
ប៊ុន សុធា បានបុកជង្គង់ទៅលើកីឡាករ យ៉ន ពិសី ក្នុងការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ នៅលើសង្វៀន PNN។ រូបថត សហការី
ភ្នំពេញ៖ អ្នកប្រដាល់ចិត្តធំ ប៊ុន សុធា បានក្លាយជាបេក្ខភាពទី១ ដែលត្រូវបន្តដំណើរឡើងទៅប្រកួតដណ្តើមខ្សែក្រវាត់ ទម្ងន់ ៥៧ គីឡូក្រាម នៅវគ្គ ៨ នាក់ចុងក្រោយ បន្ទាប់ពីរូបគេ បានទម្លាក់កីឡាករ យ៉ន ពិសី នៅក្នុងការប្រកួតជម្រុះជុំទី១ នៅលើសង្វៀន PNN កាលពីថ្ងៃអាទិត្យ ចំណែកកីឡាករ ប៊ន ពន្លឹក បានក្លាយជាម្ចាស់ជើងឯក ក្នុងការប្រកួតម៉ារ៉ាតុង ស្របពេល ពុទ្ធ ម៉ាណូយ បានផ្តួលដៃគូឱ្យសន្លប់ នៅក្នុងព្រឹត្តិការណ៍ថ្មី GANZBERG ONESTRIKE ក្នុងពេលជាមួយគ្នានោះដែរ។
តាមរយៈការប្រកួតយ៉ាងស្វិតស្វាញនោះ ប៊ុន សុធា និង យ៉ន ពិសី បានប្រកួតគ្នាយ៉ាងស្វិតស្វាញបំផុត ប៉ុន្តែ ប៊ុន សុធា វាយចូលគោលដៅល្អជាង ពិសេសការចូលចាប់បុកជង្គង់របស់គេ ដែលធ្វើឱ្យ យ៉ន ពិសី មានការធ្លាក់កម្លាំងគួរឱ្យកត់សម្គាល់ ហើយជាលទ្ធផល ចៅក្រមទាំង ៥ នាក់ បានសម្រេចផ្តល់ពិន្ទុឱ្យ ប៊ុន សុធា ឈ្នះជាឯកច្ឆន្ទ ៥-០ តែម្តង។
ជ័យជម្នះ នៅក្នុងការប្រកួតជម្រុះ ១៦ នាក់ដំបូងនេះ បានជួយឱ្យ ប៊ុន សុធា ឡើងទៅកាន់ការប្រកួតវគ្គជម្រុះ ៨ នាក់ចុងក្រោយ បានមុនគេ ដោយរង់ចាំការប្រកួតរវាងជើងខ្លាំងចំនួន ១៤ នាក់ទៀត ចំណែក យ៉ន ពិសី បានធ្លាក់ចេញពីការប្រកួតនេះហើយ ព្រោះរូបមន្តនៃការប្រកួតនេះ គឺប្រកួតជម្រុះចាញ់ធ្លាក់ៗ រហូតរកឃើញម្ចាស់ខ្សែក្រវាត់ និងប្រាក់រង្វាន់ចំនួន ៤០ លានរៀល។
លោក ស្រ៊ឺ ស្រេង ហៅ សំណព្វ អ្នកគ្រប់គ្រងផ្នែកកីឡា នៅ PNN បានប្រាប់ថា៖ «ការប្រកួតនេះ ត្រូវប្រកួតជម្រុះចាញ់ធ្លាក់ៗ បន្តរៀងរាល់សប្តាហ៍ រហូតសល់តែបេក្ខភាពចុងក្រោយចំនួន ២ រូប ឡើងប្រជែងយកខ្សែក្រវាត់ នៅវគ្គផ្ដាច់ព្រ័ត្រ ដែលមានប្រាក់រង្វាន់រហូតដល់ ៤០ លានរៀល និងជើងឯករង ៨ លានរៀល ហើយការបើកឆាកថ្ងៃដំបូងនេះ មានភាពទាក់ទាញខ្លាំង ប៉ុន្តែយើងមិនអនុញ្ញាតឱ្យមហាជនចូលទស្សនាផ្ទាល់ទេ ដោយអនុវត្តតាមក្រសួងសុខាភិបាល ដើម្បីការពារការឆ្លងជំងឺកូវីដ ១៩ តែមហាជនបានទស្សនាតាមការផ្សាយផ្ទាល់ ច្រើនគួរឱ្យមោទនៈ»។

