
កីឡាការិនី ខាន់ ចេស្ដា ពេលទទួលបានមេដាយនៅសហរដ្ឋអាមេរិកពីថ្ងៃទី ២៧ មិថុនា ឆ្នាំនេះ ។ រូបថត សហការី
ភ្នំពេញ:កីឡាការិនីកូនកាត់ខ្មែរ-ម៉ិកស៊ិក-អាមេរិក ខាន់ ចេស្ដា ដែលបានស្តារមុខមាត់ឱ្យព្រះរាជាណាចក្រកម្ពុជាដោយការដណ្ដើបានមេដាយមាសស៊ីហ្គេមកន្លងមកហើយដែលបានសាងភាពល្បីល្បាញបន្ថែមទៀត តាមរយៈការឈ្នះមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាជឺជិតស៊ូជើងឯកថ្នាក់ជាតិរបស់សហរដ្ឋអាមេរិក ឆ្នាំ ២០២១ ដែលមានឈ្មោះថា «American National IBJJF» រយៈពេល ៣ ថ្ងៃនោះ ក៏កំពុងត្រៀមខ្លួនទៅប្រកួតស៊ីហ្គេមនៅវៀតណាមនៅឆ្នាំនេះផងដែរ។
ក្រោយមានជ័យជម្នះដ៏ល្អនេះ កីឡាការិនី ខាន់ ចេស្ដា ត្រៀមវិលមកព្រះរាជាណាចក្រកម្ពុជាវិញ ដើម្បីហ្វឹកហាត់បន្ថែមត្រៀមខ្លួនចូលប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម នាឆ្នាំ ២០២១ នេះ។ កីឡាការិនី កូនកាត់ ៣ សាសន៍រូបនេះ ត្រូវបានស្ថាប័នកីឡាជឺជិតស៊ូអន្ដរជាតិចាត់ទុកជាកីឡាការិនីលំដាប់កំពូលម្នាក់ នាពេលបច្ចុប្បន្ន បន្ទាប់ពីនាងបានអភិវឌ្ឍខ្លួនឱ្យកាន់តែខ្លាំងឡើងៗ រហូតពិបាករកគូប្រៀប ជាពិសេសការទទួលបានខ្សែក្រវាត់ខ្មៅក្នុងនាមកីឡាការិនីវ័យក្មេងជាងគេលើពិភពលោក ពោលគឺនៅវ័យត្រឹមតែ ១៨ ឆ្នាំប៉ុណ្ណោះ កាលពីចុងឆ្នាំ ២០២០។
កីឡាការិនី ខាន់ ចេស្ដា បានបង្ហាញនូវឆន្ទៈដើម្បីត្រៀមខ្លួនឱ្យបានល្អជានិច្ច សម្រាប់ទៅប្រកួតតំណាងឱ្យកម្ពុជា ដែលលទ្ធផលជាក់ស្ដែងដូចកាលពីឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ កន្លងមក ដែលនាងធ្លាប់ដណ្ដើមបានមេដាយមាសពីព្រឹត្តិការណ៍កីឡាអាស៊ីនិងស៊ីហ្គេម ជូនប្រទេសកម្ពុជា ធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល។
កីឡាការិនីជឺជិតស៊ូជម្រើសជាតិកម្ពុជារូបនេះធ្វើបានយ៉ាងល្អជាមួយនឹងការដណ្ដើមបានមេដាយមាសពីព្រឹត្តិការណ៍រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៤-២៦ ខែ មិថុនា ឆ្នាំ ២០២១ នៅទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក ខណៈដែលមានវត្តមានអត្តពលិកចូលរួមមានប្រមាណជាង ៤ ០០០ នាក់ និងប្រកួតលើវិញ្ញាសាជាច្រើនប្រភេទ។
អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បានឱ្យដឹងថា៖ «កីឡាការិនី ខាន់ ចេស្ដា បានប្រកួតលើវិញ្ញាសាដណ្តើមខ្សែក្រវាត់ខ្មៅ ដោយនាងបានចាប់ឆ្នោតឈរចាំនៅវគ្គ ១/២ ផ្ដាច់ព្រ័ត្រ មុនយកឈ្នះគូប្រកួតក្នុងលទ្ធផលពិន្ទុ ៧-០ ដើម្បីបន្ដឡើងវគ្គផ្ដាច់ព្រ័ត្រ ហើយនៅវគ្គនេះ នាងធ្វើបានកាន់តែល្អឥតខ្ចោះទៀត ដោយបានផ្ដួលគូប្រកួតជាមួយនឹងការប្រើបច្ចេកទេសពិសេសស្នៀតកាច់ក្លេរហូតត្រូវបានអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតដើម្បីក្លាយជាម្ចាស់មេដាយមាសតែម្ដង»។
លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «ក្រោយដណ្ដើមបានជ័យជម្នះខាងលើម្ចាស់មេដាយមាសកីឡាអាស៊ីឆ្នាំ ២០១៨ និងជាម្ចាស់មេដាយមាស កីឡាស៊ីហ្គេម ឆ្នាំ ២០១៩ របស់កម្ពុជារូបនេះ នឹងវិលមកព្រះរាជាណាចក្រកម្ពុជា ដើម្បីត្រៀមហ្វឹកហាត់ឱ្យល្អបន្ថែមទៀតក្នុងការចូលរួមការប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាម នាចុងឆ្នាំ ២០២១ នេះ តំណាងឱ្យកម្ពុជា»។
កីឡាការិនី ខាន់ ចេសា វ័យ ១៩ ឆ្នាំ បានបញ្ជាក់ប្រាប់ក្រុមព័ត៌មានពីទីក្រុងឡាសវេហ្គាសក្រោយបញ្ចប់ការប្រកួតថា៖ «ខ្ញុំពិតជាសប្បាយចិត្តសម្រាប់ជ័យជម្នះមួយនេះ ហើយខ្ញុំសង្ឃឹមថាប្រទេសកម្ពុជាយើងនឹងរួចផុតពីជំងឺកូវីដ ១៩ ឆាប់ៗដែរ។ បន្ថែមពីលើនេះទៀត ខ្ញុំសង្ឃឹមថា ស៊ីហ្គេម ឆ្នាំ ២០២១ នៅវៀតណាមនឹងបន្ដធ្វើ ហើយខ្ញុំចង់ទៅប្រទេសកម្ពុជា ដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្ញុំតាមរយៈការប្រកួតអន្តរជាតិនានា ហើយនឹងខំប្រឹងដណ្តើមឱ្យបានមេដាយជូនជាតិបន្ថែមទៀត»៕