ភ្នំពេញ៖ ការ​ចាប់​គូ​ប្រ​កួត​របស់​​កីឡាករ​មាន​សមត្ថភាព​កម្រិត​មធ្យម ​ឬ​ក្រោម​មធ្យម​ពិត​ជា​លំបាក​ស្វែង​រក​ការ​ប្រ​កួត​ណាស់​ ប៉ុន្តែ​សម្រាប់​កីឡាករ​ឆ្នើមៗ​ លំដាប់​ជួរ​មុខ​ មិន​លំបាក​ស្វែង​រក​ការ​ប្រ​កួត​នោះ​ទេ ​ទោះ​បី​សម័យ​កូវីដ ​១៩ ​រាតត្បាត​ក៏​ដោយ​។ ​បន្ថែម​ពី​លើ​នេះ​ ការ​ចាប់​គូ ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា ​មិន​ទាន់​ផ្តាច់​ចេញ​ពី​ការ​និយម​បក្ខ​ពួក​ទាំង​ស្រុង​នៅ​ឡើយ​​ទេ ​ដែលធ្វើ​ឱ្យ​​កីឡាករ​មិន​សូវ​ល្បី​ពិត​ជា​លំបាក​រក​ការ​ប្រកួត​មែន​។​

ជាក់ស្តែង ​អ្នក​ប្រដាល់​ឆ្នើម​កម្រិត​មធ្យម លី តឿន ​ដែល​មាន​មុខ​របរ​បន្ថែម​ជា​កម្មករ​សំណង់នោះ​ កំពុង​តែ​ជួប​បញ្ហា​ជីវភាព​ធ្ងន់​ធ្ងរ ​ព្រោះ​ការ​​​​ជាប់​គាំង ដោយសារ​កូវីដ ​១៩ នេះ រូបគេ​គ្មាន​​ការ​ងារ​​ធ្វើ ​ហើយ​រយៈ​ពេល ​៦ ​ខែមកនេះ ​គេ​បានឡើង​ប្រកួត​​តែ​​ ២​ ដង​ប៉ុណ្ណោះ​។​ បន្ថែម​ពី​លើ​នេះ​ ​លី​ តឿន​ បាន​ប្រ​សូត្រ​កូន​ភ្លោះ​ម្តង​​ ២ ​ធ្វើ​ឱ្យ​​ស្ថាន​ភាព​ជីវភាព​ កាន់​តែ​លំបាក ​រក​អា​ហារ​ឱ្យ​​កូន ​និង​ប្រពន្ធ​ ហូប​មិន​បាន។

​ជាមួយ​ភាពទីទល់នេះ លី តឿន បានដាច់ចិត្ត សរសេរ​លិខិតមួយ​ច្បាប់ រៀបរាប់ពី​ទុក្ខលំបាក​របស់ខ្លួន ហើយបាន​​​ផ្ញើ​តាម​រយៈ​មិត្ត​ភ័ក្តិ​ជា​កីឡាករ​ដូច​គ្នា​ដើម្បីឱ្យបណ្តាញ​សារព័ត៌មាន ​ជួយ​ផ្សព្វ​ផ្សាយ ដោយ​សង្ឃឹម​ថា ដំណឹង​នេះ នឹង​លេចឮ​ទៅ​ដល់​អ្នកមានចិត្តធម៌ និងសប្បុរសជនជិតឆ្ងាយ ក្រែន​មាន​អ្នក​ជួយ​ឧបត្ថម្ភ ដើម្បី​បាន​អាហា​ចិញ្ចឹម​កូន​ខ្ចី និង​គ្រួសារ​របស់ខ្លួន ​ដែល​គ្មាន​លទ្ធភាព។

​នៅ​ក្នុង​លិខិត​ត្អូញ​ត្អែរ​នោះ​ លី​ តឿន ដែល​គ្មានទាំង​ទូរស័ព្ទតម្លៃថោកៗ​​ប្រើផង​នោះ ​បាន​សរសេរ​រៀប​រាប់​ថា​៖ «​ខ្ញុំ​បាទ​ឈ្មោះ​ លី​ តឿន​ និង​ប្រពន្ធ​ឈ្មោះ​ សួន ​តូច ​បច្ចុប្បន្ន​រស់​នៅ​ភូមិ​អង្គជ័យ​ ឃុំ​អង្គជ័យ ​ស្រុក​អង្គជ័យ ​ខេត្ត​កំពត​។ ​ខ្ញុំ​បាទ ​ជួប​ប្រទះ​នូវ​ជីវភាព​លំបាក​ខ្លាំង ​រក​អាហារ​ឱ្យ​​ប្រពន្ធ​ និង​កូន​ហូបមិន​បាន​ទេ​ព្រោះ​ការងារ​ធ្វើ​កម្មករ​សំណង់ ​ត្រូវ​បាន​ផ្អាក»។

