
ក្រុមនារីជម្រើសជាតិហុកគីកម្ពុជា ពេលថតជាមួយថ្នាក់ដឹកនាំ និងគ្រូបង្វឹក នាពេលកន្លងមក។ រូបថត សហការី
ភ្នំពេញ៖ ប្រភេទកីឡាអូឡាំពិកហុកគី ដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ចូល ២០ ឆ្នាំមកហើយនោះ ទើបតែទទួលបានឱកាសពិសេស ឱ្យមានការប្រមូលផ្តុំជាក្រុមជម្រើសជាតិនារីនៅឆ្នាំនេះ ដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតនានានៅលើឆាកអន្តរជាតិ ប៉ុន្តែសម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ឆ្នាំ ២០២១ ក្រុមហុកគីគ្មានវត្តមាននោះទេ ខណៈស៊ីហ្គេមលើកទី៣០ នាប្រទេសហ្វីលីពីន ឆ្នាំ ២០១៩ ក្រុមហុកគីកម្ពុជា បានចំណាត់ថ្នាក់លេខ ៥។
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជាប្រាប់ថា កីឡាហុកគី ជាប្រភេទកីឡាអូឡាំពិក ដែលមានប្រវត្តិយូរលង់ និងមានវ័យចំណាស់ហើយ។ កីឡានេះ មានដើមកំណើតនៅប្រទេសអេហ្ស៊ីប ហើយបន្ទាប់មកដល់ប្រទេសអេត្យូពី ហើយមករីកចម្រើនខ្លាំងនៅក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដែលបច្ចុប្បន្នគេនិយមលេងនៅលើពិភពលោកចំនួនជាង ១៣០ ប្រទេស ក្នុងនោះនៅទ្វីបអាស៊ីមានចំនួន ៣០ ប្រទេសផងដែរ។
លោកបានបន្ថែមថា៖ «កន្លងមក កីឡាហុកគីមានសកម្មភាពបានតាមរយៈអង្គការក្រៅរដ្ឋាភិបាល និងស្វែងរកការឧបត្ថម្ភពីវិស័យឯកជនជាពិសេសមានលោក វ៉ាត់ ចំរើន ជាប្រធានសហព័ន្ធ និងប្រធានសហព័ន្ធហុកគីអាស៊ី ជួយជ្រោមជ្រែង ហើយនៅឆ្នាំនេះ ក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតឱ្យធ្វើការប្រមូលផ្តុំជាលើកដំបូង ចំពោះក្រុមកីឡាការិនីហុកគីចំនួន ១៣ នាក់ ព្រមទាំងគ្រូបង្វឹកម្នាក់ និងគ្រូជំនួយម្នាក់ ដោយពួកគេសម្រួចលើប្រភេទវិញ្ញាសាលេងក្នុងសាល»។
ជាមួយការទទួលបានឱកាសពិសេសក្នុងការប្រមូលផ្តុំ ដើម្បីហ្វឹកហាត់ជាក្រុមជម្រើសជាតិនៅឆ្នាំនេះ សហព័ន្ធកីឡាហុកគីកម្ពុជាបានដាក់ចេញនូវផែនការសំខាន់ៗចំនួន ៣ ទី១ រៀបចំប្រកួតជើងឯកជាតិនៅចុងឆ្នាំ ២០២១ នេះ ទី២ រៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្វឹក និងបច្ចេកទេសបង្ហាត់ ព្រមទាំងផ្សព្វផ្សាយពីកីឡានេះ ឱ្យបានទូលំទូលាយ ហើយទី៣ ត្រៀមទៅបោះជំរំ មុនទៅប្រកួតប្រជែងជើងឯកអាស៊ីផ្នែកនារី នៅខែវិច្ឆិកា ឆ្នាំ ២០២១ ដោយមានប្រទេសចូលរួមចំនួន ៣០។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣១ ឆ្នាំ ២០២១ នេះ ក្រុមហុកគីកម្ពុជាគ្មានវត្តមាននោះទេ។ លោក កាំង សុធា បានបញ្ជាក់ថា៖ «ការអនុញ្ញាតឱ្យកីឡាហុកគី ទទួលបានការប្រមូលផ្តុំមានថវិកាប្រតិបត្តិការសកម្មភាពលើកដំបូងនេះ គឺក្រុមហុកគី មិនទាន់ទទួលបានសិទ្ធិអនុញ្ញាតទៅប្រកួតស៊ីហ្គេមលើកទី៣១ ក្រុងហាណូយ ប្រទេសវៀតណាម នៅចុងឆ្នាំ ២០២១ នេះ នៅឡើយទេ ប៉ុន្តែគណៈកម្មការ CAMSOC បានចុះបញ្ជីវត្តមានកីឡាហុកគីនេះ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរួចរាល់ហើយ»។
យ៉ាងណាមិញ សម្រាប់ការត្រៀមខ្លួនចូលរួមប្រកួតកីឡាហុកគីជើងឯកអាស៊ី នៅប្រទេសថៃ ចុងឆ្នាំនេះ លោក រ៉ាណា ដែលជាគ្រូបង្វឹកជំនួយសហព័ន្ធកីឡាហុកគីកម្ពុជា បានបញ្ជាក់ថា៖ «សម្រាប់ការត្រៀមចូលរួមប្រកួតនេះ សហព័ន្ធនឹងបញ្ជូនក្រុមជម្រើសជាតិនារី ១ ក្រុម ទៅចូលរួមប្រកួត ដោយមានទំនុកចិត្តថា នឹងទទួលបានចំណាត់ថ្នាក់ល្អ»។
គ្រូជំនួយរូបនេះ បានប្រាប់បន្ថែមទៀតថា៖ «បច្ចុប្បន្នក្រុមនារីជម្រើសជាតិហុកគីកម្ពុជា បាននឹងកំពុងបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ព្រោះបញ្ហាកូវីដ ១៩ ប៉ុន្តែមានការត្រួតពិនិត្យទៅលើការហ្វឹកហាត់ពីសំណាក់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគ្រូបង្វឹកជាប់ជានិច្ច»៕