
លោក វ៉ាត់ ចំរើន ពេលថ្លែង នៅក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃអង្គារ។ រូបភាព សហការី
ភ្នំពេញ៖ គណៈអចិន្ត្រៃយ៍ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍កាលពីព្រឹកថ្ងៃអង្គារដើម្បីឆ្លងផែនការមេនៃដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះ ហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នេះ។
តាមរយៈកិច្ចប្រជុំនោះ អង្គប្រជុំបានលើកឡើងយករបៀបវិរៈចំនួនពីរដើម្បីអនុម័តជាមួយភាគីពាក់ព័ន្ធ ដោយផ្តោតទៅលើបទបញ្ញតិផ្សេងៗនិងគុណផលកីឡាខណៈដែលប្រធានបទទាំង ២ នេះ បានផ្តោតឆ្ពោះលើការកសាងធនធានសមត្ថភាពអត្តពលិកការស្វែងរកការហ្វឹកហាត់ និងការប្រកួតឱ្យមានលទ្ធផលល្អទៅតាមបទបញ្ជានៃការប្រកួតគោរពបទបញ្ញត្តិជាធរមាន។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មាន ក្រោយកិច្ចប្រជុំថា៖ «អ្វីដែលសំខាន់ក្នុងសេចក្តីអនុម័តព្រឹកនេះគឺការប្រមូលផ្តុំធនធានអត្តពលិកដែលក្នុងនោះការហ្វឹកហាត់ទាំងក្នុងនិងក្រៅប្រទសជាកត្តាសំខាន់បំផុតព្រោះការហាត់ក្រៅប្រទេស គឺទទួលផលល្អហេតុនេះរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលប្រទេសចិន មានកិច្ចព្រមព្រៀងពិសេសក្នុងការត្រៀមបញ្ជូនកីឡា ១២ ប្រភេទ ដែលមានចំនួន ១៣៥ នាក់ ទៅហ្វឹកហាត់ ហើយភាគីចិនកំពុងពិចារណាគិតគូពីកន្លែងហ្វឹកហាត់កន្លែងហូបនិងស្នាក់នៅឱ្យមានសុវត្ថិភាពការពារជំងឺឆ្លងកូវីដ ១៩»។
លោកបន្តថា យើងសាទរចំពោះសហព័ន្ធកីឡាជាតិមួយចំនួនដែលបានស្វែងរកដៃគូក្រៅប្រទេស ដើម្បីបានហ្វឹកហាត់ក្រៅពីគម្រោងនៅប្រទេសប្រទេសចិន មានដូចជាប្រដាល់សកលគុនដាវប្រណាំងកង់ប្រណាំងសេះ និងការ៉ាតេជាដើមដែលសហព័ន្ធទាំងនេះ មានលទ្ធភាពរកបានដៃគូជួយឧបត្ថម្ភតាមខ្សែបណ្តោយ។
ជាមួយគ្នានេះយើងបានអបអរសាទរវត្តមានក្រុមអត្តពលិកកូនខ្មែរនៅក្រៅប្រទេសដែលសរុបជាង ៣០ នាក់ កំពុងស្ម័គ្រចិត្តហ្វឹកហាត់ដោយខ្លួនឯងក្រោមការលើកទឹកចិត្ត និងត្រួតពិនិត្យពីគ្រូបង្វឹករបស់សហព័ន្ធ ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដើម្បីឱ្យពួកគាត់សម្រួចជំនាញឱ្យល្អ។

លោក វ៉ាត់ ចំរើន ពេលថ្លែង នៅក្នុងកិច្ចប្រជុំ កាលពីព្រឹកថ្ងៃអង្គារ។ រូបភាព សហការី
លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «គោលដៅរបស់យើង បាញ់ឆ្ពោះទៅលើកីឡាជំនាញកម្រិតខ្ពស់ ដើម្បីគោរពបទបញ្ញត្តិដែលរួមគ្នាដោះស្រាយលើកត្តាប្រឈម។ចំពោះការហ្វឹកហាត់ យើងចាប់ផ្តើមជំរុញឱ្យបានខ្លាំងក្លាចាប់ពីឆមាសទី២ ឆ្នាំ ២០២១ នេះទៅ»។
អ្នកជំនាញកីឡារូបនេះ បានបញ្ជាក់ថា៖ «បើតាមការចង្អុលបង្ហាញពីឯកឧត្តមថោងខុនអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានជំរុញឱ្យមានការហ្វឹកហាត់បោះជំរំ និងមានវិធានការបិទខ្ទប់ក្នុងកន្លែងហ្វឹកហាត់ដោយសហការជាមួយមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនធានាឱ្យបាននូវការចម្លងជំងឺកូវីដ ១៩ ក្នុងកំឡុងហ្វឹកហាត់ ដើម្បីបង្កើនគុណផលរបស់អត្តពលិកយើងព្រោះបើបណ្តែតបណ្តោយឱ្យហាត់តាមប្រពន្ធ័អនឡាញមិនអាចធានាបាននូវសិទ្ធិផលល្អនោះទេ គឺបានត្រឹមរក្សាសិទ្ធិផលចាស់ប៉ុណ្ណោះ»៕