ភ្នំពេញ៖ កីឡាករ សោម វិឆ័យ បាន​រក​ឃើញ​ជ័យជម្នះ​យ៉ាងសំខាន់របស់ខ្លួន​ហើយ គឺ​ការ​ក្លាយជា​ម្ចាស់​ជើងឯក ក្នុងការ​ប្រកួត​ដណ្តើម​ប្រាក់លានជា​លើក​ដំបូង នៅ​លើ​សង្វៀន​ថោន ​កាលី​ថ្ងៃអាទិត្យ ហើយ​ការ​ក្រសោប​បាន​ប្រាក់រង្វាន់ចំនួន ៣,៤​ លាន​រៀល ត្រូវបាន សោម វិឆ័យ អះអាង​ថា វាកើត​ចេញពី​ការ​គិត​ត្រឹម​ត្រូវ ​ទាំង​ការ​យក​ឈ្នះ គង់ សំបូរ នៅ​ក្នុង​វគ្គជម្រុះ និង​ការ​យក​ឈ្នះ ឯម ដារ៉ូ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

សោម ​វិឆ័យ បាន​​និយាយក្រោយការ​ប្រកួត​​ថា​៖ «​ខ្ញុំ​គិត​ច្បាស់​ពី​បច្ចេក​ទេស​ប្រ​កួត​ ​ព្រោះ​ថា​ក្បាច់​គុន​ខ្មែរ​នេះ ​មិន​អាច​មើល​រំលង​បាន​ទេ ដោយសារ​បច្ចេក​​ទេស​ប្រ​កួត​ប្រែ​ប្រួល​ទៅ​តាម​យើង​គិត ​និង​ប្រើប្រាស់​ ហើយ​មាន​លទ្ធផល​ទៅ​តាម​អ្វី ​ដែល​យើង​គិត​សម្រេច​ធ្វើ​ទៅ​ត្រូវ​»។​

កីឡាករ​រូបនេះ បាន​និយាយ​ពី​បច្ចេទេស​ យក​ឈ្នះ​ គង់ ​សំបូរ​ ដូច្នេះ​ថា​៖ «​មាន​គេ​ឱ្យ​តម្លៃ​ខ្ញុំ​ទាប​ណាស់ ​ក្នុង​ការ​​ប្រ​កួត​ជា​មួយ​ គង់​ សំបូរ​ ​ព្រោះ​កន្លង​មក​ខ្ញុំ​ប្រ​កួត​គ្នា​ប្រហែល​ជិត​ ១០​ លើក ​ខ្ញុំ​ឈ្នះ​គាត់​តែ​ ១​ លើក​ប៉ុណ្ណោះ​។ ​ខ្ញុំ​ដឹង​ថា ក្បាច់​របស់​គាត់ ​​ល្អ​តែ​មួយ​ច្រក​ទេ ​គឺ​ទាត់​ធ្ងន់ ​ហេតុ​នេះ​ខ្ញុំ​ត្រៀម​ក្បាច់​ទប់​ទល់​បាន​ល្អ​ ដោយ​​ជង្គង់ ​និង​កណ្តាប់​ដៃ​ ហើយ​ចូល​កៀក​មែន​ទែន ​ទើប​បាន​ផល​ល្អ ​ខណៈ​​ពេល​នេះ​​ខ្ញុំ​ធ្វើ​បាន​សម្រេច»​។

​ចំពោះ​ការ​យក​ឈ្នះលើ ឯម ដារ៉ូ នៅក្នុងវគ្គ​ផ្តាច់ព្រ័ត្រ សោម វិឆ័យ បាន​បញ្ជាក់​​ថា៖​ «ចំណែក​ការ​យក​​ឈ្នះ​លើ ​ឯម ​ដារ៉ូ​ ខ្ញុំ​បាន​គិត​​ថា ​គាត់​ល្អ​តែ​ផ្នែក​កណ្តាប់​ដៃ​ធ្ងន់​មួយ​ច្រក ​ហេតុ​នេះ​ខ្ញុំ​វ៉ៃ​ឆ្ងាយ ​ទាត់​ឆ្ងាយ​ និង​គេច​ពី​ការប្តូរ​កណ្តាប់​ដៃ​​មក​វ៉ៃ​តាម​លក្ខណៈ​បច្ចេក​ទេស ដោយ​​ដក​ថយ​ស្រង់​យក​ពិន្ទុ​វិញ។ ​ការ​សម្រេច​​ត្រូវ​​បែប​នេះ​ នាំ​ឱ្យ​​ខ្ញុំ​ទទួល​បាន​លទ្ធផល​ឈ្នះ​ ​លើក​នេះ​គួរ​ឱ្យ​​ពេញ​ចិត្ត​ណាស់»​។​

