ភ្នំពេញ៖ ​គ្រូ​ប្រដាល់​ មិន​ធ្វើ​ជា​ចៅ​ក្រម​អាជ្ញា​កណ្តាល​ឱ្យ​សហព័ន្ធកីឡាប្រដាល់ ព្រោះ​​មាន​ចរឹក ​ចង់​បាន​សេរី​ភាព លោក ស៊ន អេលីត ដែល​ជាអ្នក​គ្រប​គ្រង​​​ក្លិប​ប្រដាល់​នាយក​ដ្ឋាន​អង្គរក្ស បាន​ចំណាយ​ដើម​ទុនផ្ទាល់​ខ្លួន​ចន្លោះ​ពី ៥ ០០០ ទៅ​ ៦ ០០០​ ដុល្លារ ដើម្បី​បង្កើត​កម្មវិធី​ប្រដាល់ថ្មីមួយ​ឈ្មោះ​ថា គុនខ្មែរអលស្តារ (Kun Khmer All Stars) ដែល​គ្រោង​បើក​ដំណើរការ នៅ​ថ្ងៃ​ទី​ ២៥ ខែ កក្កដា ឆ្នាំ​ ២០២១ ​នេះ។

កម្មវិធី​ប្រដាល់​ Kun Khmer All Stars​ នេះ​ ធ្វើ​ឡើង ​ដើម្បី​លើក​ស្ទួយ​តម្លៃ​កីឡាករ​ និង​ជំហាន​បន្ទាប់ ​ចង់​ឱ្យ​​កម្មវិធី​នេះ ​ក្លាយ​ជា​តំណាង​ប្រទេស​មួយ​ផង​ដែរ ​ដូច​ទៅ​នឹង​បណ្ដា​ប្រទេស​ជិត​ខាង ​ដែល​មាន​ស្រាប់​ដូច​ជា​កម្មវិធី Thai Fight​ ឬ​ WLC ​ជា​ដើម​ ខណៈ​កីឡាករ​ឆ្នើមៗ ដែល​ចូល​រួមការ​ប្រកួតក្នុង​លំដាប់​គូឯក នឹង​ផ្ដល់​តម្លៃ​ខ្លួន​ប្រ​កួត​ឱ្យ​ចំនួន​ ៥០០ ​ដុល្លារ។

ទាក់ទងនឹងគម្រោង​បង្កើត​កម្មវិធី​ប្រដាល់​ថ្មី​នេះ ​លោក​ ស៊ន​ អេលីត បាន​ប្រាប់​ថា៖​ «សម្រាប់ការ​បង្កើត​កម្មវិធីប្រដាល់​គុនខ្មែរ​អលស្តារ​នេះ គឺ​នៅ​ពេល​នេះ​ ការ​ចំណាយ​គិត​គូ​ទៅ​អស់​ថវិកា​ ចន្លោះ​ពី​​​ ៥ ០០០ ទៅ​ ៦ ០០០ ​ដុល្លារ​ឯ​ណោះ ​ហើយ​ជា​ថវិកា​ផ្ទាល់​ខ្លួន​​របស់​ខ្ញុំ​តែ​ម្ដង ​ដោយ​មិន​ទាន់​មាន​ខាង​ណា​ជួយ​ស្ពន​ស័រ​នៅ​ឡើយទេ»​។​

លោកបាន​បន្ថែម​ថា៖​ «យ៉ាងណា​ក្រុម​ការងារ​របស់​ខ្ញុំ​ កំពុង​ធ្វើ​ការ​ទំនាក់​ទំនង​ជា​មួយ​បណ្ដា​ក្រុមហ៊ុន​មួយ​ចំនួន ​ដើម្បី​ចូលរួម​ឧបត្ថម្ភ​ ​ប៉ុន្តែ​ការ​ចាប់​ផ្តើម​នឹង​ត្រូវ​ប្រឹង​ពី​ខ្លួន​យើង​ជាមុន​សិន​។​ ហេតុ​នេះ បើមាន​​អ្នក​ស្រឡាញ់​គុន​ខ្មែរ ​ក៏​ដូច​ជា​បណ្ដា​ក្រុមហ៊ុន​ណា ​បើ​ចង់​ចូល​ជា​ថវិកា​ ឬ​ជួយ​ឧបត្ថម្ភ ​ក្នុង​កម្មវិធី​នេះ​ គឺ​ខ្ញុំ​ស្វាគមន៍​ជា​និច្ច​តែ​ម្ដង ​ដើម្បី​ជួយ​ដល់​កីឡាករ​ និង​ដំណើរ​ការ​ប្រកួត​​នេះ ឱ្យ​មាន​សកម្មភាព ​និង​ដំណើរ​ការ​ទៅ​មុខ​ មាន​ភាព​រលួន​»​។​

លោក ស៊ន អេលីត ដែលជាអ្នក​ចំណាយ​ដើម​ទុន​ផ្ទាល់​ខ្លួន ដើម្បីរៀបចំ​ឱ្យមានការ​ប្រកួត​ប្រដាល់ គុនខ្មែរអលស្តារ។ រូប​ថត សហការី