ចំណែកកីឡាករ ប៊ន ពន្លឹក បានក្លាយជាម្ចាស់ជើងឯក នៅក្នុងការប្រកួតម៉ារ៉ាតុន ទម្ងន់ ៥៤ គីឡូក្រាម ក្រោយរូបគេបានយកឈ្នះដោយពិន្ទុមិនឯកច្ឆន្ទ ២-១ លើ កីឡាករ នូវ សុខទី នៅវគ្គផ្តាច់ព្រ័ត្រ ខណៈការប្រកួតវគ្គជម្រុះ៣ ទឹកដំបូង ប៊ន ពន្លឹក បានឈ្នះពិន្ទុ សូត្រ សុឃីម ហើយ នូវ សុខទី បានឈ្នះពិន្ទុ សេក សារ៉ាន់។
ទាក់ទងទៅនឹងការប្រកួតម៉ារ៉ាតុងនេះ លោក សំណព្វ បានប្រាប់ថា កម្មវិធីនេះ បានផ្តល់ជូនកីឡាករជាពន្លកថ្មីចំនួន ២ គូ ក្នុងមួយសប្តាហ៍ ដោយអ្នកឈ្នះទទួលបានទឹកប្រាក់ចំនួន ១,២ លានរៀល គឺមិនច្រើនទេ ប៉ុន្តែបានផ្តល់នូវការប្រកួតដែលមានបទពិសោធន សម្រាប់ពន្លកកីឡាករឆ្នើមៗ ទម្ងន់ស្រាលៗ ដើម្បីជួយអភិវឌ្ឍវិស័យកីឡាគុនខ្មែរ។
ចំណែកម្ចាស់ជើងឯក ប៊ន ពន្លឹក បាននិយាយថា៖ «ខ្ញុំចង់ចូលរួមប្រកួតកម្មវិធីនេះម្តងទៀត ប្រសិនបើគេដាក់ឱ្យប្រកួត ព្រោះការប្រកួតម៉ារ៉ាតុង នៅសង្វៀននេះ គេផ្តល់ជូនកីឡាករក្មេងៗ និងមិនទាន់ល្បីខ្លាំងបានប្រកួត។ ទោះម្ចាស់ជើងឯក បានលុយ ១ លាន ២ សែនរៀល ប៉ុន្តែខ្ញុំសប្បាយចិត្ត និងចង់ប្រកួត ហើយមិត្តភ័ក្តិខ្ញុំក៏ចង់ប្រកួតដែរ»។

ដោយឡែកកីឡាករជើងថ្មី ពុទ្ធ ម៉ាណូយ បានក្លាយជាបេក្ខភាព ដំបូងគេ ដែលទទួលបានប្រាក់រង្វាន់បន្ថែមចំនួន ១ លានរៀល ពីការប្រកួត GANZBERG ONESTRIKE នៅលើសង្វៀន PNN នេះ បន្ទាប់ពីរូបគេបានទាត់កីឡាករ ឃន គឹមហេង បណ្តាលឱ្យខូចជើង មិនអាចបន្តការប្រកួតទៀតបាន នៅក្នុងទឹកទី ២ នោះ ខណៈព្រឹត្តិការណ៍ថ្មីនេះ ប្រកួតតែ ២ ទឹកទេ ដោយ ១ ទឹកមានរយៈពេល ៧ នាទី ហើយកំណត់ការចាញ់ឈ្នះ ដោយការវាយគូប្រកួតឱ្យសន្លប់ និងត្រូវអាជ្ញាកណ្តាលបញ្ឈប់។
លោក សំណព្វ បានបញ្ជាក់ថា៖ «ការប្រកួតរបស់យើងមាន ៣ ទម្រង់ គឺគូដណ្តើមម៉ារ៉ាតុង និងគូជម្រុះដណ្តើមខ្សែក្រវាត់ ព្រមទាំងគូពិសេសប្រកួតគ្នា ២ទឹកក្នុងមួយទឹកមាន ៧ នាទី។ យើងមិនចម្លងពីគេទេ ប៉ុន្តែរូបមន្តប្រកួតខ្លះ ស្រដៀងគ្នាដែរ»៕