ភ្នំពេញ៖ កីឡាករ​ជើង​ខ្លាំង ​ឡុង​ ជិន​ ​និង​បេក្ខភាព​អ្នក​ប្រ​ដាល់​ចំនួន​ ៣​ នាក់​ទៀត ​មាន ​ធី ​វ៉ារិទ្ធ ​​របស់​​ក្លិប​អាណាចក្រ​គុន​ខ្មែរ​, ខុន បូឡា ​(ឡុង ​ឡា)​ ​របស់​​ក្លិប​អប់​រំកាយ​អន្លុង​វែង​ខេត្ត​ឧត្តមាន​ជ័យ ​និង ​វេង ​សភ័ក្រ​ ​របស់​​ក្លិប​បញ្ជា​ការដ្ឋាន​ទ័ព​ពិសេស ​នឹង​ត្រូវ​​ដាក់​ឱ្យ​ចាប់​ឆ្នោត ​ប្រ​កួត​គ្នា​លក្ខណៈ​​​​ម៉ារ៉ាតុង​ដណ្តើម​ទឹក​ប្រាក់​ចំនួន​ ៣,៤​ លាន​រៀល ប្រចាំ​​​សប្តាហ៍​ទី​ ៧៨ ​នៅ​​សង្វៀន​ថោន​ នា​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ​។

កីឡាករ​ ឡុង​ ជិន​ កំពុង​តែ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ល្បាញ​ខ្លាំង​ដោយ​សារ​តែ​ ៤ ​ប្រ​កួត​ចុង​ក្រោយនេះ ​​គេ​បាន​​ឈ្នះ​ជើង​ខ្លាំង​ៗ​លំដាប់​កំពូល​ៗ​ ប៉ុន្តែ​សម្រាប់​ការ​ប្រ​កួត​លើក​នេះ​ ឡុង ជិន បាន​ត្អូញ​ត្អែ​រ និង​ញញើត​ ប្រ​សិន​បើ​​រូបគេ​ចាប់​ឆ្នោត​ប៉ះ​កីឡាករ ​វេង ​សុ​ភ័ក្រ ​គឺ​ពិត​ជា​លំបាក​ឈ្នះ​ទៅ​វិញ​។​

​ឡុង ​ជិន ដែល​ទើប​បាន​យក​ឈ្នះ​កីឡាករ​ សុខ ​សាវិន ​ឈ្នះ​ សូត្រ​ វាសនា​ ឈ្នះ​ អេលីត ​សាន់​ និង​ឈ្នះ ​អេលីត ​ចំរើន បាន​​​និយាយ​ថា​៖ ​«សម្រាប់ការ​ប្រកួត​ដណ្តើម​ប្រាក់លាន ​នៅ​សង្វៀន​ថោន ​សប្តាហ៍​នេះ ​ឧបសគ្គ​ធំ​របស់​ខ្ញុំ ​​គឺ​បើ​សិនចាប់​ឆ្នោត​​ប៉ះ ​វេង​ សុភ័ក្រ​ ប៉ុន្តែ​បើ​ជួប ខុន ​បូឡា​ ឬ ​ធី ​វ៉ារិទ្ធ ​វិញ ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ ដោយ​គ្មាន​បារម្ភ​អ្វី​ឡើយ​ ​ព្រោះ​ធ្លាប់​ប្រ​កួត​ជា​មួយ​និង​ថែម​ទាំង​ដឹង​ពី​សមត្ថភាព​ទៀត​ផង​»។​

សិស្សគណ​ក្លិប​ខ្លារខិន​មាន​រិទ្ធ ឡុង​ ជិន បាន​​បន្ថែម​ថា៖​ «​បើ​ចាប់​ឆ្នោត​ប៉ះ​ ​វេង ​សុភ័ក្រ ​ខ្ញុំ​សង្ឃឹម​ឈ្នះ​ត្រឹម ​៥០ ​ភាគរយ​ប៉ុណ្ណោះ​ ព្រោះ​មិន​ទាន់​បាត់​ឈឺ​ខ្លួន​ផង ​ប៉ុន្តែ​​ក្រៅ​ពី​នេះ​ធានា​ឈ្នះ ​៨០ ​ភាគរយ»​។

​រវាង​អ្នក​ប្រ​ដាល់ ឡុង​ ជិន ​និង ​វេង ​សុភ័ក្រ ​សុទ្ធ​តែ​ធ្លាប់​ឈ្នះ​ប្រាក់​រង្វាន់​ពី​សង្វៀន​ថោង​នេះ​ដូច​គ្នា​។​ ទោះ​យ៉ាងណា​វេង​ សុភ័ក្រ មួយ​រយៈ​នេះ​ បាន​ខក​ខាន​ប្រ​កួត​យូរ ​ដោយ​បញ្ហា​ជាប់ធ្វើ​​ចត្តា​ឡីស័ក​ ដោយ​ជំងឺកូវីដ​១៩ ​ហើយ​ការ​ហ្វឹក​ហាត់​មិន​សូវ​បាន​ជាប់​លាប់ទេ​។​

