ក្រុង​សេវីល៖ ខ្សែ​បម្រើ Sergio Busquets ដែល​ពោរពេញ​ដោយ​អារម្មណ៍​រំជួល​ចិត្ត​មាន​ជំនឿ​ថា ជ័យជម្នះ​ភ្លូក​ទឹក​ភ្លូកដី​ ៥-០ លើ​ក្រុម​ស្លូវ៉ាគី កាល​ពី​ថ្ងៃ​ពុធ នឹង​ផ្ដល់​ឱ្យ​ក្រុម​ទាំង​មូល​នូវ​កម្លាំង​ជំរុញ​ចិត្ត​ដ៏​ធំ​មហាសាល​សម្រាប់​ការ​ប្រកួត​ក្នុង​វគ្គ​ចាញ់​ធ្លាក់​ក្នុង​ព្រឹត្តិការណ៍ Euro 2020​។

ក្រុម​អេស្ប៉ាញ ដែល​មាន​រហស្សនាម​ថា «​គោជល់» នឹង​ត្រូវ​តស៊ូ​ជាមួយ​ក្រុម​ក្រូអាស៊ី​នៅ​ឯ​ក្រុង​កូប៉ិនហាក ក្នុង​ប្រទេស​ដាណឺម៉ាក នា​ថ្ងៃ​ចន្ទ បន្ទាប់​ពី​បាន​សិទ្ធិ​ឆ្លង​ទៅ​ជុំ​បន្ទាប់​ក្នុង​នាម​ជា​ក្រុម​លេខ ២ ក្នុង​ពូល​ E។

កីឡាករ​ Busquets បាន​ត្រឡប់​មក​មាន​វត្តមាន​ក្នុង​ជម្រើស ១១ ​នាក់​ដំបូង​វិញ សម្រាប់​ការ​ប្រកួត​របស់​ក្រុម​អេស្ប៉ាញ​​ទល់​នឹង​ស្លូ​វ៉ាគី​នេះ ក្រោយ​ពី​ខកខាន​ ២ ហ្គេម​ដំបូង ដោយសារ​ទទួល​បាន​លទ្ធផល​តេស្ត​វិជ្ជមាន​ជំងឺ​កូវីដ ១៩​។

កីឡាករ​វ័យ ៣២ ​ឆ្នាំ របស់​ក្រុម​អ្នក​មាន​បុណ្យ Barcelona រូប​នេះ បាន​អង្គុយ​មើល​ការ​ប្រកួត​ ដែល​ក្រុម​របស់​ខ្លួន​លេង​ស្មើ​ប៉ូឡូញ ១-១ ដោយ​លទ្ធផល​នោះ បាន​ធ្វើ​ឱ្យ​អេស្ប៉ាញ​ស្ថិត​ក្នុង​ភាព​មិន​ប្រាកដប្រជា​ក្នុង​ការ​ឆ្លង​ផុត​ពី​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​នេះ​។

«​វា​ពិត​ជា​តឹងតែង​ណាស់។ លទ្ធផល​ នៅ​ក្នុង​ថ្ងៃ​នេះ គឺ​ជា​កម្លាំង​ជំរុញ​ ១​ សម្រាប់​គ្រប់​គ្នា សម្រាប់​ពួក​យើង​សម្រាប់​អ្នក​គាំទ្រ។​ នេះ​ជា​ផ្លូវ​ដែល​ពួក​យើង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​»​។ នេះ​ជា​សម្ដី​របស់​កីឡាករ Busquets ដែល​​ស្រាប់​តែ​ចាប់​ផ្ដើម​​ស្រក់​ទឹក​ភ្នែក​ក្នុង​ពេល​កំពុង​និយាយ​។

កីឡាករ​ Busquets បាន​បន្ត​ថា​៖ «ពួក​យើង​មាន​ក្ដី​រីករាយ​។ យើង​មិន​អាច​ឈរ​ទី១ ព្រោះ​វា​មិន​ស្ថិត​នៅ​ក្នុង​ដៃ​របស់​ពួក​យើង​ទេ តែ​វា​​ពិត​ជា​បាន​ផ្តល់​ឱ្យ​ពួក​យើង​នូវ​ទំនុក​ចិត្ត​យ៉ាង​ច្រើន​នូវ​អ្វី​ដែល​កំពុង​កើត​មាន​​ឡើង»​។

«​យើង​មាន​នូវ​ពេល​វេលា​រាង​លំបាក​បន្តិច​។ ខ្ញុំ​ត្រូវ​នៅ​ផ្ទះ​ ១០ ​ថ្ងៃ ដោយ​មិន​អាច​ចេញ​​ទៅ​ណា តែ​ក្រុម​​រឹង​មាំ​​ណាស់​។ បញ្ហា​ទាំង​អស់​នេះ បាន​ធ្វើ​ឱ្យ​ពួក​យើង​កាន់​តែ​ធំ​ធាត់​ឡើង ហើយ​វា​បង្ហាញ​នូវ​ឥរិយាបថ​របស់​ពួក​យើង»​។ នេះ​ការ​បន្ថែម​​របស់ Busquets​។

