
លោក សំហេង បុរស បានជាប់ឆ្នោតធ្វើជាប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត។ រូបថត សហការី
ភ្នំពេញ៖ លោក សំហេង បុរស ដែលទើបត្រូវបានអង្គមហាសន្និបាទ ជ្រើសរើសឱ្យធ្វើជាប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ជំនួសលោក អ៊ុក សិទ្ធិជាតិដែលបានលាលែង នៅពាក់កណ្តាលអាណត្តិទី ៧ នោះ បានសម្តែងភាពរីករាយ និងបានប្តេជ្ញាចិត្តខ្ពស់ថា នឹងព្យាយាមជួយបណ្តុះបណ្តាលធនធាន និងពង្រឹងសមត្ថភាពរបស់ក្រុមអត្តពលិកជំនាន់ថ្មី ឱ្យមានការរីកចម្រើនឈានឡើង អាចប្រកួតប្រជែង ដណ្តើមបានមេដាយជូនជាតិ។
ប្រធានសហព័ន្ធថ្មី លោក សំហេង បុរស បានថ្លែងថា៖ «ខ្ញុំសូមប្តេជ្ញាចិត្តខ្ពស់ ក្នុងស្មារតី ស្ថាបនា កសាងឱ្យបាន នូវធនធានកីឡាករ កីឡាការិនីជំនាន់ក្រោយឱ្យសមត្ថភាពកាន់តែល្អប្រសើរ ឈានជាលំដាប់ ក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ ដណ្តើមបានមេដាយ ជាពិសេស គឺគោលដៅដ៏ធំចម្បងរបស់វិស័យកីឡា ឆ្ពោះទៅស្វែងរកមេដាយនៃម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា»។
លោក សំហេង បុរស បច្ចុប្បន្ន ដែលជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាអ្នកនិយមចូលចិត្តលេងកីឡាជាច្រើនប្រភេទ។ នៅក្នុងមហាសន្និបាត កាលពីថ្ងៃទី ៣០ ខែមិថុនា លោកទទួលបានការគាំទ្រដឹកនាំ ជាប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត ជំនួសលោក អ៊ុក សិទ្ធិជាតិ ដែលសុំលាលែងពីតំណែងជាប្រធាន ក្នុងអាណត្តិទី ៧ ដែលមិនទាន់បញ្ចប់។
តាមរយៈសន្និបាតវិសាមញ្ញ និងបោះឆ្នោត តាមប្រព័ន្ធអនឡាញផងនោះ លោក សំហេង បុរស មានសំឡេងជាប់ ដោយគ្មានគូប្រជែង និងបានប្រកាសសុពលភាពជាធរមាន អមដោយគណៈកម្មាធិការប្រតិបត្តិចំនួន ១៣ នាក់ទៀត ដែលសុទ្ធតែបេក្ខភាពចាស់។

លោក សំហេង បុរស ពេលទទួលត្រាសហព័ន្ធ ពីលោក អ៊ុក សិទ្ធិជាតិ នៅក្នុងមហាសន្និបាត។ រូបថត សហការី
ក្នុងនាមជាប្រធានថ្មី លោក សំហេង បុរស បានបង្ហាញនូវក្តីសោមនស្សរីករាយក្រៃលែង ដែលសមាជិកទាំងអស់ បានផ្តល់សេចក្តីទុកចិត្តបោះឆ្នោតឱ្យលោកជាប្រធានសហព័ន្ធ នាពេលនេះ។ លោកថ្លែងថា៖ «ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងរបស់សមាគម ក្លិប សហព័ន្ធ ដែលជារៀមច្បងដឹកនាំកន្លងមក មានសកម្មភាពល្អ។ បន្ថែមពីលើនេះអាណត្តិមុនៗ មានស្នាដៃជាច្រើន ក្នុងនោះក៏មានដៃគូឧបតម្ថម្ភនានា ដើម្បីបន្តដំណើរការអភិវឌ្ឍវិស័យកីឡាអត្តពលកម្មជាបន្តបន្ទាប់»។
ក្រោយមហាសន្និបាត លោក សំហេង បុរស បានផ្តល់សម្ភាសខ្លីបន្ថែមឱ្យភ្នំពេញប៉ុស្តិ៍ តាមទូរស័ព្ទថា៖ «ខ្ញុំ នឹងស្វះស្វែងរកមាតិកា និងកម្មវិធីជាច្រើន ដើម្បីហ្វឹកហាត់ធ្វើសកម្មភាពកីឡានេះ ឱ្យបានល្អ លេចធ្លោ ឆ្ពោះទៅរកការប្រកួតប្រជែងលើឆាកអន្តរជាតិ ទទួលបានលទ្ធផលល្អ»។
ចំណែកលោក ហ៊ុន បុរី អគ្គលេខាធិការសហព័ន្ធខ្មែរអត្តពលកម្មស្ម័គ្រចិត្ត បានបញ្ជាក់ពីផែនការ នៅក្នុងទិសដៅដំណើរការ ឆ្នាំ ២០២១ និងជាបន្តបន្ទាប់ គឺ សហព័ន្ធ កំពុងត្រៀមបើកវគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេសថ្នាក់ជាតិ និងអន្តរជាតិ និងត្រៀមបញ្ជូនកីឡាករ កីឡាការិនី ចំនួន ១៥ នាក់ ទៅហ្វឹកហាត់រយៈពេលវែងនៅប្រទេសចិន និងត្រៀមបញ្ជូនក្រុមជម្រើសជាតិចូលរួមប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម ព្រមទាំងត្រៀមបញ្ជូនកីឡាករម្នាក់ ទៅចូលរួមការប្រកួតអូឡាំពិក នៅប្រទេសជប៉ុនឆ្នាំនេះ។
បន្ថែមពីលើនេះ សហព័ន្ធ មានទំនាក់ទំនងល្អជាមួយដៃគូមានការជួយជ្រោមជ្រែងពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសហព័ន្ធអត្តពលកម្មពិភពលោក គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងដៃគូវិស័យឯកជន ដើម្បីជួយដល់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ផងដែរ។
គួរបញ្ជាក់ថា តាមប្រវត្តិរបស់លោក សំហេង បុរស ក្នុងសកម្មភាពកីឡាគឺលោកជាអ្នកនិយមលេងកីឡាច្រើនប្រភេទ ដូចជាកីឡាវាយកូនគោល កីឡារត់ប្រណាំង កីឡាបេសស្បល ជាពិសេស ក្នុងឆ្នាំ២០១៩ លោកបានចូលប្រកួតរត់ប្រណាំងចម្ងាយ ១០ គីឡូម៉ែត្រ នៅខេត្តសៀមរាប និងរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ចម្ងាយ ២១ គីឡូម៉ែត្រ ក្នុងឆ្នាំ ២០២០ ខណៈដែលរូបលោកផ្ទាល់ ផ្តោតខ្លាំងផ្នែកកីឡា និងសុខភាព៕