លោក ​ឡៅ​ ស៊ី​ណាត ​គ្រូ​បង្វឹក​ វេង សុភ័ក្រ បាន​ប្រាប់​​ថា​៖​«នៅ​​ក្នុង​ចំណោម​អ្នក​ប្រដាល់​ទាំង ​៣​ នាក់​នេះ ​បេក្ខភាព​ដែល​លំបាក​ប្រ​កួតជាងគេ ​គឺ​ ឡុង​ ជិន​ នេះ​តែ​ម្តង ​ចំណែក​ ធី​ វ៉ារិទ្ធ​និង​ ខុន​ បូឡា​ មិន​លំបាក​ទេ ​អាច​ឈ្នះ​ក្នុង​ទំនុក​ចិត ​៩០​ភាគរយ»​។

យ៉ាងណា​ក៏​ដោយ អតីត​កីឡាករ​ជើង​ខ្លាំង ​និង​ធ្លាប់មានឈ្មោះ​ល្បី ឡៅ​ ស៊ី​ណាត​ បាន​ប្រាប់​បន្ថែម​ថា​៖​ «តាម​ខ្ញុំ​គិត​មើល​ វេង​ សុភ័ក្រ​ នឹង​ឈ្នះ​ប្រាក់​រង្វាន់​នេះម្តង​​ទៀត​មិន​ខាន ព្រោះ​​វា​ហាត់​បាន​ល្អ ​ហើយ​​ចិត្ត​ប្រកួត​​របស់​វា ​វ៉ៃ​មិន​ងាយ​ដក​ថយ​ទេ»​។​

​ចំពោះ លោក ​ធី ​ណា​រីទ្ធ ​គ្រូ​បង្វឹក​ ធី​ វ៉ារិទ្ធ​ វិញ បាននិយាយ​ថា​៖ ​«ខ្ញុំ​មាន​សង្ឃឹម​ ៧០ ​ភាគ​រយ ​ប៉ុន្តែ​ដៃ​គូ​ប្រ​កួត​ ​ឡុង ​ជិន​ និង ​វេង ​សុភ័ក្រ ​ពិត​ជា​មាន​សមត្ថភាព​ខ្លាំង ព្រោះ​សុទ្ធតែ​ជា​រៀម​ច្បង មាន​​បទ​ពិសោធច្រើន​ជាង ​លំបាក​ឈ្នះ​ដែរ​ ហេតុនេះ ​ការ​ប្រ​កួត​ពិត​ជា​តឹង​តែង​ណាស់​»។​

ជាមួយគ្នានេះ លោក ​ជួប ​វុត្ថា​ អ្នក​ផ្គូ​ផ្គង​ប្រចាំ​សង្វៀន​ថោន បាន​និយាយ​ថា​៖ «​ការ​ផ្គូ​ផ្គង​ផ្អែកទៅ​​លើ​សមត្ថភាព​បចុ្ចប្បន្ន ​​ដោយ​ពេល​ខ្លះ​កីឡាករ​ធ្លាប់​ខ្លាំង​ តែ​បើ​មិន​បាន​ហាត់​ល្អ ​ក៏​ប្រ​កួត​មិន​បាន​ល្អ​ដែរ ​ហេតុ​នេះ​យើង​បាន​គិត​គូ​ល្អិត​ល្អន់​ដើម្បី​ឱ្យ​​ការ​ប្រ​កួត​ល្អ​មើល​»។​

លោក​បាន​បន្ថែម​ថា​៖ ​«​ការ​ប្រកួតដណ្តើម​ប្រាក់លាន ២ ​សប្តាហ៍​កន្លង​មកនេះ ​ការ​​ទស្សន៍​ទាយ​របស់​មហាជន​ខុស​ឆ្ងាយ​ណាស់​ ដោយ​ពួក​គាត់ ​ចូល​រួម​ទស្សន៍​ទាយ ​តាម​សមត្ថភាព​កីឡាករ ​ធ្លាប់​ខ្លាំង​ល្អ ​ប៉ុន្តែ​មាន​កីឡាករ​ខ្លះ ​បច្ចុប្បន្ន​ភាព ​កំពុង​ប្រឹង​ប្រែង​ ក៏មាន​ឱកាស​ឈ្នះ​បាន​ដូច​គ្នា»​៕