្បន្ន កូនប្រុសទាំង២របស់លោក អេ ភូថង គឺ អេ អាំម៉ារីនភូថង មានទម្ងន់ ៥៧ គីឡូក្រាម និង អេ វិរៈខាំឈីតភូថង ទម្ងន់ ៦៥ គីឡូក្រាម សុទ្ធតែមានក្របខ័ណ្ឌជាកងយោធពលខេមរភូមិន្ទ និងមានឈ្មោះនៅក្នុងក្រុមជម្រើសជាតិកីឡាវ៉ូវីណាមកម្ពុជា ប្រចាំឆ្នាំ ២០២១ នេះ។
បន្ថែមលើនេះ អេ វិរៈខាំឈីតរភូថង ដែលគេស្គាល់ថា ជាជើងខ្លាំង ម៉ឺន មេឃា និងប្អូនប្រុសរបស់គេ អេ អាំម៉ារីនភូថង ក៏កំពុងបានសាងភាពល្បីល្បាញកាន់តែខ្លាំង នៅលើវិធីគុនខ្មែរ ផងដែរ ដោយនៅពេលនេះអ្នកទាំង ២ សុទ្ធតែកំពុងត្រៀមខ្លួនប្រកួតផ្តាច់ព្រ័ត្រដណ្តើមយកខ្សែក្រវាត់ នៅលើសង្វៀន ២ ផ្សេងគ្នា ចំណែកកូនស្រីរបស់លោក អេ ភូថង គឺ អេ យ៉ានុតភូថង ក៏ធ្លាប់ជាកីឡាការិនីឆ្នើមម្នាក់ផងដែរ។
លោក អេ ភូថង មិនអាចសុំពន្យល់ពីអាថ៌កំបាំង ក្នុងការត្រួសត្រាយសម្រាប់កូនៗ ដែលឈានមកដល់លទ្ធផលផ្លែផ្កាបែបនេះ ដោយផ្ទាល់បានទេ ដោយលោកជំរុញឱ្យអ្នកស្រី សាំង សុម៉ាលី ជាភរិយា និយាយជំនួសល្អជាង ព្រោះប្តីប្រពន្ធ ១ គូរនេះ សុទ្ធតែមានចំណែកទទួលខុសត្រូវផ្ទាល់ដូចគ្នា ក្នុងការបណ្តុះបណ្តាលកូនៗ ឱ្យចូលក្នុងកីឡាប្រយុទ្ធនេះ។

អេ ភូថង និងភរិយា សាំង សុម៉ាលី បានថតជាមួយកូនៗ ក្នុងដំណើរកម្សាន្ត នាពេលកន្លងមក។ រូបថត សហការី
លោកស្រី សាំង សុម៉ាលី បាននិយាយថា៖ «កូនៗរបស់ខ្ញុំទាំងអស់ គឺពិតជាបានត្រួសត្រាយឱ្យដើរតាមគន្លងកីឡាប្រយុទ្ធ និងទទួលបានក្របខ័ណ្ឌ ជាកងយោធពលខេមរភូមិន្ទ រួមទាំងកូនស្រីម្នាក់ទៀត អេ យ៉ានុតភូថង ជាកីឡាការិនីគុនខ្មែរ និងប្រដាល់សកល ផងដែរ»។
ស្រ្តីដែលបានត្រាច់ចរតាមប្តី និងកូនៗ នៅតាមទីលានហ្វឹកហាត់ និងសង្វៀនប្រកួតរូបនេះ បានបន្តថា៖ «ប្តីខ្ញុំ គាត់មិនសូវចេះនិយាយច្រើនទេ តែគាត់ពូកែខាងបង្ហាត់ និងបណ្តុះបណ្តាលក្បាច់គុនល្អ និងមានវិធី ឬល្បិចប្រកួតឱ្យទទួលបានលទ្ធផលល្អ និងឈ្នះ។ ខ្ញុំពេញចិត្តនិងទទួលបានផ្លែផ្កាល្អដូចសព្វថ្ងៃ ដោយមួយរយៈចុងក្រោយនេះ កូនប្រុសទាំង ២ នាក់របស់ខ្ញុំ ប្រកួតឈ្នះជានិច្ច ហើយពេលប្រកួត ខ្ញុំ និងប្តី បានទៅជួយមើល និងឱ្យដឹកដោយផ្ទាល់»។
នៅល្ងាចថ្ងៃសៅរ៍នេះ ជើងខ្លាំង ម៉ឺន មេឃា នឹងត្រូវប្រកួតផ្តាច់ព្រ័ត ដណ្តើមខ្សែក្រវាត់ និងប្រាក់រង្វាន់ ៥ ០០០ ដុល្លារ ជាមួយ ឈុត សេរីវ៉ាន់ថង នៅសង្វៀន CNC ចំណែក អេ អាំម៉ារីនភូថង បានឈានដល់វគ្គផ្តាច់ព្រ័ត្រដែរ ដោយត្រូវប៉ះកីឡាករចាស់វស្សា ម៉ន សាម៉េត ក្នុងព្រឹត្តិការណ៍ ពានរង្វាន់ King Fighter របស់ទូរទស្សន៍ហង្សមាស ដោយត្រូវប្រកួត នៅថ្ងៃទី ៣ ខែកកដ្កា ខាងមុខនេះ។
ជុំវិញការប្រកួតនេះ លោកស្រី សាំង សុម៉ាលី បានបញ្ជាក់ថា៖ «កីឡាករ ម៉ឺន មេឃា និង អេ អាំម៉ារីនភូថង ប្រកួតឈ្នះផ្ទួនៗ និងកម្រចាញ់ការប្រកួតណាស់ ហើយភាពអស្ចារ្យបន្ថែមទៀតនោះ គឺពួកគេ សុទ្ធតែបានផ្ដួលដៃគូ ដើម្បីឈានដល់វគ្គផ្ដាច់ព្រ័ត្ររៀងៗខ្លួន។ ខ្ញុំមានការសង្ឃឹមខ្លាំង ចំពោះ ម៉ឺន មេឃា គឺ ៧០ ភាគរយ ក្នុងការប្រកួតយកឈ្នះ ឈុត សេរីវ៉ាន់ថង ដើម្បីយកប្រាក់ ២០ លានរៀល ប៉ុន្តែ អេ អាំម៉ារីនភូថង ខ្ញុំសង្ឃឹមតិចណាស់ ត្រឹម ៥០ ភាគរយទេ ព្រោះវាមានបទបិសោធខ្ចីជាងដៃគូ ម៉ន សាម៉េត»៕

កីឡាករ អេ អាំម៉ារីនភូថង ពេលឡើងទទួលមេដាយមាស និងប្រាក់រង្វាន់លេខ១ ពីការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ។ រូបថត ឈន ណន