កីឡាករ​ជួបភាពទីទល់ក្រ លី តឿន បានបន្ថែម​ថា៖ ​«ចំណែក​ការ​​ហ្វឹក​ហាត់​ឡើង​ប្រ​កួត​ ចាប់​គូ​មិន​បាន​ ដោយ​ក្នុង​​ពេល​ជំងឺ​កូវីដ ១៩ ​រាត​ត្បាត​រយៈ​ពេល​ជាង​ ៦​ ខែនេះ ខ្ញុំ​បាន​ប្រ​កួត​តែ​ ២​ លើក​ទេ ដោយ​ប្រ​កួត​ម្តងៗ​ ឈ្នះ​បាន​តែ​ ៤០​ ម៉ឺន​រៀល​។ ខ្ញុំ​បាទ​ និង​ប្រពន្ធ​ មាន​កូន​​​ភ្លោះ​ចំនួន​ ២ ​ហូប​មិន​គ្រប់​គ្រាន់ ​ធ្លាក់​ខ្លួន​ឈឺ ​ហេតុនេះ ខ្ញុំសូម​គោរព​ និងស្នើ​សុំ​បង​ប្អូន ​ដែល​មាន​ចិត្ត​អាណិត​អាសូរ ​មេត្តា​ជួយ​ដល់ពួក​ខ្ញុំផង​។ ខ្ញុំ​​អាណិត​កូនៗណាស់ ដែល​​កើត​មក ​គ្មាន​ទឹក​ដោះ​បំបៅ​ឡើយ​»។

​កាល​ពី​សប្តាហ៍​មុន ​លី ​តឿន​ ទទួល​បាន​ឱកាស​ឡើង​ប្រ​កួត ​នៅ​សង្វៀន​បាយ័ន​ ដោយ​ប្រកួត​ជា​មួយ​កីឡាករ ​ថាន់​ បំរ៉ុង ហើយ​​ទទួល​បាន​​លទ្ធផល​ចាញ់​ពិន្ទុ​យ៉ាង​គ្រាំ​គ្រា​ខ្លួន​ ទទួល​បាន​តម្លៃ​ខ្លួន​ប្រ​កួត​ចំនួន​ ៣៥ ​ម៉ឺន​​រៀល​ ប៉ុន្តែ​មាន​កីឡាករ​ជាមិត្តភ័ក្តិមួយ​ចំនួន​ គេ​អាណិត ក៏​​បាន​ជួយ​ឧបត្ថម្ភ​​ប្រាក់​ខ្លះ​ទៀត ​ដើម្បី​ជួយ​ទិញ​អង្គរ ​និង​ថ្នាំ​ឱ្យ​​កូន​ខ្ចី​ភ្លោះ​ទាំង​ពីរ ​នៅ​ឯ​ស្រុក​។​

លី​ តឿន​ ជា​កីឡាករ​ធ្លាប់​នៅ​ក្លិប​មិត្ត​ប៉ូលិស​ មុន​​ប្តូរ​មក​ក្លិប​មកុដ​រាជសីហ៍​ដែល​មាន​លោក​គ្រូ ​គង់​ ចាន់​ធីណា​ ជាអ្នក​គ្រប់​គ្រង​។ ​កីឡាករ លី ​តឿន​ បាន​សារភាព​ដោយចិត្តស្ម័គ្រ​ថា​៖ «​ខ្ញុំ​ពិត​ជា​ទី​ទាល់​ក្រ​មែន ហើយ​​ប្រហែល​៣​ខែ ​បាន​ប្រកួត​ម្តង គឺ​​មិន​អាច​រស់​បាន​ទេ»​។

អ្នក​ប្រដាល់ដ៏កម្សត់ លី​ តឿន​ បាន​បញ្ជាក់ថា៖ ​«មុន​កូវីដ ​១៩ ​ទោះ​ខ្ញុំ ​មិន​សូវ​បាន​ប្រ​កួត ​ក៏​មាន​ការ​ងារ​ធ្វើ​ជា​កម្មករ​សំណង់​ដែរ ​ហើយ​ប្រពន្ធ​គាត់ ​រែក​នំ​បញ្ចុក​លក់ ​គឺ​អាច​ទប់​ទល់​ជីវភាព​បាន ​ប៉ុន្តែ​ពេល​នេះ​កូន​ខ្វី​ភ្លោះ​ពីរ ​ហើយ​មិន​បាន​លក់​ដូ ​ថែម​ទាំង​គ្មាន​ការងារ​ទៀត​។​ ​មុន​សម័យ​កូវីដ ​១៩ ​ទោះ​ជា​គ្មាន​ប្រាក់​ ក៏​ខ្ញុំ​មិន​ដែល​ចេះ​ត្អូញ​ត្អែរ​ពី​ក្រ​លំបាក​ដែរ​ ដោយ​​នៅ​តែ​ស្វែង​រក​ការងារ​បាន​ធ្វើ ​និង​បាន​ប្រ​កួត​ញឹក​ញាប់​ផង​ដែរ ប៉ុន្តែ​​ឥឡូវ​ដាច់​ចិត្ត​សុំ ​ដើម្បី​រស់​ប៉ុណ្ណោះ​»។​

