ភ្នំពេញ៖ សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ​ដែល​បាន​បែក​ខ្លួន​ចេញ​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​តាំង​ពី​ឆ្នាំ​ ២០១៧​ មក​នោះ​ គឺ​គិត​មក​ដល់​បច្ចុប្បន្ន ​​នៅ​តែ​ពុំ​ទាន់​មាន​វិស័យ​ឯកជន​ឧបត្ថម្ភ​គាំទ្រ​ឱ្យ​មាន​ការ​​រៀបចំ​ការ​ប្រកួត​ប្រចាំ​សប្តាហ៍ ​ដូច​គុន​ខ្មែរ​នៅ​ឡើយ​ ខណៈ​ដែល​កន្លង​មក ​សកម្មភាព​ប្រកួត​​​បាន​ ដោយសារ​សហព័ន្ធ​កីឡា​​​ប្រដាល់​គុន​ខ្មែរ​ផ្តល់​ឱកាស​​ជ្រៀត​​ដាក់​ឱ្យ​​មាន​ប្រកួត​ខ្លះៗ​ប៉ុណ្ណោះ នៅ​តាម​សង្វៀន​​ឯកជន​។​

សម្រាប់​​រយៈពេល​ ៤ ​ឆ្នាំ​ចុង​ក្រោយ​​ ប្រដាល់​សកល​ពុំ​មាន​ទីផ្សារ​ប្រកួត​ទៀត​​ឡើយ​ ពោល​គឺ​ក្នុង​ ១ ​ឆ្នាំ ​មាន​តែ​ការ​ប្រកួត​ជម្រើស​ជើងឯក​ថ្នាក់​ជាតិ ​១ ​លើក​​​ប៉ុណ្ណោះ​។ ចំណែក​​ប្រធាន​សហព័ន្ធ​កីឡា​​ប្រដាល់​សកល​កម្ពុជា លោក​ ឆឹង ​យ៉ៅយ៉េន​ ដែល​មាន​វ័យ​ចាស់​ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​​ប្រដាល់​គុន​ខ្មែរ​ផង​នោះ​ បាន​គ្រប់គ្រង​សហព័ន្ធ​ ១ ​នេះ​ ​ជិត ​២ ​អាណត្តិ​ហើយ ប៉ុន្តែ​ការ​ស្វែងរក​ទីផ្សារ​ដើម្បី​រៀបចំ​​ការ​ប្រកួត​បន្ថែម​ទៀត​ក្រៅ​ពី​​កម្មវិធី​របស់​ក្រសួង​​​អប់រំ ​យុវជន​ និង​កីឡា​ ពិត​ជា​ពុំ​ទាន់​មាន​នៅ​ឡើយ​ទេ។​

ជាមួយ​គ្នា​នេះ មន្រ្តី​ជំនាញ​​របស់​​សហព័ន្ធ​កីឡា​​ប្រដាល់​សកល​កម្ពុជា​បាន​បង្ហើប​ថា​ ​នៅ​ក្នុង​​វិបត្តិ​ជំងឺ​កូវីដ ១៩ កំពុង​រីក​រាលដាល​នា​ឆ្នាំ ​២០២១ ​នេះ គម្រោង​នៃ​ការ​រៀបចំ​ការ​​ប្រកួត ​​គឺ​ស្ថិត​​ក្នុង​លក្ខណៈ​មួយ​លំបាកលំបិន​គ្រប់​ផ្នែក​។ តែ​ទោះ​​បីជា​យ៉ាង​ណា ​មុន​នឹង​ព្រឹត្តិការណ៍​​ស៊ីហ្គេម​លើក​ទី​៣១ ​នៅ​ឯ​ក្រុង​ហាណូយ​ ប្រទេស​​​វៀតណាម​ ចុង​ឆ្នាំ​ ២០២១ នេះ ​សហព័ន្ធ​កំពុង​តែ​ត្រៀម​គម្រោង​ប្រកួត​ប្រចាំ​សប្តាហ៍​ ៦ ​លើក​ និង​បូក​បញ្ចូល​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ជាតិ​ប្រចាំ​ឆ្នាំ​ ២០២១ ​១ លើក​ផង​ដែរ​។​

