
សមាសភាពគូប្រកួត ដែលត្រូវប្រកួត នៅលើសង្វៀន PNN នារសៀលថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ។ រូបថត សហការី
ភ្នំពេញ៖ អតីតកីឡាករជើងខ្លាំង ពេជ្រ សុផាន់ ដែលបានវិវឌ្ឍខ្លួនទៅជាគ្រូបង្វឹកទៅហើយនោះ មានការជឿជាក់ថា កីឡាករជើងចាស់ ឯម សុធី នឹងនៅតែអាចយកឈ្នះលើអ្នកប្រដាល់ជើងថ្មី ឡុង រ៉ាមី សម្រាប់ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ ទម្ងន់ ៥៧ គីឡូក្រាម នៅលើសង្វៀន PNN នាថ្ងៃអាទិត្យនេះ បើទោះបីជាមួយរយៈចុងក្រោយនេះ ឯម សុធី បានប្រកួតចាញ់ញឹកញាប់ក៏ដោយ។
ឯម សុធី ជាកីឡាករ ធ្លាប់មានសមត្ថភាពល្អ មានបទពិសោធច្រើន ព្រមទាំងមានស្នៀតជង្គង់ស្រួចស្រាវ ក្នុងការផ្តួលដៃគូ កន្លងមក ប៉ុន្តែមួយរយៈចុងក្រោយនេះ គេហាក់ដូចជាធ្លាក់ចុះនូវកម្លាំង ក៏ដូចវិជ្ជាគុនជាងមុន ព្រោះ ៣ ប្រកួតចុងក្រោយនេះ ឯម សុធី បានចាញ់ជើងថ្មី សំ អាន ចាញ់ ធន់ វណ្ណា និង ចាញ់ រឿម វណ្ណៈ តែពេលនេះរូបគេបានផ្លាស់ប្តូរមកហ្វឹកហាត់ជាមួយ ពេជ្រ សុផាន់ ត្រៀមការប្រកួតខ្សែក្រវាត់នេះ។
លោក ពេជ្រ សុផាន់ ជាគ្រូបង្វឹក បាននិយាយថា៖ «តាមពិត ឯម សុធី មិនទាន់ផ្លាស់មកនៅក្នុងក្លិបចលនាយុវជនកម្ពុជា ១៥៧ ជាផ្លូវការទេ ប៉ុន្តែដោយក្លិបរបស់គាត់ នៅឆ្ងាយផង គាត់បានមកសុំហាត់ នៅកន្លែងខ្ញុំ រយៈពេលយូរមកហើយដែរ ដើម្បីបំប៉នកម្លាំង ត្រៀមការប្រកួតដណ្តើមខ្សែក្រវាត់នៅ PNN នេះ»។
លោក ពេជ្រ សុផាន់ បានបន្ថែមថា៖ «តាមការហ្វឹកហាត់ជាមួយខ្ញុំផ្ទាល់ ដើម្បីត្រៀមប្រកួតជាមួយ ឡុង រ៉ាមី លើកនេះ ខ្ញុំគិតថា ឯម សុធី មានប្រៀបខ្លាំង គឺអាចមានលទ្ធភាពឈ្នះខ្ពស់ ដែលខ្ញុំមានជំនឿឈ្នះ ដល់ទៅ ៩០ ភាគរយ ទោះបីមួយរយៈនេះ ឯម សុធី បានប្រកួតចាញ់ញឹកក៏ដោយ ព្រោះកីឡាករជើងចាស់ នៅមានចំណុចពិសេស គឺស្នៀតការពារបានល្អ និងជំនាញចាប់ចំណុចខ្សោយរបស់ដៃគូ ដើម្បីយកប្រៀបឈ្នះ»។