ខ្សែ​ប្រយុទ្ធ​ Alvaro Morata របស់​អេស្ប៉ាញ ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ អត់​ចូល នៅ​ដើម​វគ្គ​ទី១ តែ​គ្រាប់​បាល់​ពី​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់​អ្នក​ចាំទី​នៃ​ក្រុម​ស្លូវេគី គឺ Martin Dubravka បាន​ធ្វើ​ឱ្យ​ភាព​តានតឹង​ធូរស្រាល មុន​ពេល​មាន​​​គ្រាប់​បាល់​បន្ត​បន្ទាប់​គ្នា​ពី Aymeric Laporte, Ferran Torres និង Pablo Sarabia ​​ព្រម​ទាំង​ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង ១ គ្រាប់​ផ្សេង​ទៀត​របស់ Juraj Kucka បង្កើត​បាន​នូវ​ជ័យជម្នះ​យ៉ាង​ត្រចះ​ត្រចង់​ឱ្យ​ក្រុម​គោជល់​សម្រាប់​ការ​ប្រកួត​នៅ​ក្រុង​សេវីល​នេះ។

Busquets បាន​និយាយ​បន្ថែម​ទៀត​ថា​៖ «​ការ​ស៊ុត​បាល់​ប៉េណាល់ទី​នោះ គឺ​ជា​រឿង​គួរ​ឱ្យ​អាម៉ាស់ តែ​ក្រុម​បាន​ព្យាយាម​យ៉ាង​ខ្លាំង ហើយ​យើង​បានជួប​នូវ​សំណាង​ល្អ​ ដែល​មាន​គ្រាប់​បាល់​ដំបូង ដោយសារ​​កំហុស​របស់​អ្នក​ចាំ​ទី​នៃ​ក្រុម​របស់​ពួក​​គេ​។ យើង​ទទួល​យក​ការ​រិះគន់​នៅ​ពេល​យើង​ធ្វើ​មិន​បាន​ល្អ តែ​នេះ​ គឺ​ជា​ការ​ប្រកួត​ប្រជែង​ជើងឯក​អឺរ៉ុប ដូច្នេះ​យើង​ដឹង​ថា តើ​វា​ពិបាក​កម្រិត​ណា​?​»។

ក្រុម​អេស្ប៉ាញ ឥឡូវ​នេះ​ នឹង​ត្រូវ​ឡើង​ជួប​ក្រុម​ក្រូ​អាស៊ី ដែល​យក​ឈ្នះ​ក្រុម​ស្កុតឡេន កាល​ពី​ថ្ងៃ​អង្គារ ហើយ​បាន​ឆ្លង​ទៅ​ជុំ​បន្ត​ក្នុង​នាម​ជា​ក្រុម​លេខ ២ ប្រចាំ​ពូល D​ ដោយ​​ប្រធាន​ក្រុម Luka Modric គឺ​ជា​កីឡាករ​​ដ៏​សំខាន់​ក្នុង​ការ​រួម​ចំណែក​ជួយ​ជំរុញ​ក្រុម​ឱ្យ​មាន​នូវ​​ជ័យជម្នះ​នោះ ជាមួយ​នឹង​ការ​ស៊ុត​គ្រាប់​បាល់​ទី ២ យ៉ាង​ស្អាត​អស្ចារ្យ​។

ពាក់ព័ន្ធ​នឹង​ការ​ឡើង​ទៅ​ជួប​ក្រូអាស៊ី​នេះ Busquets បាន​ប្រាប់​ថា​៖ «​​ក្រូអាស៊ី គឺ​ជា​ក្រុម​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ នៅ​ World Cup វា​នឹង​កា្លយ​ជា​ការ​ប្រកួត​ដ៏​លំបាក ហើយ​យើង​ដឹង​ថា ប្រធាន​ក្រុម​ (Modric) របស់​គេ​ គឺ​ល្អ​ណាស់​។ តែ​យើង​ត្រូវ​មើល​ពី​ខ្លួន​យើង​ ហើយ​បន្ត​កិច្ច​ការ​ ដូច​ថ្ងៃ​នេះ​អ៊ីចឹង​»​។

សម្រាប់​ពូល E ក្រុម​ស៊ុយអែត គឺ​ជា​ប្រធាន​ពូល​ ដោយ​មាន ៧ ពិន្ទុ ក្រោយ​ពី​គ្រាប់​បាល់​នៅ​នាទីទី​៩០+៤ របស់​ខ្សែ​បម្រើ Viktor Claesson​ ជួយ​ឱ្យ​ឈ្នះ​ប៉ូឡូញ ៣-២។ ស៊ុយអែត ត្រូវ​ទៅ​ប្រកួត​ជាមួយ​​អ៊ុយក្រែន ក្នុង​វគ្គ ១៦ ក្រុម​ចុង​ក្រោយ៕ AFP/VN