
សាលី អ៊ូមើត (ឆ្វេងទី ២) កំពុងត្រៀមខ្លួនចូលរួមប្រកួតការប្រណាំងម៉ូតូទឹក Jet Ski World Series 2021-2022។ សហការី
ភ្នំពេញ៖ កីឡាករជម្រើសជាតិផ្នែកប្រណាំងម៉ូតូទឹក សាលី អ៊ូមើត ដែលជាម្ចាស់មេដាយមាសកីឡាអាស៊ី ឆ្នាំ ២០១៨ នឹងចូលរួមការប្រកួតជ្រើសរើសជើងឯកពិភពលោក Jet Ski World Series 2021-2022 ដែលគ្រោងធ្វើឡើងចំនួន ៣ ទ្វីប គឺអឺរ៉ុប អាមេរិក និងទ្វីបអាស៊ី ខណៈកម្មវិធីនេះ ត្រៀមរៀបចំនៅចុងឆ្នាំ ២០២១ ដល់ខែមករា ឆ្នាំ ២០២២។
សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានឱ្យដឹងថា ការប្រកួតកីឡាម៉ូតូទឹកនេះ ជាព្រឹត្តិការណ៍ដ៏ធំហើយកីឡាករជម្រើសជាតិឆ្នើមរបស់យើងកំពុងហ្វឹកហាត់យ៉ាងសកម្ម ដោយតម្រូវតាមកម្មវិធីប្រកួតជម្រុះតាមវិញ្ញាសានីមួយៗ។ ជុំទី១ នឹងចាប់ផ្ដើមការប្រកួតមុនគេ នៅប្រទេសប៉ូឡូញ របស់អឺរ៉ុបចាប់ពីថ្ងៃទី ២១ ដល់ទី ២៥ ខែ កក្កដា ឆ្នាំ ២០២១, ជុំទី២ នឹងធ្វើការប្រកួតនៅសហរដ្ឋអាមេរិក ពីថ្ងៃទី ៦ ដល់ ១០ ខែ តុលា ឆ្នាំ ២០២១ និងជុំទី៣ នៅអាស៊ី គឺប្រទេសថៃ ចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០២២។
លោក វ៉ាត់ ចំរើន ដែលជាអគ្គលេខាធិការ NOCC និងជាអគ្គលេខាធិការ CAMSOC បានឱ្យដឹងថា៖ «ប្រភេទកីឡា Jet Ski នេះ កម្ពុជាយើងមានការរំពឹងខ្ពស់ ដោយសារកីឡាជម្រើសជាតិចំនួន ៣ នាក់ កំពុងហ្វឹកហាត់យ៉ាងសកម្មនៅក្រៅប្រទេស ជាពិសេសកីឡាករ សាលី អ៊ូមើត មានឆន្ទៈខ្ពស់ក្នុងការហ្វឹកហាត់ជាមួយគ្រូនៅបរទេស»។
លោក វ៉ាត់ ចំរើន ដែលជានាយបេសកកម្មផងដែរនោះ បានបន្ថែមទៀតថា៖ «យើងចង់ឱ្យកីឡាករជម្រើសជាតិយើងហាត់នៅក្រៅប្រទេស និងមានឱកាសបានចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិនានាឱ្យបានច្រើន ទើបធានាបាននូវលទ្ធផលល្អ»។
កូនកាត់ខ្មែរអ៊ិស្លាម សាលី អ៊ូមើត បានប្រាប់ថា បេសកកម្មនេះ ខ្លួនគេនឹងចូលរួមជាមួយសិស្សប្អូន ២ រូបទៀត រួមមាន កៃ វ៉ាន់ស៊ីដែន និង ម៉ីន អូស្មាន់ ហើយបន្ដចូលរួមប្រកួតលើវិញ្ញាសាស្គីឈរ (Ski GP) ដែលជាវិញ្ញាសាធំជាងគេក្នុងព្រឹត្តិការណ៍ពិភពលោកនេះ។ បច្ចុប្បន្ន អ៊ូមើត កំពុងខិតខំហ្វឹកហាត់ជាខ្លាំងនៅប្រទេសថៃ ដើម្បីត្រៀមខ្លួនសម្រាប់កម្មវិធី Jet Ski World Series 2021-2022 មួយនេះ។
អ៊ូមើត បានបញ្ជាក់ឱ្យដឹងដែរថា សម្រាប់ការប្រកួតជុំទី១ នៅប៉ូឡូញ ហាក់មានការព្រួយបារម្ភខ្លាំង ពីព្រោះមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីហ្វឹកហាត់ជាមួយម៉ូតូប្រភេទថ្មី ដែលបច្ចុប្បន្ន កំពុងបញ្ជាទិញហើយស្ថិតនៅប្រទេសអូទ្រីស នៅឡើយ។
ទោះយ៉ាងណា អ៊ូមើត ប្ដេជ្ញាថា នឹងប្រើប្រាស់បច្ចេកទេស និងបទពិសោធ ដែលខ្លួនមានដើម្បីគ្រប់គ្រងម៉ូតូ និងឈានទៅដណ្ដើមលទ្ធផលល្អឆ្ពោះទៅជុំទី២ និងជុំទី៣ ពិសេស ដើម្បីដណ្ដើមចំណាត់ថ្នាក់ល្អសម្រាប់ជាតិមាតុភូមិ។
អ៊ូមើត បានបញ្ជាក់ថា៖ «ក្នុងព្រឹត្តិការណ៍នេះ នៅជុំទី១ ខ្ញុំមានសង្ឃឹមតែ ៥០ ភាគរយ ព្រោះមិនសូវបានហាត់សមជាមួយម៉ូតូថ្មី ដែលបច្ចុប្បន្នមិនទាន់មកដល់ដៃនៅឡើយទេប្រហែលថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២១ ខ្ញុំទៅអាល្លឺម៉ង់ ហើយបន្តទៅអូទ្រីសយកម៉ូតូ ដូច្នេះ ខ្ញុំសល់ពេលតែ ២ សប្ដាហ៍ ដើម្បីហ្វឹកហាត់។ យើងត្រូវការហ្វឹកហាត់ជាមួយម៉ូតូថ្មីយ៉ាងតិចក៏ ២ ខែដែរ ទើបល្អ»។
តាមរយៈសហព័ន្ធម៉ូតូទឹក (Jet Ski) បានអះអាងថា មានទំនុកចិត្តខ្លាំងលើកីឡាករ អ៊ូមើត ថា នឹងមានសមត្ថភាពដណ្តើមបាននូវលទ្ធផលល្អជូនជាតិ។ ចំណែកកីឡាករ ២ នាក់ទៀត គឺ វ៉ាន់ស៊ីដែន និង អូស្មាន់ មានការរំពឹងលើក្នុងកម្រិតមធ្យមប៉ុណ្ណោះ។
គួររំឭកថា កីឡាករ សាលី អ៊ូមើត បានចូលរួមប្រកួតលើវិញ្ញាសា Ski GP លើកដំបូង ក្នុងព្រឹត្តិការណ៍ពិភពលោកនេះនៅថៃ កាលពីចុងខែមេសា ឆ្នាំ ២០២១ ហើយគេបានបំបែកកំណត់ត្រាថ្មីក្នុងនាមជាកីឡាករអាស៊ីទី១ ដែលដណ្ដើមបានចំណាត់ថ្នាក់ Top-10៕