ចំណែក ឡុង រ៉ាមី ជាកីឡាករជើងថ្មី មានបទពិសោធខ្ចីវស្សាជាង ឯម សុធី ប៉ុន្តែកម្លាំងរបស់គេនៅក្មេង ខ្លាំងល្អជាង ឯម សុធី។ យ៉ាងណាក៏ដោយ នៅក្នុងការប្រកួតនេះ ទោះ ឡុង រ៉ាមី ទទួលបានលទ្ធផលយ៉ាងណា ឬចាញ់ ក៏ជារឿងសាមញ្ញដែរ ព្រោះគេទើបតែឡើងមក ដើម្បីប្រកួតស្វែងរកបទពិសោធបន្ថែម។
លោក មាស វណ្ណឌី ជាគ្រូបង្វឹក បាននិយាយថា៖ «មួយរយៈនេះ ឡុង រ៉ាមីហាត់បានល្អ ហើយឡើងប្រកួត គឺវ៉ៃបានល្អ ប៉ុន្តែយើងមិនហ៊ានថា យកឈ្នះជើងចាស់បានប៉ុន្មានភាគរយនោះទេ។ តែទោះបីជាយ៉ាងណា ឡុង រ៉ាមី ធានាវ៉ៃអស់ពីសមត្ថភាព ហើយលទ្ធផលយ៉ាងណា លុះពេលប្រកួតចប់ ទើបនិយាយមិនខុស»។
យ៉ាងណាក៏ដោយ គ្រូបង្វឹករូបនេះ បានបញ្ជាក់ថា៖ «ឡុង រ៉ាមី មានក្បាច់សម្លាប់ល្អ កណ្តាប់ដៃល្អ ព្រមទាំងមានជង្គង់ និងកម្លាំងល្អជាងដែរ ហេតុនេះតាមខ្ញុំមើល ការចាញ់ឈ្នះ គឺជាការប្រកួតតឹងតែងណាស់ ព្រោះចាញ់ធ្លាក់ៗ អ៊ីចឹងម្នាក់ៗសុទ្ធតែប្រឹងចង់ឈ្នះ ដើម្បីឆ្លងផុតទៅវគ្គបន្តដូចគ្នា»។
តាមប្រវត្តិប្រកួត ដែលទទួលបានពីគណៈកម្មការផ្គូផ្គង គឺកីឡាករ ឯម សុធី ប្រកួតបាន ១២៣ ដង ឈ្នះ ៨០ ចាញ់ ៣៨ ស្មើ ៥ ក្នុងនោះផ្តួលដៃគូឱ្យសន្លប់បាន ២៥ ដង។ ចំណែក ឡុង រ៉ាមី ប្រកួតបាន ៧៤ ដង ឈ្នះ ៤៩ ចាញ់ ២០ ស្មើ ៥ ដង ដោយក្នុងនោះធ្លាប់ផ្តួលដៃគូឱ្យសន្លប់បាន ៩ ដង។
ជាមួយគ្នានេះ លោក ស្រ៊ឺ ស្រេង ហៅ សំណព្វ អ្នកផ្គូផ្គងប្រចាំសង្វៀន PNN បានប្រាប់និយាយថា ក្រៅពីគូខ្សែក្រវាត់នេះ យើងបានផ្តល់ឱកាសឱ្យគូពន្លកគុនខ្មែរវ៉ៃម៉ារ៉ាតុង ទម្ងន់ស្រាល ដោយក្នុងនោះ កីឡាករ ឡុង ពិសិដ្ឋ ត្រូវប៉ះ ឌឿន សុខលីម ហើយ ថុល ថេង ជួប ឡៅ សៃណេត ក្នុងទម្ងន់ ៤៨ គីឡូគ្រាម ដើម្បីដណ្តើមប្រាក់ ១,២លានរៀល ខណៈការប្រកួត OneStike វ៉ៃ ២ទឹក ក្នុង ១ ទឹកមាន ៧ នាទី គឺជាការជួបគ្នារបស់ ជ័រ ពៅ និង ភិន សុចាន់ទី៕