
លោក វ៉ាត់ ចំរើន ផ្ដល់កិច្ចសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយ ក្រោយពេលប្រជុំកាលពីថ្ងៃទី ២៩ មិថុនា ។ រូបថត សហការី
ភ្នំពេញៈ ព្រឹកថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ២០២១ គណៈអចិន្ត្រៃយ៍នៃគណៈកម្មការរៀបចំការប្រកួតស៊ីហ្គេមឆ្នាំ ២០២៣ ហៅកាត់ថា Camsoc បានប្រជុំអនុម័តលើការងាររបស់អនុគណៈកម្មការផ្សព្វផ្សាយ ដែលជាការបញ្ជ្រាបគោលដៅ របស់រាជរដ្ឋាភិបាលក្នុងដំណើរឆ្ពៅទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ខាងមុខ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃ Camsoc បានមានប្រសាសន៍ក្រោយកិច្ចប្រជុំថាតាមផែនការមេអនុគណៈកម្មការផ្សព្វផ្សាយមានភារកិច្ច និងធ្វើសកម្មភាពមុនព្រឹត្តិការណ៍កើតឡើងចំនួន ២ ឆ្នាំ ដើម្បីផ្សព្វផ្សាយដំណឹងឱ្យប្រជាពលរដ្ឋបានជ្រាបថា ព្រះរាជាណាចក្រកម្ពុជានឹងធ្វើម្ចាស់ផ្ទះនៅឆ្នាំ ២០២៣។
លោកបានឱ្យដឹងទៀតថា បន្ទាប់មកត្រូវផ្សព្វផ្សាយពន្យល់ពីគោលដៅរបស់រាជរដ្ឋាភិបាលក៏ដូច Camsoc ដែលបានដាក់ជូនប្រជាពលរដ្ឋម្នាក់ៗគប្បីលេងកីឡាឱ្យបាន ១ ប្រភេទ។ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននេះហើយដែលជាមធ្យោបាយទូលំទូលាយក្នុងការធ្វើឱ្យមហាជនយល់ដឹងពីសក្ដានុពលនៃសកម្មភាពកីឡារបស់ជាតិយើងថា ដើរដល់ចំណុចណាលើឆាកអន្តរជាតិ។
លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «តាមការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិតថោង ខុន អនុប្រធានអចិន្ត្រៃយ៍នៃ Camsoc សកម្មភាពនៃប្រព័ន្ធផ្សព្វផ្សាយពីព្រឹត្តិការណ៍កីឡាស៊ីហ្គេមរបស់យើងក្នុងដំណាក់កាលសម័យទំនើបជឿនលឿនបច្ចុប្បន្នគេចាប់ផ្តើមយុទ្ធនាការជាបណ្តើៗតាមរយៈបណ្តាសារព័ត៌មានជាតិនិងឯកជនក្នុងស្រុកជាដៃគូមានកាសែត ទស្សនាវដ្ដី វិទ្យុ ទូរទស្សន៍ ផុស្ទ័របាន័រ និងវីដេអូជាដើម»។
លោកបានបន្តថា បន្ថែមពីលើនេះប្រព័ន្ធផ្សព្វផ្សាយបច្ចុប្បន្នបានឈានដល់លក្ខណៈទំនើបបែបឌីជីថលអនឡាញរហ័សលឿននិងឆាប់ដល់ដៃមហាជន។ម្យ៉ាងទៀតយើងប្រើប្រាស់យន្តការមួយបន្ថែមទៀត គឺផ្សាយតាមបណ្តាស្ថានទូតរបស់ព្រះរាជាណាចក្រកម្ពុជានៅបរទេសទៅតាមលទ្ធភាពដែលអាចធ្វើទៅបានពិសេសប្រទេសក្នុងតំបន់អាស៊ានជាសមាជិក និងប្រទេសមួយចំនួនទៀតដែលមានប្រជាពលរដ្ឋខ្មែររស់នៅច្រើនដូចជាសហរដ្ឋអាមេរិក កាណាដា អូស្ត្រាលី ដែលយើងគ្រោងផលិតជាបាន័រផុស្ទ័រ និងឃ្លីបវីដេអូខ្លីៗមានអត្ថន័យខ្លឹមសារ ដើម្បីទាក់ទាញឱ្យគេស្គាល់ពីកម្ពុជា និងតាមរយៈយន្តការពិសេសគឺប្រព័ន្ធអនឡាញ។
លោក ជា ចន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាននិងជាប្រធានអនុគណៈកម្មការផ្សព្វផ្សាយបានឱ្យដឹងថា៖ «ឯកឧត្តមបណ្ឌិត ថោង ខុន បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះការបញ្ជ្រាបការយល់ដឹងអំពីការផ្សព្វផ្សាយស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ដើម្បីប្រកាសពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជាសម្រាប់ទទួលស្វាគមន៍ភ្ញៀវអត្តពលិកនៃបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយភាពកក់ក្តៅនិងក្តីសង្ឃឹមផងដែរ»។
លោកបានបញ្ជាក់ថា៖ «យើងសង្ឃឹមថាការទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ របស់កម្ពុជានឹងធ្វើបានល្អជាងស៊ីហ្គេមមុនៗហើយយើងធ្វើម្ចាស់ផ្ទះក្នុងសេចក្ដីថ្លៃថ្នូរនិងកិត្តិយសនិងកេរ្តិ៍ឈ្មោះល្អចារទុកជាកំណត់ត្រាប្រវត្តិសាស្ត្រសម្រាប់ជាតិរបស់យើង»៕