
ភ្នំពេញ៖ ជំនួបអ្នកប្រយុទ្ធឆ្នើម គឺកីឡាការិនីរបស់ព្រះរាជាណាចក្រកម្ពុជា នៅ ស្រីពៅ ដែលជាអតីតអ្នកប្រដាល់សកល និងគុនខ្មែរ ហើយបច្ចុប្បន្នជាកីឡាករិនីជម្រើសជាតិឃិតបុកស៊ីងផង បានចូលខ្លួនមកប្រកួតតាមក្បាច់ម៉ាសហ្វៃតែមួយទឹក ដែលមានរយៈពេល ៩ នាទី ជាមួយកីឡាការិនី តាន់ យ៉ាង មកពីប្រទេសចិន នៅល្ងាចថ្ងៃអាទិត្យទី ៤ ខែ កកដ្កា ឆ្នាំ ២០២១ នេះ ក្នុងប្រភេទទម្ងន់ ៥៥ គីឡូក្រាម បន្ថែមពីលើគូប្រដាល់ឆ្នើមដណ្តើមប្រាក់លានប្រចាំសប្តាហ៍ចំនួន ២ គូទៀត មានកីឡាករ សោម វិឆ័យ, ឯម ដារ៉ូ, អេលីត ភក្តី និង គង់ សំបូរ ក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម ដើម្បីប្រាក់រង្វាន់ចំនួន ៣ ៤០០ ០០០ រៀល។
លោក ជួប វុត្ថា អ្នកផ្គូផ្គង និងជាអ្នកចាត់ការទូទៅសង្វៀនប្រដាល់ថោនបានឲ្យដឹងថា៖ «សប្តាហ៍នេះ ក្រៅពីគូដណ្តើមប្រាក់លានទម្ងន់ ៦៥ គីឡូក្រាម ដែលមានកីឡាករជើងចាស់ចំនួន ៤ រូប ចូលប្រជែងគ្នានោះ កម្មវិធីគូម៉ាសហ្វៃ ត្រូវដាក់កីឡាការិនីឆ្នើមមកពីប្រទេសចិន ដែលបច្ចុប្បន្ន កំពុងហ្វឹកហាត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
លោក ជួប វុត្ថា បានបន្ថែមថា៖ «ប្រវត្តិរបស់កីឡាការិនីចិនរូបនេះ ធ្លាប់ហាត់នៅប្រទេសចិន បន្ទាប់មកធ្វើដំណើរមករស់នៅក្រុងព្រះសីហនុ ហើយបច្ចុប្បន្នកំពុងហាត់ជាមួយលោកគ្រូ ម៉ាក់ សារ៉ន នៅគីឡូលេខ ៩ រាជធានីភ្នំពេញ។ ប្រវត្តិឡើងសង្វៀនរបស់កីឡាការិនី តាន់ យ៉ាង រូបនេះ ធ្លាប់វ៉ៃ ក្នុងទ្រុងគុនចម្រុះ (MMA) បានចំនួន ៦ លើក ដោយក្នុងនោះឈ្នះ ៥ លើក និងចាញ់តែមួយលើកប៉ុណ្ណោះ ប៉ុន្តែមានកម្ពស់ខ្ពស់ជាងកីឡាការិនី នៅ ស្រីពៅ។ តាមរយៈគណៈកម្មការផ្គូផ្គងកីឡាការិនីចិនរូបនេះ សង្ឃឹមឈ្នះ ៨០ ភាគរយ»។
ស្រីពៅ ធ្លាប់ឈ្នះមេដាយសំរិទ្ធប្រដាល់សកលពីស៊ីហ្គេម និងមេដាយមាសថ្នាក់ជាតិចំនួន ៣ ឆ្នាំជាប់ៗគ្នា និងជាអ្នកប្រដាល់គុនខ្មែរ ដែលពិបាករកដៃគូប្រកួតក្នុងស្រុកណាស់។ នៅក្នុងកំណត់ត្រាប្រកួតគុនចម្រុះវិញ ស្រីពៅ ធ្លាប់ចូលរួមប្រកួត បានចំនួន ៤ លើក ដោយឈ្នះ ១ លើក និងចាញ់ ៣ លើក។
កីឡាការនី ស្រីពៅ បាននិយាយថា៖ «សម្រាប់ការប្រកួតម៉ាសហ្វៃ នៅសង្វៀនថោន នាសប្តាហ៍នេះ ខ្ញុំរំពឹងឈ្នះ ៥០ ភាគរយប៉ុណ្ណោះ ព្រោះខ្ញុំបានមើលឃើញវីដេអូ ដែលជាការប្រកួតរបស់កីឡាការិនីចិនរូបនោះ គាត់ពិតជាខ្លាំងណាស់។ តែយ៉ាងណាខ្ញុំក៏កំពុងប្រឹងហាត់ណាស់ដែរ ដើម្បីធ្វើការប្រកួតឲ្យបានល្អ ហើយបើនិយាយពីយុទ្ធសាស្ត្រប្រកួត គឺអាចនឹងប្រើក្បាច់ទាត់ និងជង្គង់បានល្អ»។

សម្រាប់ការប្រកួតគូប្រដាល់គុនខ្មែរលក្ខណៈម៉ារ៉ាតុង ដើម្បីដណ្តើមប្រាក់លានប្រចាំសប្តាហ៍វិញ ក្នុងចំណោមអ្នកប្រដាល់ឆ្នើមទាំង ៤ នាក់ ដែលបានសម្ភាសជាមួយក្រុមការងារផ្គូផ្គង ពួកគេសុទ្ធតែញញើតគ្នាទៅវិញទៅមក ដោយគង់ សំបូរ សង្ឃឹមឈ្នះ ៨០ ភាគរយ,អេលីត ភក្តី សង្ឃឹម ឈ្នះ ៧០ ភាគរយ ចំណែក ឯម ដារ៉ូ និងសោម វិឆ័យ សង្ឃឹមឈ្នះត្រឹម ៦០ ភាគរយប៉ុណ្ណោះ។
គួររម្លឹកបញ្ជាក់ថា ប្រវត្តិនៃការប្រកួតរបស់អ្នកប្រដាល់ទាំង ៤ គឺគង់ សំបូរ ប្រកួតបានចំនួន ៩៤ លើក ក្នុងនោះឈ្នះ ៦៣ លើក ចាញ់ ២៥ លើក និងស្មើ ៥ លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់បាន ២៣ លើក។
អេលីត ភត្តី ប្រកួតបានចំនួន ៦៥ លើក ឈ្នះ ៥២ លើក ចាញ់ ១០ លើក និងស្មើ ៣ លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់បាន ១៧ លើក។ សោម វិឆ័យ ប្រកួតបានចំនួន ៧៥ លើក ឈ្នះ ៤០ លើក ចាញ់ ២៣ លើក និងស្មើ ១២ លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់បានចំនួន ១៣ លើក។ កីឡាករឯម ដារ៉ូ ប្រកួតបាន ៤០ លើក ឈ្នះ ៣១ លើក ចាញ់ ៩ លើក និងស្មើ ២ លើក ក្នុងនោះផ្តួលដៃគូឲ្យសន្លប់បានចំនួន ៦ លើក៕