
កីឡាករ ប៉ែន សុគង់ បានបង្ហាញភាពសប្បាយរីករាយ ពេលរូបគេ បានរត់មកដល់ទីផ្តាច់ព្រ័ត្រ នៃការប្រកួតក្នុងស្រុក កន្លងមក។ រូបថត សហការី
ភ្នំពេញ៖ កីឡាករជម្រើសជាតិអត្តពលកម្ម ប៉ែន សុគង់ បាននឹងកំពុងផ្តោតខ្លាំងទៅលើការហ្វឹកហាត់ ពង្រឹងសមត្ថភាពទ្វេដង ព្រោះរូបគេ ចង់បំបែកកំណត់ត្រាខ្លួនឯង សម្រាប់ការត្រៀមខ្លួនបង្ហាញវត្តមានជាលើកដំបូង ក្នុងការប្រកួតកីឡាអូឡាំពិក ក្រុងតូក្យូ ប្រទេសជប៉ុន ឆ្នាំ ២០២០ ដែលបានលើកពេលមកធ្វើ នៅថ្ងៃទី ២៣ ខែកក្កដា ដល់ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០២១ នេះ ដើម្បីតបស្នងដល់ថ្នាក់ដឹកនាំផ្នែកកីឡា ដែលបានផ្តល់ឱកាសឱ្យរូបគេ តាមរយៈការទទួលបានសិទ្ធអនុគ្រោះ ឱ្យចូលរួម នៅក្នុងព្រឹត្តិការណ៍ធំមួយនេះ។
កីឡាករជំនាញខាងផ្នែករត់ល្បឿន ប៉ែន សុគង់ បានប្រាប់ថា៖ «ខ្ញុំសប្បាយចិត្ត ដែលសហព័ន្ធជ្រើសរើស និងបញ្ជូនខ្ញុំ ឱ្យទៅចូលក្នុងព្រឹត្តការណ៍អូឡាំពិក ព្រោះព្រឹត្តិការណ៍ដ៏ធំនេះ ៤ ឆ្នាំមានតែម្តងទេ ហេតុនេះដើម្បីតបស្នងដល់សហព័ន្ធ និងថ្នាក់ដឹកនាំ ដែលបានផ្តល់សេចក្តីទុកចិត្តមកខ្ញុំបាទនេះ គឺខ្ញុំបាទកំពុងប្រឹងប្រែងទាំងកម្លាំងកាយចិត្ត ដែលមាន ដើម្បីបំបែកកំណត់ត្រាថ្មីមួយសម្រាប់ខ្លួនឯង នៅក្នុងការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ នាពេលខាងមុខនេះ»។
«សម្រាប់ខ្ញុំ នេះជាលើកដំបូង ដែលមានឱកាសបានចូលរួមប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកអន្តរជាតិ ហើយក៏ជាការប្រកួតកម្រិតបច្ចេកទេសខ្ពស់បំផុតក្នុងពិភពលោកដែរ ប៉ុន្តែអ្វីដែលសំខាន់ គឺខ្ញុំតាំងចិត្តប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងបច្ចេកទេសទាំងអស់ ដើម្បីឱ្យស័ក្តិសម នឹងការផ្តល់ឱកាស និងការលើកទឹកចិត្ត ការជួយជ្រោមជ្រែងគ្រប់បែបយ៉ាងពីថ្នាក់ដឹកនាំសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា»។
កីឡាករវ័យ ២៨ ឆ្នាំ ប៉ែន សុគង់ បានបន្ថែមថា៖ «ក្នុង ១ ថ្ងៃ ខ្ញុំហាត់ពី ៤ ទៅ ៥ ម៉ោង និងហាត់ ៥ ថ្ងៃកន្លះ ក្នុង ១ សប្តាហ៍ ដោយផ្តោតលើការហ្វឹកហាត់ផ្នែកមូលដ្ឋាន បច្ចេកទេស កម្លាំងកាយ សម្បទា និងរត់ល្បឿនជាដើម ហើយនៅក្នុងការប្រកួតកម្រិតពិភពលោកនេះ ទោះខ្ញុំទទួលបានលទ្ធផល ក្នុងកម្រិតណា ក៏ខ្ញុំនៅតែពេញចិត្ត ប៉ុន្តែការសម្រួចគោលគោលដៅ គឺខ្ញុំនឹងខិតខំបំបែកកំណត់ត្រាសិទ្ធផលខ្លួនឯងសិន»។

ប៉ែន សុគង់ ពេលហ្វឹកហាត់ នៅក្នុងពហុកីឡដ្ឋានជាតិ នាពេលកន្លងមកនេះ។ រូបថត សហការី
កីឡាករមានដើមកំណើតនៅខេត្តពោធិ៍សាត់ ប៉ែន សុគង់ ជាអត្តពលិក ដែលតែងតែដណ្តើមបានមេដាយមាស សម្រាប់ការប្រកួតក្នុងស្រុក ផ្នែករត់ល្បឿន១០០ម៉ែត្រ ដោយពេលនេះ រូបគេធ្វើបានក្នុងថិរវេលា ១០ៈ៨៧ វិនាទី សម្រាប់ការហ្វឹកហាត់ ហើយកីឡាករអត្តពលកម្មរបស់កម្ពុជារូបនេះ ក៏ធ្វើសម្រេចក្នុងថិរវេលា ១០ៈ៨៧ វិនាទី ផងដែរ សម្រាប់ការរត់ល្បឿន ១០០ ម៉ែត្រ កាលពីស៊ីហ្គេម ឆ្នាំ ២០១៩ នៅប្រទេសហ្វីលីពីន។
កីឡាករ ប៉ែន សុគង់ បានចូលហ្វឹកហាត់កីឡាអត្តពលកម្មដំបូង នៅឆ្នាំ២០១៤ ហើយរូបគេបានជាប់ជាកីឡាករជម្រើសជាតិអត្តពលកម្មកម្ពុជា នៅឆ្នាំ២០១៥ រហូតដល់ពេលបច្ចុប្បន្ន។ បន្ទាប់ពីត្រៀមខ្លួនចូលរួមប្រកួតអូឡាំពិក នៅតូក្យូ ប៉ែន សុគង់ ក៏នឹងត្រូវចូលរួមការប្រកួតស៊ីហ្គេម នៅប្រទេសវៀណាម នាចុងឆ្នាំ ២០២១ ផងដែរ។
លោក ហ៊ុន បុរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាអត្ថពលកម្មស្ម័គ្រចិត្ត បានប្រាប់ថា៖ «កីឡាករ ប៉ែន សុគង់ មានការតស៊ូ ក្រាញននៀល នឹងការហ្វឹកហាត់ និងការប្រកួត ប្រកបដោយស្មារតីទទួលខុសត្រូវបានល្អ ហើយបច្ចុប្បន្នគាត់កំពុងតែប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំងក្លា។ នៅក្នុងសហព័ន្ធខ្មែរអត្តពលកម្មបានលើកទឹកចិត្ត និងផ្តល់ការគាំទ្រដល់ ប៉ែន សុគង់ ក្នុងគោលដៅប្រកួតប្រជែង ដើម្បីជាតិមាតុភូមិ ព្រមទាំងមានកម្រិតបច្ចេកទេសកើនឡើងជាលំដាប់»៕