លោក ​ប៊ុយ ​សោភ័ណ្ឌ​ ដែល​ជា​អគ្គ​លេខាធិការ​សហព័ន្ធ​កីឡា​​ប្រដាល់​សកល​កម្ពុជា​ប្រាប់​​​ថា​៖ ​«កន្លង​មក​ ក៏​ដូចជា​បច្ចុប្បន្ន​ គឺ​សហព័ន្ធ​នៅ​តែ​ស្វែងរក​ដៃគូ​​ឧបត្ថម្ភ​ពី​វិស័យ​ឯកជន ​ដើម្បី​រៀបចំ​ការ​ប្រកួត​ប្រចាំ​សប្តាហ៍​ ឬ​ប្រចាំ​ខែ ​បន្ថែម​ពី​លើ​កម្ម​វិធី​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ ដែល​មាន​ស្រាប់​របស់​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​បាន​​ផ្តល់​ជូន​ ដើម្បី​ឱ្យ​អត្តពលិក​មាន​ភាព​រឹងមាំ​ និង​មាន​បទពិសោធ​ល្អ​ ប៉ុន្តែ​ក្នុង​​វិបត្តិ​កូវីដ​ ១៩​ ផង​នោះ​ ការ​ស្វែងរក​សកម្មភាព​ប្រកួត​បន្ថែម​ឱ្យ​បាន​ច្រើន​ទៀត គឺ​​ស្ថិត​​ក្នុង​ស្ថានភាព​លំបាក​លំបិន​ណាស់»​។​

លោក​​​​បន្ថែម​ថា​៖ «​យ៉ាង​ណា​ក៏​ដោយ​ សម្រាប់​គម្រោង​រៀបចំ​​កម្មវិធី​ប្រកួត​​ដែល​សហព័ន្ធ​កំពុង​ត្រៀម​សម្រាប់​ឆ្នាំ​ ២០២១ ​នេះ​ នឹង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ក្នុង ​២ ​សប្តាហ៍ ​មាន​ម្តង​ ដោយ​គ្រោង​កម្មវិធី​ប្រកួត​នេះ​ នៅ​ពហុកីឡដ្ឋាន​ជាតិ​រាល់​ពេល​ល្ងាច​ ចាប់​ពី​ថ្ងៃទី​ ២១ ខែ​សីហា​ ​ដល់​ថ្ងៃទី​​ ២៣ ​ខែ​ តុលា​ ឆ្នាំ​ ២០២១​ ដោយ​​ក្នុង​នោះ​ មាន​បូក​បន្ថែម​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​ ២០២១ ​​រយៈពេល​ ៣ ​ថ្ងៃ គឺ​​ពី​ថ្ងៃទី​ ១៣​ ដល់​ថ្ងៃទី​ ១៦​ ខែ​តុលា ​​ទៀត​ផង»​។​

អគ្គលេខាធិការ​វ័យ​ក្មេង​រូប​នេះ​បញ្ជាក់​ថា​៖ «​គម្រោង​ប្រកួត​នេះ​ សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា ​មាន​ធនធាន​ថវិកា​រៀបចំ​​តែ​ចំនួន ​២០ ​ភាគរយ​​ប៉ុណ្ណោះ​ ខណៈ​ដែល​តម្រូវ​ការ​ពី​វិស័យ​ឯកជន​ជួយ​ឧបត្ថម្ភ​ គឺ​យើង​កំពុង​តែ​ស្វែងរក ដោយ​​មាន​ចំនួន​ ៨០ ​ភាគរយ​ឯណោះ​ ហើយ​​យើង​ត្រៀម​ប្រកួត​លើ​ប្រភេទ​ទម្ងន់​​ ៦ ​​ប្រភេទ ​ផ្នែក​បុរស​រួម​មាន​ ៤៩​, ៥២​, ៥៦, ៦០, ៦៤ និង ​​៦៩ ​គីឡូក្រាម ​ចំណែក​កីឡាការិនី​ យើង​ត្រៀម​ប្រភេទ​ទម្ងន់​ចំនួន​ ៣​ គឺ​ ៤៩​, ៥១​ និង​ ​៥៤ គីឡូក្រាម»​។​

សូម​បញ្ជាក់​ថា សហព័ន្ធ​កីឡា​ប្រដាល់​សកល​​កម្ពុជា​មាន​ថវិកា​ប្រចាំ​ឆ្នាំ​ផ្តល់​ពី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា ​ចំនួន​ ៨០ លាន​រៀល ក្នុង ​១ ​ឆ្នាំ​ ដែល​ចំណាយ​ទៅ​លើ​ ៣ ​ផ្នែក ​មាន​រដ្ឋបាល​ វគ្គ​បណ្តុះបណ្តាល​ និង​ប្រកួត​ជើងឯក​ប្រចាំ​ឆ្នាំ​៕​