ភ្នំពេញ៖ ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​គុន​ខ្មែរ​ដណ្តើម​ខ្សែ​ក្រវាត់​ ដែល​មាន​ឈ្មោះ​ថា ​ស្តេច​ប្រ​ដាល់​នៃ​សង្វៀន​ហង្ស​មាស បាន​ឈាន​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ហើយ ​ដោយ​​កីឡាករ​ ម៉ន សាម៉េត និង​ អេ ​អាំ​ម៉ារីន​ភូថង​ ត្រូវ​តទល់​គ្នា ដើម្បី​​ដណ្តើម​យក​ខ្សែ​ក្រ​វាត់​ ១ ​អម​ដោយ​ទឹក​ប្រាក់​ចំនួន ១​ ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិក​។​

អ្នក​ប្រដាល់​ទាំង​ ២ ដែល​ឆ្លង​មក​ដល់​វគ្គ​នេះ ឆ្លង​កាត់​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​កន្លង​មក ​មិន​ទាន់​ចាញ់​សោះ​ឡើយ ដោយ​​ក្នុង​នោះ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ ម៉ន ​សាម៉េត ​ផ្ដួល​​កីឡាករ ​ថា​សារុន ស្រួល​ៗ ​ចំណែក អេ អាំ​ម៉ារីន​ភូ​ថង​យក​ឈ្នះ​លាភ ​រដ្ឋា ​ទាំង​លំបាក​លំបិន​។ ​

តា​ម​រយៈ​ការ​សម្ភាស ​កីឡាករ ​ម៉ន ​សាម៉េត​ រំពឹង​​ទទួលបាន​ជោគ​ជ័យ ៦០ ​ភាគ​រយ ​ស្រប​ពេល​​​ខាង ​អេ អាំ​ម៉ារីន​ភូថង​ មាន​សង្ឃឹម​ឈ្នះ​ត្រឹម​ពាក់​កណ្ដាល ​ប៉ុន្តែ​ពួក​គេ​ទាំង ២ ​សុំ​មិន​និយាយ​ពី​ស្នៀត ឬ​យុទ្ធ​សាស្ត្រ​សម្រាប់​ការ​ប្រកួត​ទេ ដោយ​ទំនង​ដូច​ជា​ញញើត​គ្នា​ ទើប​​​ប្រយ័ត្ន​ប្រយែង​បែប​នេះ​​។​

សាម៉េត ​ជា​កីឡាករ​ចាស់​វស្សា​មាន​បទ​ពិសោធន៍​ច្រើន ព្រម​​ទាំង​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ចំណែក​អាំ​ម៉ារីន​ភូថង ដែល​ជា​កូន​ពៅ​របស់​លោក​អេ​ភូ​ថង​នើ នៅ​ខ្ចី​​បទ​ពិសោធ​ន៍​ជាង​ តែ​មាន​ប្រៀប​ផ្នែក​កម្ពស់​ខ្ពស់​ជាង និង​ធ្លាប់​ឈ្នះ​ដោយ​ពិន្ទុ​ម្តង កាល​ពី​ប្រកួត ក្នុង​លក្ខណៈ​មិត្ត​ភាព នៅ​សង្វៀន​បាយ័ន​។​