យ៉ាង​ណា​ក៏​ដោយ ​គេ​នៅ​មិនទាន់​ដឹង​ថា កម្មវិធី​ប្រដាល់​ Kun Khmer All Stars ​​នេះ​ត្រូវ​សុំ​ច្បាប់​ប្រ​កួត ​ពី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ ឬ​យ៉ាង​ណានោះ​ទេ​ ព្រោះ​កន្លង​មក​ និង​បច្ចុប្បន្ន​ ការ​ប្រ​កួត ​ដែល​មាន​ផ្សាយ​ផ្ទាល់​ តាម​ទូរទស្សន៍ ​រៀងរាល់​ចុង​សប្តាហ៍​ សុទ្ធ​តែ​មាន​ការ​អនុញ្ញាត​ពី​សហព័ន្ធកីឡា​ប្រដាល់​គុន​ខ្មែរ​និង​អាជ្ញា​ធរ​មូល​ដ្ឋាន ​ហើយ​ត្រូវ​មាន​គណ​កម្មៈការ​បច្ចេកទេស​ និង​ក្រុម​ការងារ​ចេញ​ពី​ដំបូល​សហព័ន្ធ​តែ​មួយ ​ទើប​ប្រ​កួត​បាន​។​

មន្រ្តី​​សហព័ន្ធកីឡា​​ប្រ​ដាល់គុនខ្មែរ ម្នាក់ បាន​ប្រាប់​ដោយ​សុំ​មិន​ឱ្យ​​បញ្ចេញ​ឈ្មោះ​​ថា ​សហព័ន្ធ ​គាំ​ទ្រការ​ស្នើ​សុំ​បើក​ការ​ប្រ​កួត​នេះ​ ព្រោះ​​​លោក ​ស៊ន ​អេលីត ​បើ​ក​កម្មវិធី​ប្រ​កួត​នេះ​ ក្នុង​ទី​តាំង​ក្លិប​ផ្ទាល់ ​នៅ​ខ័ណ្ឌ​ឬស្សី​កែវ​ ហើយ​នេះជា​កម្ម​វិធី​ល្អ ​និង​មាន​បន្ថែម​​គូ​ប្រដាល់ឃីកបុកស៊ីង​ ចំនួន ២​ គូ​ផង​ដែរ​។​

ទោះជា​យ៉ាង​ណា​ លោក ​ស៊ន​ អេលីត​ មិន​អាច​លម្អិត​ពី​ការ​បើក​សង្វៀន​ប្រដាល់​ថ្មី​នេះទេ​ ប៉ុន្តែ​​ការ​ផ្គូ​ផ្គង ​និង​ត្រៀម​ការ​ប្រ​កួត​ នៅ​ថ្ងៃ​ទី ២៥​ ខែ ​កក្កដា​ ២០២១​ នៅ​ក្លិប​នាយដ្ឋាន​អង្គរក្ស​ផ្ទាល់​នោះ​ មិន​ប្រែប្រួល​ឡើយ​ ហើយកីឡាករ​ណា​ ទទួល​បាន​ការ​អញ្ជើញ​ឱ្យ​ចូល​ប្រ​កួត​ គឺ​មាន​តម្លៃខ្លួន​​ដូចការ​​ប្រ​កួត​លក្ខណៈ​អន្តរជាតិ​ ​​ពិសេស​កម្រិត​​គូ​ឯក​ចំនួន​៣​គូ ដោយ​​អ្នក​ឈ្នះ​ទទួល​បាន​ ៥០០ ដុល្លារ​ និង​អ្នក​ចាញ់​បាន​ ៤០០ ​ដុល្លារ ​​ដែល​ជា​តម្លៃ​ខ្លួន​ប្រ​កួត​មិន​ចាញ់​សង្វៀន​ធំៗ​នោះ​ឡើយ​។​

ប្រភព​ពី​គ្រូ​ប្រដាល់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ម្នាក់ បាន​និយាយ​ថា​ តម្លៃ​ខ្លួន​ប្រកួត​បែប​នេះ​ មាន​កីឡាករ​ឆ្នើមៗ​ច្រើន​ណាស់​ ចង់​ទៅ​ប្រ​កួតក្នុង​កម្ម​វិធី​ប្រដាល់​ Kun Khmer All Stars នេះ។​ ជា​មួយ​គ្នា​នេះ​ មាន​ចៅ​ក្រម​អាជ្ញា​កណ្តាល​មួយ​ចំនួន​ដែល​មិន​សូវ​មាន​ការ​ងារ​ធ្វើ ​សុទ្ធ​តែ​ស្ម័គ្រ ​ចិត្ត​ចង់​ទៅ​ចូល​រួម​ក្នុង​កម្ម​វិធី​នោះ​។

​យ៉ាង​ណា​មិញ សម្រាប់​ការ​ផ្គូផ្គូង​គូ​ប្រកួត បានធ្វើ​​រួច​ហើយ ​ហើយ​បើតាម​កម្មវិធី ដែល​​ ភ្នំពេញ​ ប៉ុស្តិ៍​ ទទួល​បាន​នោះ គឺ​ការប្រកួតបើក​ឆាក​ គុនខ្មែរ​អល​ស្តារ នា​ថ្ងៃទី ​២៥ ខែកក្កដា​ ខាងមុខ​នេះ ជើង​ខ្លាំង ​អេលីត ​ចំរើន ត្រូវប៉ះ ​ឃីម​ បូរ៉ា​ ស្របពេល ​សែន ​​រ៉ាដេត​ត្រូវ​ជួប ​ខាំ​ ខ្លានាង ជាថ្មី​ ចំណែក ​អេលីត ​ភក្តី​ ប្រ​កួត​ជា​មួយ ​ផល​ សោភ័ណ្ឌ​ ហើយ​ក៏​មាន​ការ​ប្រកួត​រវាង​កីឡាករ​ថ្នាក់ថ្នាល​ចំនួន​៣​គូ​ទៀត ផង​ដែរ សរុប​មាន​ ៦ ​គូ៕