សម្រាប់ការ​ដណ្តើមបាន​តំណែង​ជើងឯក ​របស់ សោម វិឆ័យ នេះ គឺ​ខុស​ពី​ក្តី​រំពឹង​​ទុក​ ​ហើយ​ការ​ទស្សន៍​ទាយ​របស់​មហា​ជន ​ពិត​ជា​ខុស​ឆ្ងាយ​ស្រឡះ ​​ព្រោះ​វត្ត​មាន​របស់ ​សោម​ វិឆ័យ ​មុនការ​​ប្រ​កួត គឺ​​មាន​ភាគ​រយ​ទស្សន៍​ទាយ​ពី​មហា​ជន​ថា​ឈ្នះ​នោះ តិច​បំផុត​ ដោយសារ​តែ​មហា​ជន​ភាគ​ច្រើន​ បាន​សម្លឹង​ និង​ផ្តោត​ទៅ​លើ​កីឡាករ ​អេលីត ​ភក្តី ​និង​ គង់​ សំបូរ ​ប៉ុន្តែ​លទ្ធផល​ជាក់​ស្តែង​វិញ គឺ​អ្នក​ទាំង​២នេះ ​បាន​ចាញ់​ធ្លាក់​តាំង​ពី​វគ្គ​ជម្រុះ​ជុំ​ទី​១​។​

លោក​ ឡុង​ វិបុល គ្រូ​បង្វឹក សោម វិឆ័យ​ បាននិយាយ​ថា​៖ «​សោម ​វិឆ័យ ​ជើង​ចាស់​មាន​បទ​ពិសោធល្អ​ ប៉ុន្តែ​វា​ប្រ​កួត​ពេល​ខ្លះ​ល្អ​ ពេល​ខ្លះ​ខ្សោយ​ពេក​ ដោយ​សារ​តែ​ការ​ហ្វឹក​ហាត់​មិន​បាន​ជាប់​​លាប់​។​ ​ប្រសិន​វា​ហាត់​បាន​ល្អ ​គោរព​វិន័យ​ល្អ​វិញ ​ពិត​ជា​លំបាក​រក​ដៃ​គូ​មែន គឺ​​និយាយ​ទៅ​វា​ល្អ​ឱប​ឡើង​ជង្គង់​ក្នុងការ​ផ្តួល​ដៃ​គូ​ប្រ​កួត​ ​ចំណែក​ ឯម ​ដារ៉ូ ​មួយ​រយៈ​នេះ​ក៏​លេច​មុខ​ល្បី​គួរ​សម ​ក្នុង​ការ​ប្រ​កួត​មាន​ប្រ​ជា​ប្រិយ»។​

ចំពោះ​កីឡាករ ​ឯម ​ដារ៉ូ​ បានបង្ហាញការរីក​រាយ ទោះ​បាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ ២ ជាមួយ​ប្រាក់​រង្វាន់​ចំនួន ​១,៨ ​លាន​រៀល។​ «ខ្ញុំ​សប្បាយ​ចិត្ត​ បាន​ត្រឹម​លេខ ​២​ ហើយ​​ការ​ចាញ់​នេះ ​ខ្ញុំ​ទទួល​ស្គាល់​ថា​ ចាញ់​ ប៉ុន្តែ​បច្ចេក​ទេស​វ៉ៃ​ ខ្ញុំ​គិត​ខុស ​ដោយ​ខ្ញុំ​គិត​តែ​ប្រើ​ក្បាច់​កណ្តាប់​ដៃ​ ហេតុនេះ​គេ​ដឹង ​គេ​ការពារ​បិទ​ជិត ​ខ្ញុំ​វ៉ៃ​មិន​ចូល​គោល​ដៅ​ល្អ»​។

ឯម ដារ៉ូ បាន​ប្រាប់​បន្ថែម​ថា៖ ​«ខ្ញុំ​គិត​ខុស និង​សម្រេច​ចិត្ត​ប្រើ​កណ្តាប់​ដៃ​ខុស​។ ​ប្រ​សិន​ខ្ញុំ​ប្តូរ​មក​ទាត់​ជើង​វិញ ​ខ្ញុំ​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ ហើយ​​ខ្ញុំ​លំបាក​ប្រ​កួត​ ​ដោយ​សារ​​ដៃ​គូ​វ៉ៃ​របៀប​ដក​ថយ​នេះ គឺ​​ពិត​ជា​លំបាក​ឈ្នះ​ណាស់​ ហេតុ​នេះ​ អ្វី​ដែល​ខ្ញុំ​ចង់​បាន គឺ​ការ​ចូល​​វាយ​សម្រុក​ដូច​គ្នា ​ធានា​ថា​ ចាញ់​ឬ​ឈ្នះ ​ល្អ​មើល​តែ​ម្តង»​។​

ចំណែក​លោក ​ជួប ​វុត្ថា​ អ្នក​ផ្គូ​ផ្គង​ប្រ​ចាំ​សង្វៀន​ថោន បាន​និយាយ​ថា​៖«​សម្រាប់​ជ័យ​ជម្នះ​របស់ ​សោម ​វិឆ័យ បាន​លេខ​ ១​ នេះ​ អ្នក​ទស្សន៍​ទាយ​ខុស​ឆ្ងាយ​ណាស់​ ដោយសារ​ពួក​គាត់​​ភាគ​ច្រើន​សម្លឹង​ឃើញ​ថា ​សោម ​វិឆ័យ ​នៅ​ក្រោម ឯម ​ដារ៉ូ​, អេលីត​ ភក្តី ​និង ​គង់ ​សំបូរ ពិសេស​ធ្លាប់​ចាញ់​ញឹក​ញ៉យ​ផង​​ ប៉ុន្តែ​ការ​ពិត​ជាក់​ស្តែង​ ក្បាច់​បុរាណ​ខ្មែរ​ទស្សន៍​ទាយ​មុន ​មិន​អាច​ត្រូវ​នោះ​ឡើយ​»៕