កីឡាករ សាម៉េត​ បាន​និយាយ​ថា​៖ «​ខ្ញុំ​សុំ​មិន​និយាយ​ពី​លក្ខណៈ​បច្ចេក​ទេស នៃ​ការ​ប្រកួត​ទេ ពី​ព្រោះ​ត្រូវ​តែ​លាក់កុំ​ឱ្យ​ដៃ​គូ​ដឹង ​ប៉ុន្តែការ​ហ្វឹក​​ហាត់​បាន​ល្អ​ណាស់​​ ដោយ​ធានាថា ​វ៉ៃ​ឲ្យ​ល្អដើម្បី​យក​ប្រាក់​ចំនួន ​១ ម៉ឺន​ដុល្លារ​នេះ​មក​កាន់​ក្នុង​ដៃ​ឲ្យ​បាន​។​ ​​យើង​បាន​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ ​អេ ​អាំ​ម៉ារីន ​គ្មាន​ស្នៀត​អ្វី ដែល​លំបាក​ប្រ​កួត​ជាមួយ​នោះទេ។ ​បញ្ហា​ត្រង់​គេ​ខ្ពស់​ជាង​ពេក ប៉ុន្តែ​រឿង​នេះ​ខ្ញុំ​ដឹង​ថា ​ត្រូវ​ធ្វើ​ម៉េច​ហើយ​។​ ​ខ្ញុំ​រំពឹង​​ឈ្នះ​ ៦០​ ភាគ​រយ​»​។​

តែ​ចំណែក​លោក ម៉ាង ​ម៉ន ​ដែល​ត្រូវ​ជា​ឪពុក និង​គ្រូ​បង្វឹក​ផ្ទាល់​ដៃ បាន​​ពោល​យ៉ាង​ដូច្នេះ​ថា៖ «​ខ្ញុំ​សង្ឃឹម​​ឈ្នះ​តែ​ម្តង តែ​យើង​ចាំ​មើល​ថា តើ​​ការ​ផ្តល់​ពិន្ទុ​មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច? ប្រសិន​បើ​មិន​ផ្តួល​គ្នា​ដោយ​សន្លប់​ទេ​នោះ។​ ​ទោះ​ជា​យ៉ាង​ណា​ការ​កាត់​ក្តី ​នៅ​តែ​ជា​ការ​​បារម្ភ ប៉ុន្តែ​វីដេអូ​នៃ​ការ​ប្រ​កួត​ពិត​ជា​មាន​សម្រាប់​យើង​ទាំង​អស់​គ្នា​ទស្សនា​មិន​ខាន​»​។

លោក ​អេ ​ភូ​ថង មិន​អាច​សុំ​សម្ភាស​បាន​ទេ ​ប៉ុន្តែ​ភរិយា​របស់​លោក គឺអ្នក​ស្រី​ សាំង សុម៉ាលី បាន​ប្រាប់​ថា​៖ «​​កូន​របស់​ខ្ញុំពិត​ជា​ខ្ចី​វស្សា​ជាង​គេ​មែន និង​បទ​ពិសោធ​ន៍​ក៍​នៅ​តិច តែ​យើង​ហាត់​ត្រៀម​បាន​ល្អ​ក្នុង​កម្ម​វិធី​ដ៍​ធំ​មួយ​នេះ​។ សម្រាប់​ខ្ញុំ​គិត​ថា ​សង្ឃឹម​ឈ្នះ​ត្រឹម ​៥០​ ភាគ​រយ​ប៉ុណ្ណោះ ហើយ​អ្វីៗ​វា​អាស្រ័យ​លើ​ការ​ប្រ​កួត​ជាក់​ស្តែង​លើ​សង្វៀន​ផ្ទាល់​»។​

យ៉ាង​ណា​ក៍​ដោយ ​ប្រភព​ពី​អ្នក​និយម​តាម​ដាន​ប្រ​ដាល់ ​ភាគ​ច្រើន​មាន​ជំនឿ​លើ​កីឡាករ ម៉ន សាម៉េត ច្រើន​ជាង ហើយ​មតិ​ខ្លះ ហ៊ាន​និយាយ​ថា អេ អាំ​ម៉ារីន​ភូថង អាច​នឹង​សន្លប់ ក្រោម​ស្នៀត​ចម្រុះ​របស់ ​ម៉ន សាម៉េត ជា​មិន​ខាន បើ​ហ៊ាន​វាយ​ត​ទល់ តែ​បើ​វាយ​របៀប​ដក​ថយ​ការ​ដណ្តើម​ខ្សែ​ក្រវាត់​អាច​ចាញ់​ពិន្ទុ ម៉ន សាម៉េត​៕​​​