ចំណែក​លោក​ គង់​ ចាន់​ធីណា​ បាន​និយាយ​ថា​៖ ​«កីឡាករ​ លី ​តឿន ​នេះ​ គ្នា​លំបាក​ក្រី​ក្រ​ណាស់! និយាយ​ទៅ​ទាល់​ក្រ​តែ​ម្តង​ ​ព្រោះ​ប្រពន្ធ​មាន​កូន​ខ្ចី​ កូន​ភ្លោះ ២​ គ្មាន​ម្តាយ​ឪពុក​ រស់​នៅ​ជាមួ​យ​ទេ​។ ​ខាង​ក្លិប​ក៏គ្មាន​លទ្ធភាព​ជួយ​ដែរ​ ព្រោះនៅ​ក្នុង​ពេល​កូវីដ ១៩​ នេះ​ លំបាក​ដូច​គ្នា»។

​​ប្រធាន​ក្លិបមកុដរាជសីហ៍​ លោក ចាន់ធីណា បាន​បន្ថែម​ថា៖​«​ចំណែក​កីឡាករ​នៅ​ក្នុង​ក្លិប​មួយ​ចំនួនទៀត ​ក៏​លំបាក​ គឺ​ការ​រស់នៅដំណើរ​ការ​បាន ដោយ​សារ​មិត្ត​ភ័ក្តិ​​ជួយ​បាន​ខ្លះ​តែ​ប៉ុណ្ណោះ​។​ ឥឡូវ ​លី ​តឿន ​មក​ហាត់​នៅ​ក្លិប​ដើម្បី​ស្វែក​រក​ការ​ប្រ​កួត​ឱ្យ​​បាន​ញឹក​ញាប់ ​ហើយ​ខ្ញុំ​ក៏​ស្នើ​ឱ្យ​​ព័ត៌មាន​ ជួយ​ផ្សាយ​ឱ្យ​​គ្នា​ផង ​ដើម្បី​បាន​អាហារ​ជួយ​ប្រពន្ធ ​និង​កូន​តូច​ៗ»​។​

គួរ​​បញ្ជាក់ថា កីឡាករ​ លី​ តឿន​ មាន​ស្រុក​កំណើត​ នៅ​ភូមិ​ត្រពាំង ​ព្រៃ​ឃុំ​គ្រាំង​ដេវ៉ាយ​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់​ស្ពឺ​ ហើយបានទៅ​រស់​នៅ​ខាងប្រពន្ធ​ ស្ថិត​នៅ​ភូមិ​អង្គជ័យ​ ឃុំ​អង្គជ័យ​ ស្រុក​អង្គជ័យ​ ខេត្ត​កំពត ​មាន​មុខ​របរ​បន្ថែម​ធ្វើ​កម្មករ​សំណង់ ​និង​រែក​នំ​បញ្ចុក​លក់​។

​បច្ចុប្បន្ន​ លី តឿន ​មាន​អាយុ​ ២៩ ​ឆ្នាំ ​ជា​កីឡាករ​លំដាប់​កម្រិត​មធ្យម ​វ៉ៃ​ក្នុង​ទម្ងន់ ​៦០​ គីឡូក្រាម​ តែ​​ធ្លាប់​ដណ្តើម​បាន​ជើង​ឯក​រង ការ​ប្រកួត​​ថ្នាក់​ជាតិ​ម្តង​។​ចំណែក​បទ​ពិសោធ​ឡើង​ប្រកួត នៅ​លើ​​សង្វៀនវិញ លី តឿន ​មាន​ប្រវត្តិ​ប្រ​កួត​បាន​ ៧៦​ ដង ​ឈ្នះ​ ៥៣​ ​ចាញ់ ​២២​ និង​​ស្មើ​ ១​ ដង ​ក្នុង​នោះធ្លាប់​​ផ្តួល​ដៃ​គូ​ឱ្យ​​សន្លប់​បាន​ ៥​ ដង​៕​​