
រូបថតកីឡាករប្រដាល់ ដែលត្រៀមសម្រាប់កម្មវិធី Ganzberg One Strike របស់ PNN។ រូបថត សហការី
ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ PNN បានបង្កើតកម្មវិធីគុនខ្មែរឡើងវិញ ជាមួយដៃគូឧបត្ថម្ភថ្មី ដោយឱ្យឈ្មោះថា «Ganzberg One Strike» ដែលប្រមូលផ្តុំទៅដោយកីឡាករឆ្នើមៗប្រកួតគ្នាក្នុងលក្ខណៈប្រដាល់គុនខ្មែរ ៣ ទម្រង់ដែលជារូបមន្តប្រកួតប្លែកជាងគេ។
លោក សំណព្វ ដែលជាអ្នកចាត់ការទូទៅផ្នែកកីឡានៅស្ថានីយទូរទស្សន៍ PNN ឱ្យដឹងថា៖ «កម្មវិធីប្រកួតនេះ នឹងបើកការប្រកួតនៅថ្ងៃអាទិត្យ ទី ៤ ខែកកដ្កា ឆ្នាំ ២០២១ នេះ ចាប់ពីម៉ោង ១ រសៀលតទៅ ជាមួយរូបមន្តថ្មីប្លែកអស្ចារ្យ ដែលប្រជុំដោយកីឡាករលំដាប់ខ្លាំងៗ ក្នុងនោះមានទាំងគូដណ្តើមខ្សែក្រវាត់ប្រភេទទម្ងន់ ៥៧ គ.ម ចំនួន ១៦ នាក់ គឺប្រកួតចាញ់ធ្លាក់ចំនួន ១ គូ ហើយបន្ថែមគូលក្ខណៈគុនខ្មែរម៉ារ៉ាតុងចំនួន ២ គូ និងទម្រង់ទី៣ គូប្រដាល់ពិសេស ដែលមិនធ្លាប់មាន ប្រកួតគ្នាចំនួន ២ ទឹក ក្នុង ១ ទឹករយៈពេល ៧ នាទី បើមិនសន្លប់ទុកជាមោឃៈ ដោយគ្មានស្មើនោះឡើយ»។
លោក សំណព្វ បានបន្ថែមទៀតថា៖ «សង្វៀនរបស់យើង ទទួលបានការគាំទ្រពីស្រាបៀរ Ganzberg ដោយដាក់ឈ្មោះថា កម្មវិធី Ganzberg One Strike ចំណាយរយៈពេល ៦ ខែ ហើយនៅវគ្គផ្តាច់ព្រ័ត្រ កីឡាករឈ្នះខ្សែក្រវាត់ ឬចំណាត់ថ្នាក់លេខ ១ នឹងទទួលបានប្រាក់ ៤០ លានរៀល ខណៈដែលចំណាត់ថ្នាក់លេខ ២ ទទួលបានចំនួន ៨ លានរៀល ដោយគ្មានចំណាត់ថ្នាក់លេខ ៣ និងលេខ ៤ នោះឡើយ»។
តាមខ្លឹមសារពីអ្នករៀបចំព្រឹត្តិការណ៍នេះ ឱ្យដឹងថា កម្មវិធីប្រដាល់គុនខ្មែរ ដែលផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ជាកម្មវិធីកីឡាពេញនិយមក្នុងព្រះរាជាណាចក្រកម្ពុជា ហើយផ្តល់ការងារដល់កីឡាករ គ្រូបង្វឹក និងគណៈកម្មការដើម្បីទទួលបានកម្រៃពលកម្ម និងតម្លៃខ្លួនសម្រាប់ទ្រទ្រង់ជីវភាព។ បន្ថែមពីលើនេះ ដើម្បីរួមចំណែកផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែល្បីសុសសាយ ក៏ដូចជាអភិវឌ្ឍធនធានកីឡាករជំនាន់ក្រោយឱ្យកាន់តែមានសមត្ថភាព ព្រមទាំងមានឱកាសបញ្ចេញស្នៀតប្រយុទ្ធលើសង្វៀនផងដែរ។
លោក តែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានមានប្រសាសន៍ថា៖ «អរគុណ ដែលសង្វៀនស្ថានីយទូរទស្សន៍ PNN បើកឡើងវិញ ព្រោះវានឹងផ្តល់ការងារ និងចំណូលជូនកីឡាករ និងគណៈកម្មការរបស់យើង។ អរគុណដល់ដៃគូឧបត្ថម្ភក្រុមហ៊ុន Ganzberg ដែលសហការជាមួយស្ថានីយទូរទស្សន៍ PNN រៀបចំកម្មវិធីប្រដាល់ប្រចាំសប្តាហ៍ថ្មីសន្លាង និងប្លែកគេតែ ១ គត់ គឺកម្មវិធី Ganzberg One Strike ដែលជាទីចាប់អារម្មណ៍ និងពេញនិយមរបស់មហាជន»។
ព្រឹត្តិការណ៍ថ្មីនេះ នឹងប្រមូលផ្ដុំជើងខ្លាំងគុនខាងខ្មែរមកពីបណ្តាក្លិបនានា គ្រប់ទិសទី ដើម្បីត្រៀមប្រយុទ្ធឱ្យកក្រើក ហើយអ្នកគាំទ្រ ដែលកំពុងទន្ទឹងរង់ចាំការវិលត្រឡប់នៃសង្វៀន PNN ជាមួយនឹងកម្មវិធី Ganzberg One Strike នេះ ដែលថ្មី និងប្លែកជាងគេ។
សម្រាប់សប្តាហ៍នេះ PNN បានរៀបចំគូសុទ្ធតែខ្លាំងៗ និងមានប្រជាប្រិយ ដូចជា សូត្រ សុឃីម ប្រកួតជាមួយ ប៊ន ពន្លឹក ក្នុងទម្ងន់ ៥៤ គីឡូគ្រាម, នូវ សុខទី ប៉ះ សេក សារ៉ាន់, ប៊ុន សុធា តទល់នឹង យ៉ន ពិសី និងកីឡាករ ឃន កឹមហេង ប្រឈមជាមួយ ពុទ្ធ ម៉ាណូយ៕